ពេលដែលចៅរបស់ខ្ញុំពីរនាក់ បានសាកល្បងសម្តែងរឿង អាលីស(Alice) នៅក្នុងទឹកដីដ៏អស្ចារ្យ ពួកគេសុទ្ធតែចង់ធ្វើជាតួឯក។ មែគី(Maggie) ចង់ដើរតួជាក្មេងស្រីអាលីស ហើយខេធី(Katie) គិតថា ម៉ាធីលដា(Mathilda) គឺជាតួដ៏ល្អ ដែលនាងចង់សម្តែង។ ប៉ុន្តែ គេបានជ្រើសរើសពួកគេ ឲ្យដើរតួជាផ្កា។ នេះមិនមែនជាអ្វីដែលពួកគេបានរំពឹងចង់បាននោះទេ។ ប៉ុន្តែ កូនស្រីរបស់ខ្ញុំប្រាប់ខ្ញុំថា ចៅស្រីទាំងពីរមានចិត្ត “រំភើបរីករាយ ចំពោះមិត្តភក្តិរបស់ពួកគេ ដែលបានធ្វើជាតួឯក។ ពួកគេហាក់ដូចជាមានអំណរកាន់តែខ្លាំង នៅក្នុងការអបអរមិត្តភក្តិរបស់ពួកគេ និងចែករំលែកភាពរំភើបរីករាយរបស់ពួកគេ”។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីរបៀបដែលយើងគួរតែទំនាក់ទំនងគ្នា ក្នុងរូបកាយព្រះគ្រីស្ទ! ក្នុងពួកជំនុំក្នុងតំបន់នីមួយៗ មានអ្នកដឹកនាំ ដែលមានតួនាទីជាគន្លឹះដ៏សំខាន់ ប៉ុន្តែ ក៏ត្រូវការអ្នកដទៃទៀត ដែលមានតួនាទីសំខាន់ផងដែរ តែមិនបានចេញមុខចេញមាត់។ បើអ្នកដទៃកំពុងបំពេញតួនាទីដែលយើងចង់បាន នោះយើងអាចលើកទឹកចិត្តពួកគេ ខណៈពេលដែលយើងបំពេញតួនាទី ដែលព្រះបានប្រទាន ដោយចិត្តឆេះឆួល។
តាមពិត ការជួយ និងការលើកទឹកចិត្តអ្នកដទៃ គឺជាវិធីបង្ហាញចេញនូវក្តីស្រឡាញ់ដល់ព្រះអង្គ។ បទគម្ពីរហេព្រើរ ៦:១០ បានចែងថា “ព្រះទ្រង់មិនមែនជាអ្នករមឹលគុណ ដែលទ្រង់នឹងភ្លេចការអ្នករាល់គ្នាធ្វើ និងសេចក្តីស្រឡាញ់ ដែលអ្នករាល់គ្នាបានសំដែងដល់ព្រះនាមទ្រង់ ដោយបានបំរើពួកបរិសុទ្ធ ហើយក៏នៅតែបំរើទៀតនោះទេ”។ គ្រប់ទាំងអំណោយដែលព្រះហស្តព្រះអង្គប្រទាន គ្មានអំណោយណា ដែលមិនសំខាន់នោះទេ ដូចនេះ យើងត្រូវខំបំរើគ្នាទៅវិញទៅមក តាមអំណោយទានដែលគ្រប់គ្នាបានទទួលមក ទុកដូចជាអ្នកចែកចាយយ៉ាងល្អ នៃព្រះគុណដ៏បែកជាច្រើនផ្លូវវិញ(១ពេត្រុស ៤:១០)។
តើយើងនឹងមានក្តីអំណរប៉ុណ្ណា ពេលដែលបានឃើញពួកជំនុំមានពេញទៅដោយសមាជិក ដែលលើកទឹកចិត្តគ្នា ដោយប្រើអំណោយទាន ដែលព្រះប្រទាន ដើម្បីថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ(ហេព្រើរ ៦:១០)។-Dave Branon