ពេល​ដែល​ចៅ​របស់​ខ្ញុំ​ពីរ​នាក់ បាន​សាក​ល្បង​សម្តែង​រឿង អាលីស(Alice) នៅ​ក្នុង​ទឹក​ដី​ដ៏​អស្ចារ្យ  ពួក​គេ​សុទ្ធ​តែ​ចង់​ធ្វើ​ជាតួ​ឯក​។ មែគី(Maggie) ចង់​ដើរ​តួ​ជា​ក្មេង​ស្រី​អាលីស ហើយ​ខេធី(Katie) គិត​ថា ម៉ាធីលដា(Mathilda) គឺ​ជា​តួ​ដ៏​ល្អ ដែល​នាងចង់​សម្តែង។ ប៉ុន្តែ គេ​បាន​ជ្រើស​រើស​ពួក​គេ ឲ្យ​ដើរ​តួ​ជា​ផ្កា​។  នេះ​មិន​មែន​ជា​អ្វី​ដែល​ពួក​គេ​បាន​រំពឹង​ចង់​បាន​នោះ​ទេ។ ប៉ុន្តែ កូន​ស្រី​របស់​ខ្ញុំ​ប្រាប់​ខ្ញុំ​ថា ចៅ​ស្រី​ទាំង​ពីរ​មាន​ចិត្ត “រំភើប​រីក​រាយ ចំពោះ​មិត្ត​ភក្តិ​របស់​ពួក​គេ ដែល​បាន​ធ្វើ​ជា​តួ​ឯក។ ពួក​គេហាក់​ដូច​ជា​មាន​អំណរ​កាន់​តែ​ខ្លាំង នៅ​ក្នុង​ការ​អប​អរ​មិត្ត​ភក្តិ​របស់​ពួក​គេ និង​ចែក​រំលែក​ភាព​រំភើប​រីក​រាយ​របស់​ពួក​គេ”។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​របៀប​ដែល​យើង​គួរ​តែ​ទំនាក់​ទំនង​គ្នា ក្នុង​រូប​កាយ​ព្រះ​គ្រីស្ទ! ក្នុង​ពួក​ជំនុំ​ក្នុង​តំបន់​នីមួយ​ៗ មាន​អ្នក​ដឹក​នាំ ដែល​មាន​តួនាទី​ជា​គន្លឹះ​ដ៏​សំខាន់ ប៉ុន្តែ ក៏​ត្រូវ​ការ​អ្នក​ដទៃ​ទៀត ដែល​មាន​តួនាទី​សំខាន់​ផង​ដែរ តែ​មិន​បានចេញ​មុខ​ចេញ​មាត់។ បើ​អ្នក​ដទៃ​កំពុង​បំពេញ​តួនាទី​ដែល​យើង​ចង់​បាន នោះ​យើង​អាច​លើក​ទឹក​ចិត្ត​ពួក​គេ ខណៈ​ពេល​ដែលយើង​បំពេញ​តួនាទី ដែល​ព្រះ​បាន​ប្រទាន ដោយ​ចិត្ត​ឆេះ​ឆួល។​

តាម​ពិត ការ​ជួយ និង​ការ​លើក​ទឹក​ចិត្ត​អ្នក​ដទៃ គឺ​ជា​វិធី​បង្ហាញ​ចេញ​នូវ​ក្តី​ស្រឡាញ់​ដល់​ព្រះ​អង្គ។ បទ​គម្ពីរ​ហេព្រើរ ៦:១០ បាន​ចែង​ថា “ព្រះ​ទ្រង់​មិន​មែន​ជា​អ្នក​រមឹលគុណ ដែល​ទ្រង់​នឹង​ភ្លេច​ការ​អ្នក​រាល់​គ្នា​ធ្វើ និង​សេចក្តី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​បាន​សំដែង​ដល់​ព្រះនាម​ទ្រង់ ដោយ​បាន​បំរើ​ពួក​បរិសុទ្ធ ហើយ​ក៏​នៅ​តែ​បំរើ​ទៀត​នោះ​ទេ”។ គ្រប់​ទាំង​អំណោយ​ដែល​ព្រះហស្ត​ព្រះ​អង្គ​ប្រទាន គ្មាន​អំណោយ​ណា ដែល​មិន​សំខាន់​នោះ​ទេ ដូច​នេះ យើង​ត្រូវខំ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក តាម​អំណោយ​ទាន​ដែល​គ្រប់​គ្នា​បាន​ទទួល​មក ទុក​ដូច​ជា​អ្នក​ចែក​ចាយ​យ៉ាង​ល្អ នៃ​ព្រះគុណដ៏​បែក​ជា​ច្រើន​ផ្លូវ​វិញ(១ពេត្រុស ៤:១០)។

តើ​យើង​នឹង​មាន​ក្តី​អំណរ​ប៉ុណ្ណា ពេល​ដែល​បាន​ឃើញ​ពួក​ជំនុំ​មាន​ពេញ​ទៅ​ដោយ​សមាជិក ដែល​លើក​ទឹក​ចិត្ត​គ្នា ដោយ​ប្រើអំណោយ​ទាន ដែល​ព្រះ​ប្រទាន ដើម្បី​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ​អង្គ​(ហេព្រើរ ៦:១០)។-Dave Branon