ខណៈពេលដែលមិត្តរួមការងាររបស់លោកបេនយ៉ាមីន(Benjamin) បានឡើងតំណែងជាបន្តបន្ទាប់ គាត់ក៏កើតមានចិត្តច្រណែនបន្តិចបន្តួច។ មិត្តភក្តិគាត់ក៏បានសួរគាត់ថា “ហេតុអ្វីឯងនៅតែមិនទាន់បានឡើងតំណែងជាអ្នកគ្រប់គ្រង? ឯងសមនឹងតួនាទីនេះណាស់”។ ប៉ុន្តែ លោកប៊ែនក៏បានសម្រេចចិត្តថ្វាយអាជីពរបស់គាត់ ដាច់ដល់ព្រះ។ បានជាគាត់ឆ្លើយតបថា “បើនេះជាផែនការរបស់ព្រះ នោះខ្ញុំនឹងបន្តធ្វើការងារ ដែលខ្ញុំមានសព្វថ្ងៃ ឲ្យបានល្អ”។
ប៉ុន្មានឆ្នាំក្រោយមក លោកប៊ែនក៏បានឡើងតំណែង។ នៅពេលនោះ បទពិសោធន៍ដែលគាត់មានជាបន្ថែមទៀត បានជួយឲ្យគាត់ធ្វើការងារ ដោយមានទំនុកចិត្ត ហើយក៏បានទទួលការគោរពពីអ្នកក្រោមបង្គាប់គាត់ផងដែរ។ ទន្ទឹមនឹងនោះ មិត្តរួមការងាររបស់គាត់ នៅតែមានការពិបាកនៅក្នុងការបំពេញការទទួលខុសត្រូវផ្នែកគ្រប់គ្រង ដោយសារពួកគេបានឡើងតំណែង មុនពេលដែលពួកគេមានសមត្ថភាពគ្រប់គ្រាន់។ លោកប៊ែនក៏បានដឹងថា ព្រះទ្រង់បាននាំគាត់ “ទៅតាមផ្លូវវាង” ដើម្បីឲ្យគាត់បានត្រៀមខ្លួនសម្រាប់មុខនាទីនេះ។
ពេលដែលព្រះទ្រង់ដឹកនាំពួកអ៊ីស្រាអែល ចេញពីនគរអេស៊ីព្ទ(និក្ខមនំ ១៣:១៧-១៨) ទ្រង់បានជ្រើសរើសយកផ្លូវវាង ព្រោះ “ផ្លូវកាត់” តាមទឹកដីកាណាន មានពេញទៅដោយគ្រោះថ្នាក់ ដែលពួកគេមិនទាន់អាចប្រឈមមុខ។ ការធ្វើដំណើរ ក្នុងផ្លូវដែលឆ្ងាយជាង ក្នុងវាលរហោស្ថាន បាននាំឲ្យពួកគេមានពេលកាន់តែច្រើន ដើម្បីឲ្យមានភាពរឹងមាំ ផ្នែករូបកាយ ផ្លូវចិត្ត និងផ្លូវវិញ្ញាណ សម្រាប់សឹកសង្រ្គាមដែលនឹងកើតឡើងជាបន្តបន្ទាប់។
ផ្លូវកាត់មិនតែងតែល្អជាងគេនោះឡើយ។ ជួនកាល ព្រះទ្រង់អនុញ្ញាតឲ្យយើងធ្វើដំណើរតាមផ្លូវវាង ក្នុងជីវិតយើង ទោះក្នុងអាជីព ឬកិច្ចការផ្សេងទៀតក្តី ដើម្បីឲ្យយើងបានត្រៀមខ្លួនឲ្យបានល្អជាងមុន សម្រាប់ការធ្វើដំណើរខាងមុខទៀត។ ពេលណាអ្វីៗហាក់ដូចជាមិនបានកើតឡើង ឲ្យទាន់ចិត្តយើង នោះយើងអាចទុកចិត្តព្រះ ដែលដឹកនាំ និងនាំផ្លូវយើង។-Leslie Koh