មាន​ពេល​មួយ​ខ្ញុំ​បាន​ទទួល​ដំណឹង​ដ៏​តក់​ស្លត់។ ឪពុក​របស់​ខ្ញុំ​ទើប​តែ​បាន​រួច​ជីវិត ​ពី​ជំងឺ​មហា​រីក​ក្រពេញ​ប្រូស្តាត តែ​ពេល​នេះ គាត់​បាន​ពិនិត្យ​សុខ​ភាព​រក​ឃើញ​ជំងឺ​មហា​រីក​លំពែង​ទៀត។ រឿង​កាន់​តែ​ស្មុគ្រ​ស្មាញ ព្រោះ​ឪពុក​ខ្ញុំ​ជា​អ្នក​មើល​ថែរ​ម្តាយខ្ញុំ​ពេញ​ពេល ដោយ​សារ​ម្តាយ​ខ្ញុំ​មាន​ជម្ងឺ​ដ៏​រាំ​រ៉ៃ​មួយ​ចំនួន។ ដោយសារ​ពេល​នេះ ឪពុក​ម្តាយ​ខ្ញុំ​សុទ្ធ​តែ​ត្រូវ​ការ​ការ​មើល​ថែរ​ដូច​គ្នា នោះ​ខ្ញុំ​នឹង​ជួប​ការ​ពិបាក​ជា​ច្រើន​នៅ​ថ្ងៃ​ខាង​មុខ។​

បន្ទាប់​ពី​ខ្ញុំ​បាន​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ ត្រឡប់​មក​ផ្ទះ​វិញ ដើម្បី​នៅ​ជា​មួយ​ពួក​គាត់ ខ្ញុំ​ក៏​បាន​ទៅ​ព្រះវិហារ​របស់ឪពុក​ម្តាយ​ខ្ញុំ នៅ​ថ្ងៃ​អាទិត្យ។ នៅ​ទីនោះ មាន​បុរស​ម្នាក់ ឈ្មោះ ហ៊ែលមុត(Helmut) បាន​ដើរ​មក​រក​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ថា គាត់​ចង់​ជួយ។ ពីរថ្ងៃ​ក្រោយ​មក គាត់​ក៏​បាន​មក​ផ្ទះ​ខ្ញុំ ដោយ​នាំ​យក​ក្រដាស់​បញ្ជី​កិច្ចការ​ដែល​ត្រូវ​ធ្វើ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​នឹង​ត្រូវ​ការ​អ្នក​ជួយរៀប​ចំ​ម្ហូប​អាហារ ពេល​ដែល​ឪពុក​ខ្ញុំ​ចាប់​ផ្តើម​ចាក់​ថ្នាំ​កេម៉ូ។ គាត់​នឹង​រៀប​ចំ​បញ្ជី​មុខ​ម្ហូប។ គាត់​ក៏​បាន​ស្ម័គ្រ​ចិត្ត​ជួយ​កាត់​ស្មៅ នៅ​ទីធ្លា​មុខ​ផ្ទះ​ខ្ញុំ​ទៀត។ គាត់​ក៏​បាន​សួរ​ទៀត​ថា “តើ​គេ​មក​ប្រមូល​សម្រាម​នៅ​ផ្ទះ​អ្នក​ នៅ​ថ្ងៃ​ណា?” លោក​ហ៊ែលមុត ជា​អ្នកបើក​ឡាន​កុងតៃន័រ ដែល​បាន​ចូល​និវត្តន៍ ប៉ុន្តែ គាត់​ប្រៀប​បាន​នឹង​ទេវតា​ដែល​ព្រះ​ទ្រង់​បាន​ចាត់​មក។ យើង​ក៏​បាន​ដឹង​ថា គាត់​បាន​ជួយ​យក​អសារ​អ្នក​ដទៃ​ទៀត​ជា​ញឹក​ញាប់ ដែល​មាន​ដូច​ជា​ស្រ្តី​មេម៉ាយ ជន​អនាថា និង​ចាស់​ជរា។​

ព្រះ​យេស៊ូវ​បាន​ត្រាស់​ហៅ​អ្នក​ដើរ​តាម​ព្រះ​អង្គ ឲ្យ​ជួយ​អ្នក​ដទៃ​(លូកា ១០:២៥-៣៧) តែ​ទន្ទឹម​នឹង​នោះ អ្នក​ខ្លះ​មាន​សមត្ថ​ភាពពិសេស ដើម្បី​ជួយ​គេ។ សាវ័ក​ប៉ុល​បាន​ហៅ​សមត្ថ​ភាព​នោះ​ថា អំណោយ​ទាន​នៃ​សេចក្តី​មេត្តា​ករុណា​(រ៉ូម ១២:៨)។ អ្នក​ដែលមាន​អំណោយ​ទាន​នេះ មើល​ឃើញ​តម្រូវ​ការ​អ្នក​ដទៃ ស្វះ​ស្វែង​រក​ជំនួយ​ដែល​ចាំ​បាច់ ហើយ​អាច​បម្រើ​លើស​ម៉ោង ដោយ​មិន​គិត​ថា ពិបាក​ពេក។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​បណ្តាល​ចិត្ត​ពួក​គេ ដែល​មាន​តួនាទី​ដូច​ជា​ព្រះហស្ត ក្នុង​ព្រះ​កាយ​ព្រះ​យេស៊ូវ ដែល​ឈោង​ទៅ​ពាល់​របួស​របស់​យើង(ខ.៤-៥)។

ថ្មី​ៗ​នេះ ឪពុក​ខ្ញុំ​បាន​ចាក់​ថ្នាំ​កេម៉ូ នៅ​ថ្ងៃ​ទី​មួយ​ហើយ។ លោក​ហ៊ែលមុត បាន​បើក​ឡាន​ជូន​គាត់ ទៅ​មន្ទីរ​ពេទ្យ។ នៅ​យប់​នោះ ទូទឹកក​របស់​ឪពុក​ម្តាយ​ខ្ញុំ មាន​ពេញ​ដោយ​ម្ហូប​អាហារ។

សរុប​មក ព្រះ​ទ្រង់​បាន​បង្ហាញ​សេចក្តី​មេត្តា​ករុណា តាម​រយៈ​ដៃ​របស់​អ្នក​បើក​ឡាន​កុងតៃន័រ​ម្នាក់​នេះ។​—Sheridan Voysey