ការ​ពន្យា​ពេល​នៃ​ការ​ផ្ញើ​សំបុត្រ ដែល​យូរ​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត គឺ​មាន​រយៈ​ពេល​៨៩​ឆ្នាំ។ កាល​ពី​ឆ្នំា​២០០៨ ម្ចាស់​ផ្ទះ​ម្នាក់ នៅ​ចក្រ​ភព​អង់​គ្លេស បាន​ទទួល​ការ​អញ្ជើញ ឲ្យ​ចូល​រួម​កម្ម​វិធី​ជប់​លៀង​មួយ ដែល​គេ​បាន​ផ្ញើ​លិខិត​អញ្ជើញ​នេះ​ ​តាំង​ពី​ឆ្នំា​១៩១៩ មក​ម្ចាស់​ផ្ទះ​មុន តាម​អាស័យ​ដ្ឋាន​របស់​គាត់។ គេ​បាន​យក​លិខិត​អញ្ជើញ​នោះ មក​ដាក់​ក្នុង​ប្រអប់​សំបុត្រ​គាត់ តាម​រយៈ​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​ប្រៃសណីយ៍ ប៉ុន្តែ មូល​ហេតុ​នៃ​ការ​ពន្យា​ពេល​ដ៏​យូរ​នេះ នៅ​តែ​ជា​អាថ៌​កំបាំង។​

ជួន​កាល សូម្បី​តែ​ការ​ប្រឹង​ប្រែង​ដ៏​ល្អ​បំផុត​របស់​មនុស្ស នៅ​ក្នុង​ការ​ទំនាក់​ទំនង ក៏​អាច​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​ផង​ដែរ ប៉ុន្តែ ព្រះ​គម្ពីរបាន​ចែង​ច្បាស់​ថា ព្រះ​ជា​ម្ចាស់​មិន​ដែល​ខក​ខាន នៅ​ក្នុង​ការ​ស្តាប់​រាស្រ្ត​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​អង្គ​ឡើយ។ ក្នុង​បទ​គម្ពីរ ១ពង្សាវតាក្សត្រ ជំពូក ១៨  លោក​អេលីយ៉ា​បាន​បង្ហាញ​យ៉ាង​ច្បាស់ អំពី​ភាព​ខុស​គ្នា រវាង​ព្រះ​បាល​របស់​សាសន៍​ដទៃ និង​ព្រះ​យេហូវ៉ា។​ នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា ដើម្បី​បង្ហាញ​ថា ព្រះ​អង្គ​មួយ​ណា ជា​ព្រះ​ពិត ហោរា​របស់​ព្រះ​បាល​ក៏​បាន​បួង​សួង​អស់​រាប់​ម៉ោង បន្ទាប់​មក លោក​អេលីយ៉ា​ក៏​បាន​ចំអក​ឲ្យ​ពួក​គេ​ថា “ចូរ​ស្រែក​ឲ្យ​ខ្លាំង​ឡើង ដ្បិត​លោក​ជា​ព្រះ ប្រហែល​ជា​កំពុង​រំពឹង​គិត​ឬ​បាន​ថយ​ចេញ​១​ភ្លែត ឬ​ធ្វើ​ដំណើរ ឬ​ប្រហែល​ជា​ដេក​លក់​ទេ​ដឹង ត្រូវ​ដាស់​លោក​ឡើង”(ខ.២៧)។ លោក​អេលីយ៉ា​ក៏បាន​អធិស្ឋាន ដល់​ព្រះ​យេហូវ៉ា សូម​ព្រះ​អង្គ​ឆ្លើយ​តប ដើម្បី​ឲ្យ​រាស្រ្ត​ព្រះ​អង្គ ត្រឡប់​មក​រក​ព្រះ​អង្គ ដោយ​ជំនឿ​វិញ។  ពួក​គេ​ក៏​បាន​ឃើញ​ការ​អស្ចារ្យ ដែល​ព្រះ​អង្គ​បាន​បង្ហាញ​ចេញ​មក។

ជា​ញឹក​ញាប់ ការ​អធិស្ឋាន​របស់​យើង​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​ភ្លាម​ៗ ដូច​លោក​អេលីយ៉ា​ទេ តែ​យើង​អាច​មាន​ទំនុក​ចិត្ត​ថា ព្រះ​អង្គ​តែង​តែ​ស្តាប់​ការ​អធិស្ឋាន​របស់​យើង​(ទំនុក​ដំកើង ៣៤:១៧)។ ព្រះ​គម្ពីរ​បាន​រំឭក​យើង​ថា ការ​អធិស្ឋាន​របស់​យើងមាន​តម្លៃ ចំពោះ​ព្រះ​អង្គ​ណាស់ បាន​ជា​ព្រះ​អង្គ​ដាក់​សេចក្តី​អធិស្ឋាន​របស់​យើង នៅ​ចំពោះ​ព្រះ​អង្គ ក្នុង “ពាន​មាស” ដូច​គ្រឿងក្រអូប​(វិវរណៈ ៥:៨)។  ព្រះ​ទ្រង់​នឹង​ឆ្លើយ​តប​ការ​អធិស្ឋាន តាម​ពេល​វេលា ប្រាជ្ញា និង​របៀប​ដ៏​ឥត​ខ្ចោះ​របស់​ព្រះ​អង្គ។ គ្មានសេចក្តី​អធិស្ឋាន​ណា ដែល​ព្រះ​អង្គ​ស្តាប់​មិន​ឮ​នោះ​ឡើយ។-James Banks