មាន​ពេល​មួយ ស្រ្តី​ម្នាក់​បាន​រអ៊ូរទាំ​ដាក់​លោក​គ្រូ​គង្វាល​របស់​នាង​ថា នាង​បាន​សង្កេត​ឃើញ​ថា គាត់​បាន​អធិប្បាយ​ព្រះ​បន្ទូល ក្រោម​ប្រធាន​បទ​ដដែល​ៗ។ នាង​ក៏​បាន​សួរ​គាត់​ថា “ហេតុ​អ្វី​លោក​គ្រូ​អធិប្បាយ​ព្រះ​បន្ទូល​ដដែល​ៗ”។ លោក​គ្រូ​គង្វាល​ក៏បាន​ឆ្លើយ​ថា “មូល​ហេតុ គឺ​ដោយ​សារ​មនុស្ស​ភ្លេច​ច្រើន”។​

យើង​ភ្លេច ដោយ​សារ​មូល​ហេតុ​ជា​ច្រើន ដូច​ជា ពេល​វេលា​ចេះ​តែ​កន្លង​ផុត​ទៅ យើង​មាន​វ័យ​កាន់​តែ​ចាស់ ឬ​យើង​មាន​ការជាប់​រវល់​ពេក។ យើង​ភ្លេច​លេខ​សម្ងាត់ ឈ្មោះ​មនុស្ស ឬ​ថែម​ទំាង​ភ្លេច​កន្លែង​ដែល​យើង​ចត​ឡាន ឬ​ម៉ូតូ​របស់​យើង។ ស្វាមី​ខ្ញុំបាន​និយាយ​ថា ខួរ​ក្បាល​គាត់​មិន​អាច​ដាក់​បាន​ច្រើន​ទេ។ គាត់​ត្រូវ​តែ​លប់​ការ​ចង​ចាំ​ខ្លះ​ចោល មុន​នឹង​គាត់​អាច​ចង​ចាំ​អ្វី​ដែលថ្មី​។​

លោក​គ្រូ​គង្វាល​រូបនោះ​និយាយ​ត្រូវ​ណាស់។ មនុស្ស​ភ្លេច​ច្រើន។ ហេតុ​នេះ​ហើយ​ ជា​ញឹក​ញាប់ យើង​ត្រូវ​ការ​អ្នក​ជួយ​ក្រើន​រំឭក​យើង ឲ្យ​នឹក​ចាំ អំពី​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង។ ពួក​អ៊ីស្រា​អែល​ក៏​ឧស្សាហ៍​ភ្លេច​ផង​ដែរ។ ពួក​គេ​បានឃើញ​ការ​អស្ចារ្យ​ជា​ច្រើន​កើត​ឡើង តែ​ពួក​គេ​នៅ​តែ​ត្រូវ​ការ​ឲ្យ​គេ​រំឭក​ថា ព្រះ​ទ្រង់​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ពួក​គេ។ ក្នុង​បទ​គម្ពីរ​ចោទិយកថា ជំពូក​៨ ព្រះ​អង្គ​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​ជួប​ភាព​អត់​ឃ្លាន​នៅ​វាល​រហោ​ស្ថាន ប៉ុន្តែ បន្ទាប់​មក ព្រះ​អង្គក៏​បាន​ប្រទាន​អាហារ​ដ៏​អស្ចារ្យ ជា​ប្រចាំ​ថ្ងៃ គឺ​នំម៉ាណា។ ព្រះ​អង្គ​ក៏​បាន​ប្រទាន​សម្លៀក​បំពាក់ ដែល​មិ​នចេះ​សឹក​រហែក។ ព្រះអង្គ​បាន​នាំ​ពួក​គេ​ឆ្លង​កាត់​វាល​រហោ​ស្ថាន ដែល​មាន​សត្វ​ពស់ និង​ខ្យាដំរី ហើយ​បាន​ប្រទាន​ទឹក ចេញ​ពី​ថ្ម​ដា។

ពួក​គេ​ក៏​បាន​រៀន​បន្ទាប​ខ្លួន ពេល​ដែល​ពួក​គេ​ដឹង​ថា ពួក​គេ​ត្រូវ​ពឹង​ផ្អែក​ទាំង​ស្រុង​ ទៅ​លើ​ការ​ថែរក្សា និង​ផ្គត់​ផ្គង់​របស់​ព្រះ(ខ.២0៤,១៥-១៨)។

ភាព​ស្មោះ​ត្រង់​របស់​ព្រះ នៅ​តែ​បន្ត​គ្រប់​ជំនាន់​(ទំនុក​ដំកើង ១០០:៥)។ ពេល​ណា​យើង​ដឹង​ថា យើង​ឧស្សាហ៍​ភ្លេច​ នោះយើង​អាច​គិត អំពី​របៀប​ដែល​ព្រះ​អង្គ​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​យើង ដែល​ធ្វើ​ឲ្យ​យើង​នឹក​ចាំ​ អំពី​សេចក្តី​ល្អ និង​ព្រះ​បន្ទូល​សន្យា​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​អង្គ។-Cindy Hess Kasper