ខណៈពេលដែលខ្ញុំដើរចូលទៅក្នុងការិយាល័យរបស់អ្នកគ្រប់គ្រងថ្មីរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថា ខ្វះទំនុកចិត្ត។ អ្នកគ្រប់គ្រងចាស់របស់ខ្ញុំ បានដឹកនាំដោយភាពតឹងរឹង និងអំណួត។ គាត់បានធ្វើឲ្យខ្ញុំ និងអ្នកដទៃទៀតទឹកភ្នែក ជាញឹកញាប់។ ឥឡូវនេះ ខ្ញុំឆ្ងល់ថា តើចៅហ្វាយថ្មីរបស់ខ្ញុំ នឹងមានអត្តចរិតដូចម្តេចដែរ?
បន្ទាប់ពីខ្ញុំបោះជំហានចូលការិយាល័យរបស់ចៅហ្វាយថ្មីរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថា ការភ័យខ្លាចរបស់ខ្ញុំក៏បានថមថយ ខណៈពេលដែលគាត់បានទទួលស្វាគមន៍ខ្ញុំយ៉ាងកក់ក្តៅ ហើយប្រាប់ខ្ញុំឲ្យចែកចាយ អំពីខ្លួនខ្ញុំ និងអំពីភាពនឿយណាយរបស់ខ្ញុំ។ គាត់បានស្តាប់ខ្ញុំនិយាយ ដោយយកចិត្តទុកដាក់។ តាមរយៈការបង្ហាញចេញអាកប្បកិរិយាដ៏សប្បុរស និងពាក្យសម្តីដ៏សុភាពរបស់គាត់ ខ្ញុំអាចមើលដឹងថា គាត់ពិតជាយកចិត្តទុកដាក់មែន។ គាត់ជាអ្នកជឿព្រះយេស៊ូវ ហើយក៏បានក្លាយជាអ្នកណែនាំការងារ លើកទឹកចិត្ត និងជាមិត្តភក្តិរបស់ខ្ញុំ។
សាវ័កប៉ុលបានធ្វើជាគ្រូខាងវិញ្ញាណ របស់លោកទីតុស “ជាកូនពិតតាមសេចក្តីជំនឿ”(ទីតុស ១:៤)។ ក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើលោកទីតុស គាត់បានផ្តល់ឲ្យលោកទីតុស នូវការបង្រៀន និងណែនាំដ៏មានប្រយោជន៍ សម្រាប់តួនាទីរបស់លោកទីតុសនៅព្រះវិហារ។ គាត់មិនគ្រាន់តែបានបង្រៀនប៉ុណ្ណោះទេ តែថែមទាំងបានធ្វើជាគំរូ ក្នុងការបង្រៀន “តាមគោលលទ្ធិដែលត្រឹមត្រូវ”(២:១) ធ្វើជាគំរូល្អ ដោយធ្វើតែអ្វីដែលល្អ ហើយនិយាយអ្វីដែលត្រឹមត្រូវ ដែលរកចាប់ទោសមិនបាន(ខ.៧-៨)។ ហេតុនេះហើយ លោកទីតុសក៏បានក្លាយជាគូកន ប្អូនប្រុស និងមិត្តរួមការងារ(២កូរិនថូស ២:១៣ ៨:២៣) និងជាអ្នកបណ្តុះបណ្តាលដល់អ្នកដទៃ។
មនុស្សជាច្រើនបានទទួលផលប្រយោជន៍ពីអ្នកបណ្តុះបណ្តាលផ្ទាល់ខ្លួន ដែលមានដូចជាគ្រូបង្រៀន គ្រូបង្វឹក ជីដូនជីតា អ្នកដឹកនាំយុវជន ឬគ្រូគង្វាលជាដើម ដែលពួកគេបានណែនាំយើង ដោយប្រើចំណេះដឹង ប្រាជ្ញា ការលើកទឹកចិត្ត និងជំនឿលើព្រះ។ តើនរណាអាចទទួលប្រយោជន៍ពីមេរៀនខាងវិញ្ញាណ ដែលអ្នករៀនបាន ក្នុងការធ្វើដំណើររបស់អ្នកជាមួយព្រះយេស៊ូវ?—Alyson Kieda