លោករ៉ាមេស(Ramesh) ចូលចិត្តនិយាយប្រាប់អ្នកដទៃ អំពីព្រះយេស៊ូវ។ គាត់បាននិយាយទៅកាន់មិត្តរួមការងាររបស់គាត់ ដោយចិត្តក្លាហាន ហើយនៅពេលចុងសប្តាហ៍ រៀងរាល់ខែ គាត់បានត្រឡប់ទៅភូមិរបស់គាត់ ដើម្បីផ្សាយដំណឹងល្អពីផ្ទះមួយ ទៅផ្ទះមួយទៀត។ ភាពក្លៀវក្លារបស់គាត់បានរីករាលដាលដល់អ្នកដទៃផងដែរ ជាពិសេស គឺដោយសារគាត់បានស្គាល់តម្លៃ នៃការចំណាយពេលសម្រាក។
លោករ៉ាមេសធ្លាប់ចំណាយពេលរៀងរាល់ចុងសប្តាហ៍ និងនៅពេលល្ងាចភាគច្រើន ដើម្បីប្រកាស់ដំណងល្អ។ ប្រពន្ធកូនគាត់នឹកគាត់ ពេលគាត់ចេញទៅក្រៅ ហើយពួកគេឃើញគាត់ត្រឡប់មកផ្ទះវិញ ដោយអស់កម្លាំងល្ហិតល្ហៃ។ គាត់បានប្រើពេលវេលាគ្រប់នាទី និងការសន្ទនានីមួយៗ ឲ្យមានតម្លៃ។ គាត់មិនអាចអរសប្បាយនឹងល្បែងកម្សាន្ត ឬការជជែកគ្នាលេងនោះឡើយ។ លោករ៉ាមេសពិតជាមានភាពតានតឹងក្នុងជីវិតណាស់។
ក្រោយមក គាត់ក៏បានភ្ញាក់ខ្លួន ដឹងថា គាត់មិនមានតុល្យភាពក្នុងការរស់នៅ ពេលដែលភរិយាគាត់ មិត្តភក្តិ និងខគម្ពីរមួយចំនួនបានផ្តល់ការប្រឹក្សាដ៏ស្មោះត្រង់។ បទគម្ពីរសុភាសិត ជំពូក៣០ បានលើកឡើង អំពីសត្វដ៏សាមញ្ញ ដូចជា ស្រមោច និងកណ្តូបជាដើម។ ខគម្ពីរនេះបានបង្ហាញនូវការស្ងើចសរសើរ អំពី “ជីងចក់១ ជាសត្វដែលចាប់ដោយដៃបាន តែវានៅក្នុងដំណាក់ស្តេចផង”(ខ.២៨)។
លោករ៉ាមេសក៏បានឆ្ងល់ថា ហេតុអ្វីសត្វដ៏សាមញ្ញយ៉ាងនេះ ត្រូវបានព្រះគម្ពីរលើកមកនិយាយ។ គាត់ក៏បានដឹងថា គេអាចសង្កេតមើលសត្វជីងចក់នៅពេលទំនេរ។ អ្នកខ្លះមានការចាប់អារម្មណ៌ ពេលបានឃើញសត្វជីងចក់រត់ច្រវ៉ាត់ក្នុងរាជវំាង ហើយក៏បានផ្អាក់សកម្មភាពដែលពួកគេកំពុងធ្វើ ដើម្បីមើលពួកវាទៀត។ ព្រះជាម្ចាស់ប្រហែលជាបានមានបន្ទូលអំពីសត្វដ៏សាមញ្ញទំាងនោះ ដើម្បីរំឭកយើងថា យើងត្រូវមានតុល្យភាព ឬថ្លឹងឲ្យស្មើគ្នា រវាងការងារ និងការសម្រាក។ យើងត្រូវការពេលសម្រាក កម្សាន្តសប្បាយជាមួយកូន គ្រួសារ និងមិត្តភក្តិ។ សូមព្រះទ្រង់ប្រទានប្រាជ្ញា ដើម្បីឲ្យយើងដឹងថា ពេលណាត្រូវធ្វើការ បម្រើ និងសម្រាក!-Mike Wittmer