លោក​អះស្តុន(Ashton) និង​អូស្ទីន ស៊ែម​ញួលសាន់(Austin Samuelson) បាន​បញ្ចប់​ការ​សិក្សា ​នៅ​មហា​វិទ្យាល័យ​គ្រីស្ទ​បរិស័ទ ដោយ​ចិត្ត​ឆេះ​ឆួល​ ចង់​បម្រើ​ព្រះ​យេស៊ូវ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ទាំង​ពីរ​មិន​បាន​គិត​ថា ព្រះ​ទ្រង់​ត្រាស់​ហៅពួក​គេ​ឲ្យ​ធ្វើ​ការ​បម្រើ​ព្រះ​អង្គ ក្នុង​ពួក​ជំនុំ​នោះ​ឡើយ។ ជា​ការ​ពិត​ណាស់ ពួក​គេ​បាន​ចេញ​ទៅ​បម្រើ​ព្រះ​អង្គ ក្នុង​ពិភព​ខាង​ក្រៅ។ ពួក​គេ​ក៏​បាន​ប្រើ​ជំនាញ​ធ្វើ​អាជីវ​កម្ម​ រួម​ផ្សំ​នឹង​ចិត្ត​ដែល​ចង់​បញ្ចប់​ភាព​អត់​ឃ្លាន​របស់​កុមារ ហើយ​នៅ​ឆ្នាំ​២០១៤ ពួក​គេ​ក៏​បាន​បើក​ភោជនីដ្ឋាន​លក់​នំ​តាកូ។ តែ​វា​ខុស​ពី​ភោជនីយដ្ឋាន​ដទៃ។ បង​ប្អូន​ស៊ែមញួលសាន់​ទាំង​ពីរ​នាក់ ក៏​បាន​ធ្វើ​អាជីវកម្ម ដោយ​ផ្អែក​ទៅ​លើ​គោល​ការណ៍​ទិញ​មួយ បរិច្ចាក​មួយ។ សម្រាប់​នំ​តាកូ​ដែល​ពួក​គេ​លក់​បាន​មួយ​ដុំ ​ពួក​គេ​បាន​បរិច្ចាក​ប្រាក់ ដើម្បី​ផ្តល់​អាហារ​មួយ​ពេល ដែល​បាន​រៀប​ចំ ដើម្បី​បំពេញ​តម្រូវ​ការ​នៃ​ជីវ​ជាតិ​របស់​ក្មេង​ៗ ដែល​ខ្វះ​ជីវជាតិ។ សព្វ​ថ្ងៃ​នេះ ពួក​គេ​បាន​ធ្វើ​ការ​បរិច្ចាក​ដល់​កុមារ​ក្រីក្រ ក្នុង​ប្រទេស​ជាង​៦០។ គោល​ដៅ​របស់​ពួក​គេ គឺ​ដើម្បី​ធ្វើ​ជា​ផ្នែក​មួយ​នៃ​ការ​បញ្ចប់​ភាព​អត់​ឃ្លាន​របស់​កុមារ តាម​រយៈ​ការ​លក់​តាក់​កូ​បាន​មួយ ជួយ​បាន​ម្នាក់។​

ព្រះ​បន្ទូល​ព្រះ​យេស៊ូវ ក្នុង​បទ​គម្ពីរ ម៉ាថាយ ជំពូក១០ គ្មាន​អ្វី​ដែល​ពិបាក​យល់​ទេ។ តាម​ព្រះ​បន្ទូល​ព្រះ​អង្គ យើង​អាច​ដឹង​ច្បាស់​ថា ភាព​ស្មោះ​ស្ម័គ្រ​ចំពោះ​ព្រះ​អង្គ គឺ​មាន​ការ​ប្រព្រឹត្ត​ជា​ភស្តុតាង គឺ​មិន​ផ្អែក​ទៅ​លើ​ពាក្យ​សម្តី​នោះ​ទេ​(ខ.៣៧-៤២)។ ក្នុង​ចំណោម​ការ​ប្រព្រឹត្ត​នោះ គឺ​រាប់​បញ្ចូល​ការ​ឲ្យ​ទឹក​ដល់ “កូន​ក្មេង​តូច”។ សម្រាប់​បង​ប្អូន​ត្រកូល​ស៊ែម​ញួលសាន់ ពួក​គេ​បានផ្តោត​ទៅ​លើ​ការ​ជួយ​ដល់​កុមារ​ក្រីក្រ។ ប៉ុន្តែ យើង​ក៏​អាច​ធ្វើ​ការ​ល្អ​ដល់​មនុស្ស​ស្ថិត​ក្នុង​វ័យ​ផ្សេង​ផង​ដែរ ព្រោះ​ក្នុង​បទ​គម្ពីរ​នេះ ព្រះយេស៊ូវ​មិន​គ្រាន់​តែ​សំដៅ​ទៅ​លើ ក្មេង​តូច​ប៉ុណ្ណោះ​ឡើយ។ ព្រះ​គ្រីស្ទ​កំពុង​តែ​ត្រាស់​ហៅ​យើង ឲ្យ​បរិច្ចាក​ដល់​អ្នក ដែល “តូចទាប” សម្រាប់​លោកិយ ដែល​មាន​អ្នក​ក្រ អ្នក​ជំងឺ អ្នក​ទោស ជន​ភាស​ខ្លួន ឬ​អ្នក​ដែល​មាន​ចំណុច​ខ្វះ​ខាត​ត្រង់​ចំណុច​ណា​មួយ។ តើ​បរិច្ចាក​អ្វី? ជា​ការ​ពិត​ណាស់ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “អ្នក​ណា​ឲ្យ​ទឹក​ត្រជាក់​តែ​១​កែវ”(ខ.៤២) គឺ​បាន​សេចក្តី​ថា អំណោយ​ដ៏​តូច និង​សាមញ្ញ​ដូច​ទឹក​ត្រជាក់​មួយ​កែវ ក៏​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ដែរ ឲ្យ​តែ​យើង​ធ្វើ​ចេញ​ពី​ចិត្ត​ស្រឡាញ់។-John Blase