លោក​មែក(Mack) បាន​តយុទ្ធ​ការ​ញៀន​ថ្នាំ និង​អំពើ​បាប​ខាង​ផ្លូវ​ភេទ ដោយ​ការ​អស់​សង្ឃឹម។ ទំនាក់​ទំនង​ដែល​គាត់​បាន​ឲ្យតម្លៃ​មាន​ភាព​ច្របូក​ច្របល់ ហើយ​មនសិការ​របស់​គាត់ កំពុង​តែ​ស្តី​បន្ទោស​គាត់។​ ស្ថិត​ក្នុង​ស្ថានភាព​ដ៏វេទនា​នេះ គាត់​ក៏បាន​ទៅ​ព្រះ​វិហារ ដើម្បី​ជួប​គ្រូ​គង្វាល​ម្នាក់។ នៅ​ទីនោះ​ គាត់​ក៏​បាន​រក​ឃើញ​ភាព​ធូរ​ស្រាល​ក្នុងចិត្ត តាម​រយៈ​ការ​រៀប​រាប់​អំពី​រឿង​ដ៏​ស្មុគ្រ​ស្មាញ​របស់​គាត់ និង​បាន​ស្តាប់​លោក​គ្រូ​គង្វាល​ចែក​ចាយ អំពី​សេចក្តី​មេត្តា និង​ការ​អត់​ទោស​បាប ដែល​ព្រះ​ទ្រង់បាន​ប្រទាន។

គេជឿ​ថា​ ស្តេច​ដាវីឌ ជា​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ជំពូក​៣២ បន្ទាប់​ពី​ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​បាប​ខាង​ផ្លូវ​ភេទ។ ទ្រង់​បាន​ព្យាយាម​លាក់​បាំង​កំហុស ដោយ​ប្រើ​ល្បិច​ដ៏​ពិស​ពុល ដែល​នាំ​ឲ្យ​ស្វាមី​របស់​ស្រ្តី​នោះ​បាត់​បង់​ជីវិត​(២សាំយ៉ូអែល ១១-១២)។ ទ្រង់​ក៏​បាន​ទទួល​ផល​វិបាក ពី​អំពើ​បាប​នេះ។ បទ​គម្ពីរ​ទំនុក​ដំកើង ៣២:៣-៤ បាន​ពិពណ៌នា អំពី​ទុក្ខ​លំបាក​ដ៏​ធ្ងន់​ធ្ងរ ដែលទ្រង់​បាន​ជួប មុន​ពេល​ទ្រង់​ទទួល​ស្គាល់​កំហុស។ ទ្រង់​មិន​អាច​បដិសេធ​ផល​វិបាក​នៃ​អំពើ​បាប ដែល​មិន​បាន​សារ​ភាព​នោះ​ឡើយ។ តើ​ទ្រង់​អាច​មាន​ភាព​ធូរ​ស្បើយ​ដោយ​របៀប​ណា? ភាព​ធូរ​ស្បើយ​បាន​ចាប់​ផ្តើម ដោយ​ការ​សារភាព​អំពើ​បាប​នៅចំពោះ​ព្រះ និង​ទទួល​ការ​អត់​ទោស​បាប ដែល​ព្រះ​អង្គ​បាន​ប្រទាន​(ខ.៥)។

ពេល​ណា​យើង​និយាយ ឬ​ធ្វើ​អ្វី​ខុស​មក​លើ​អ្នក​ដទៃ ឬ​ខុស​នឹង​ព្រះ​បន្ទូល​ព្រះ យើង​ចាំ​បាច់​ត្រូវ​ចូល​ទៅ​ចំពោះ​ព្រះ ដើម្បីសារ​ភាព​អំពើ​បាប​យើង។ យើង​មិន​ត្រូវ​បន្ត​រស់​នៅ ជា​មួយ​នឹង​អំពើ​បាប​ទំាង​នោះ ដោយ​មិន​ប្រែ​ចិត្ត​នោះ​ឡើយ។ ព្រះ​ទ្រង់​តែង​តែបើក​ព្រះ​ពាហុ​ចំហរ​យ៉ាង​ធំ ដើម្បី​ទទួល​យើង ពេល​ណា​យើងទទួល​ស្គាល់​កំហុស​យើង ហើយ​ស្វែង​រក​ការ​អត់​ទោស​បាប​ពីព្រះ​អង្គ។​ បាន​ជា​យើង​អាច​សរសើរ​ព្រះ​អង្គ​ថា “មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ការ​រំលង ច្បាប់​របស់​ខ្លួន​បាន​អត់​ទោស​ឲ្យ គឺដែល​បាប​របស់​ខ្លួន​បាន​គ្រប​បាំង​ហើយ”(ខ.១)។-Arthur Jackson