លោកអះស្តុន(Ashton) និងអូស្ទីន ស៊ែមញួលសាន់(Austin Samuelson) បានបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យគ្រីស្ទបរិស័ទ ដោយចិត្តឆេះឆួល ចង់បម្រើព្រះយេស៊ូវ។ ទោះជាយ៉ាងណាក៏ដោយ អ្នកទាំងពីរមិនបានគិតថា ព្រះទ្រង់ត្រាស់ហៅពួកគេឲ្យធ្វើការបម្រើព្រះអង្គ ក្នុងពួកជំនុំនោះឡើយ។ ជាការពិតណាស់ ពួកគេបានចេញទៅបម្រើព្រះអង្គ ក្នុងពិភពខាងក្រៅ។ ពួកគេក៏បានប្រើជំនាញធ្វើអាជីវកម្ម រួមផ្សំនឹងចិត្តដែលចង់បញ្ចប់ភាពអត់ឃ្លានរបស់កុមារ ហើយនៅឆ្នាំ២០១៤ ពួកគេក៏បានបើកភោជនីដ្ឋានលក់នំតាកូ។ តែវាខុសពីភោជនីយដ្ឋានដទៃ។ បងប្អូនស៊ែមញួលសាន់ទាំងពីរនាក់ ក៏បានធ្វើអាជីវកម្ម ដោយផ្អែកទៅលើគោលការណ៍ទិញមួយ បរិច្ចាកមួយ។ សម្រាប់នំតាកូដែលពួកគេលក់បានមួយដុំ ពួកគេបានបរិច្ចាកប្រាក់ ដើម្បីផ្តល់អាហារមួយពេល ដែលបានរៀបចំ ដើម្បីបំពេញតម្រូវការនៃជីវជាតិរបស់ក្មេងៗ ដែលខ្វះជីវជាតិ។ សព្វថ្ងៃនេះ ពួកគេបានធ្វើការបរិច្ចាកដល់កុមារក្រីក្រ ក្នុងប្រទេសជាង៦០។ គោលដៅរបស់ពួកគេ គឺដើម្បីធ្វើជាផ្នែកមួយនៃការបញ្ចប់ភាពអត់ឃ្លានរបស់កុមារ តាមរយៈការលក់តាក់កូបានមួយ ជួយបានម្នាក់។
ព្រះបន្ទូលព្រះយេស៊ូវ ក្នុងបទគម្ពីរ ម៉ាថាយ ជំពូក១០ គ្មានអ្វីដែលពិបាកយល់ទេ។ តាមព្រះបន្ទូលព្រះអង្គ យើងអាចដឹងច្បាស់ថា ភាពស្មោះស្ម័គ្រចំពោះព្រះអង្គ គឺមានការប្រព្រឹត្តជាភស្តុតាង គឺមិនផ្អែកទៅលើពាក្យសម្តីនោះទេ(ខ.៣៧-៤២)។ ក្នុងចំណោមការប្រព្រឹត្តនោះ គឺរាប់បញ្ចូលការឲ្យទឹកដល់ “កូនក្មេងតូច”។ សម្រាប់បងប្អូនត្រកូលស៊ែមញួលសាន់ ពួកគេបានផ្តោតទៅលើការជួយដល់កុមារក្រីក្រ។ ប៉ុន្តែ យើងក៏អាចធ្វើការល្អដល់មនុស្សស្ថិតក្នុងវ័យផ្សេងផងដែរ ព្រោះក្នុងបទគម្ពីរនេះ ព្រះយេស៊ូវមិនគ្រាន់តែសំដៅទៅលើ ក្មេងតូចប៉ុណ្ណោះឡើយ។ ព្រះគ្រីស្ទកំពុងតែត្រាស់ហៅយើង ឲ្យបរិច្ចាកដល់អ្នក ដែល “តូចទាប” សម្រាប់លោកិយ ដែលមានអ្នកក្រ អ្នកជំងឺ អ្នកទោស ជនភាសខ្លួន ឬអ្នកដែលមានចំណុចខ្វះខាតត្រង់ចំណុចណាមួយ។ តើបរិច្ចាកអ្វី? ជាការពិតណាស់ ព្រះយេស៊ូវមានបន្ទូលថា “អ្នកណាឲ្យទឹកត្រជាក់តែ១កែវ”(ខ.៤២) គឺបានសេចក្តីថា អំណោយដ៏តូច និងសាមញ្ញដូចទឹកត្រជាក់មួយកែវ ក៏ព្រះអង្គសព្វព្រះទ័យដែរ ឲ្យតែយើងធ្វើចេញពីចិត្តស្រឡាញ់។-John Blase