មានរូបថតមួយធ្វើឲ្យខ្ញុំអស់សំណើច។ ក្នុងរូបនោះ ខ្ញុំឃើញហ្វូងមនុស្សកំពុងតែឈរសងខាងផ្លូវ ជាជួរ នៅប្រទេសម៊ិចស៊ីកូ ដោយគ្រវីទង់ជាតិ និងបាចក្រដាស់តូចៗ ខណៈពេលដែលពួកគេកំពុងរង់ចាំអ្នកដឹកនាំសាសនាម្នាក់។ មានកូនឆ្កែអនាថាមួយ កំពុងតែដើរនៅលើផ្លូវថ្នល់នោះ។ មើលទៅវា ហាក់ដូចជាមានទឹកមុខញញឹម គឺធ្វើមើលតែហ្វូងមនុស្សកំពុងតែអបអរវាអញ្ចឹង។ បាទ! សត្វឆ្កែនីមួយៗគួរតែមានថ្ងៃដ៏រីករាយរបស់ពួកវា។
កូនឆ្កែអនាថា ដែលបានដណ្តើមមុខមាត់របស់ជនល្បីឈ្មោះនោះ គឺគួរឲ្យស្រឡាញ់ណាស់ ប៉ុន្តែ ការលួចការសរសើរពីនរណាម្នាក់ អាចបំផ្លាញខ្លួនយើង។ ស្តេចដាវីឌបានជ្រាបអំពីបញ្ហានេះ ហេតុនេះហើយបានជាទ្រង់បដិសេធមិនព្រមសោយទឹក ដែលអ្នកខ្លាំងពូកែរបស់ទ្រង់បានប្រថុយជីវិត ទៅយកមកថ្វាយទ្រង់។ មុននោះ ទ្រង់មានបន្ទូល ដោយភាពសញ្ចប់សញ្ចឹងថា បើសិនជានរណាម្នាក់អាចទៅដងទឹកពីអណ្តូង នៅបេថ្លេហិមមកថ្វាយទ្រង់ នោះមិនដឹងជាល្អយ៉ាងណាទេ។ ទាហានរបស់ទ្រង់បីនាក់បានគិតថា ទ្រង់ពិតជាចង់ឲ្យគេទៅដងទឹកនោះមែន។ ពួកគេក៏បានឆ្លងកាត់ខ្សែត្រៀមរបស់សត្រូវ ចូលទៅដងទឹកនោះយកមកថ្វាយទ្រង់។ ពេលនោះស្តេចដាវីឌមានព្រះទ័យភ្ញាក់ផ្អើលជាពន់ពេក ហើយមិនព្រមសោយទឹកនោះទេ តែបានចាក់ច្រួចទឹកនោះថ្វាយព្រះអម្ចាស់ ធ្វើជាដង្វាយទឹកវិញ(២សាំយ៉ូអែល ២៣:១៦)។
របៀបដែលយើងឆ្លើយតប ចំពោះការសរសើរ និងការផ្តល់កិត្តិយស អាចនាំឲ្យគេដឹងថា យើងជាមនុស្សប្រភេទណា។ ពេលណាការសរសើរណាមួយ សក្តិសមនឹងឲ្យអ្នកដទៃ ជាពិសេសព្រះអម្ចាស់ទទួល នោះចូរយើងជៀសវាងការចង់បានការសរសើរនោះ សម្រាប់ខ្លួនយើង។ បើគេផ្តល់កិត្តិយស ឬការសរសើរឲ្យយើង នោះចូរអរគុណគេ ហើយពង្រីកការសរសើរនោះ ដោយថ្វាយសិរីល្អទាំងអស់ដល់ព្រះយេស៊ូវ។ ចូរយើងចាក់ច្រួចការសរសើរនោះ ដូចជាដង្វាយទឹកថ្វាយដល់ព្រះអង្គ។—Mike Wittmer