លោកមែក(Mack) បានតយុទ្ធការញៀនថ្នាំ និងអំពើបាបខាងផ្លូវភេទ ដោយការអស់សង្ឃឹម។ ទំនាក់ទំនងដែលគាត់បានឲ្យតម្លៃមានភាពច្របូកច្របល់ ហើយមនសិការរបស់គាត់ កំពុងតែស្តីបន្ទោសគាត់។ ស្ថិតក្នុងស្ថានភាពដ៏វេទនានេះ គាត់ក៏បានទៅព្រះវិហារ ដើម្បីជួបគ្រូគង្វាលម្នាក់។ នៅទីនោះ គាត់ក៏បានរកឃើញភាពធូរស្រាលក្នុងចិត្ត តាមរយៈការរៀបរាប់អំពីរឿងដ៏ស្មុគ្រស្មាញរបស់គាត់ និងបានស្តាប់លោកគ្រូគង្វាលចែកចាយ អំពីសេចក្តីមេត្តា និងការអត់ទោសបាប ដែលព្រះទ្រង់បានប្រទាន។
គេជឿថា ស្តេចដាវីឌ ជាអ្នកនិពន្ធបទគម្ពីរទំនុកដំកើងជំពូក៣២ បន្ទាប់ពីទ្រង់បានប្រព្រឹត្តអំពើបាបខាងផ្លូវភេទ។ ទ្រង់បានព្យាយាមលាក់បាំងកំហុស ដោយប្រើល្បិចដ៏ពិសពុល ដែលនាំឲ្យស្វាមីរបស់ស្រ្តីនោះបាត់បង់ជីវិត(២សាំយ៉ូអែល ១១-១២)។ ទ្រង់ក៏បានទទួលផលវិបាក ពីអំពើបាបនេះ។ បទគម្ពីរទំនុកដំកើង ៣២:៣-៤ បានពិពណ៌នា អំពីទុក្ខលំបាកដ៏ធ្ងន់ធ្ងរ ដែលទ្រង់បានជួប មុនពេលទ្រង់ទទួលស្គាល់កំហុស។ ទ្រង់មិនអាចបដិសេធផលវិបាកនៃអំពើបាប ដែលមិនបានសារភាពនោះឡើយ។ តើទ្រង់អាចមានភាពធូរស្បើយដោយរបៀបណា? ភាពធូរស្បើយបានចាប់ផ្តើម ដោយការសារភាពអំពើបាបនៅចំពោះព្រះ និងទទួលការអត់ទោសបាប ដែលព្រះអង្គបានប្រទាន(ខ.៥)។
ពេលណាយើងនិយាយ ឬធ្វើអ្វីខុសមកលើអ្នកដទៃ ឬខុសនឹងព្រះបន្ទូលព្រះ យើងចាំបាច់ត្រូវចូលទៅចំពោះព្រះ ដើម្បីសារភាពអំពើបាបយើង។ យើងមិនត្រូវបន្តរស់នៅ ជាមួយនឹងអំពើបាបទំាងនោះ ដោយមិនប្រែចិត្តនោះឡើយ។ ព្រះទ្រង់តែងតែបើកព្រះពាហុចំហរយ៉ាងធំ ដើម្បីទទួលយើង ពេលណាយើងទទួលស្គាល់កំហុសយើង ហើយស្វែងរកការអត់ទោសបាបពីព្រះអង្គ។ បានជាយើងអាចសរសើរព្រះអង្គថា “មានពរហើយ មនុស្សណាដែលការរំលង ច្បាប់របស់ខ្លួនបានអត់ទោសឲ្យ គឺដែលបាបរបស់ខ្លួនបានគ្របបាំងហើយ”(ខ.១)។-Arthur Jackson