អ្នកខ្លះហៅលោកថូនី រីណូដូ(Tony Rinaudo)ថា “មនុស្សចេះភាសាដើមឈើ”។ តាមពិត គាត់ជាអ្នកអភិរក្សព្រៃឈើ នៃអង្គការទស្សនៈពិភពលោក អូស្រ្តាលី។ គាត់ជាបេសកជន និងអ្នកជំនាញព្រៃឈើ ដែលបានចូលរួម ក្នុងការប្រឹងប្រែងអស់រយៈពេល៣០ឆ្នំា ដើម្បីផ្សាយអំពីព្រះយេស៊ូវ ដោយប្រយុទ្ធប្រឆាំង និងការកាប់បំផ្លាញព្រៃឈើ នៅតំបន់សាហ៊ែល ដែលនៅជាប់ភាគខាងត្បូងនៃសមុទ្រខ្សាច់សាហារ៉ា។
ពេលមួយគាត់បានរកឃើញថា តាមពិត ដើមគុម្ពោធព្រៃជាច្រើន នៅតំបន់នោះ គឺជាដើមឈើដែលមានការលូតលាស់យឺត។ គាត់ក៏បានចាប់ផ្តើមលួសមែក ថែទាំ និងស្រោចទឹកពួកវា។ ការងាររបស់គាត់បានបណ្តាលចិត្តកសិកររាប់សែននាក់ ឲ្យជួយសង្រ្គោះដំណាំរបស់ពួកគេ ដោយដំាដើមឈើ ក្នុងតំបន់ជិតខាងឲ្យមានព្រៃឡើងវិញ ព្រមទាំងជួយទប់ស្កាត់ការរីករិលដី។ ឧទាហរណ៍ កសិករនៅប្រទេសនីហ្សេ បានធ្វើការដាំដុះ និងរកចំណូលបានច្រើនជាងមុនទ្វេរដង ហើយបានផលិតអាហារ សម្រាប់មនុស្ស២,៥ លាននាក់ ជាបន្ថែម ក្នុងមួយឆ្នំា។
ក្នុងបទគម្ពីរយ៉ូហាន ១៥ ព្រះយេស៊ូវ ដែលជាអ្នកបង្កើតឲ្យមានកសិកម្ម បានមានបន្ទូលសំដៅទៅលើវិធីសាស្រ្តធ្វើស្រែចំការស្រដៀងនេះដែរ ដោយមានបន្ទូលថា “ខ្ញុំជាដើមទំពាំងបាយជូរដ៏ពិត ហើយព្រះវរបិតាខ្ញុំជាអ្នកដាំ ២ អស់ទាំងខ្នែងណាដុះចេញពីខ្ញុំ ដែលមិនបង្កើតផលផ្លែ នោះទ្រង់កាត់ចោល តែអស់ទាំងខ្នែងណា ដែលបង្កើតផលផ្លែ នោះទ្រង់លួសខ្នែងនោះវិញ ដើម្បីឲ្យបានផលផ្លែជាច្រើនឡើង”(ខ.១-២)។
បើគ្មានការថែរក្សាជាប្រចំាថ្ងៃពីព្រះទេ នោះវិញ្ញណរបស់យើងគ្មានជីវជាតិ និងក្រៀមក្រោះ។ ពេលណាយើងត្រេកអរ នឹងក្រឹត្យវិន័យរបស់ព្រះអង្គ ដោយជញ្ជឹងគិតអំពីក្រឹត្យវិន័យព្រះអង្គទាំងយប់ថ្ងៃ យើងនឹងបានដូចជា “ដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក ដែលបង្កើតផលតាមរដូវកាល”(ទំនុកដំកើង ១:៣)។ ស្លឹករបស់យើងនឹងមិន “ក្រៀមស្វិត” ហើយ “ការអ្វីដែលយើងធ្វើ នោះនឹងចម្រើនឡើង”(ខ.៣)។ ពេលណាយើងបានទទួលការលួសមែក និងដុះក្នុងព្រះអង្គ នោះយើងនឹងមានស្លឹកខៀវខ្ចី ដោយការចម្រើនឡើង។-Patricia Raybon