ខណៈ​ពេល​ដែល​មិត្ត​រួម​ការងារ​របស់​លោក​បេនយ៉ាមីន(Benjamin) បាន​ឡើង​តំណែង​ជា​បន្ត​បន្ទាប់ គាត់​ក៏​កើត​មាន​ចិត្ត​ច្រណែន​បន្តិច​បន្តួច។ មិត្ត​ភក្តិ​គាត់​ក៏​បាន​សួរ​គាត់​ថា “ហេតុ​អ្វី​ឯង​នៅ​តែមិន​ទាន់​បាន​ឡើង​តំណែង​ជា​អ្នក​គ្រប់​គ្រង? ឯង​សម​នឹង​តួនាទី​នេះ​ណាស់”។ ប៉ុន្តែ លោក​ប៊ែន​ក៏​បាន​សម្រេច​ចិត្ត​ថ្វាយ​អាជីព​របស់​គាត់ ដាច់​ដល់​ព្រះ។​​ បាន​ជា​គាត់​ឆ្លើយ​តប​ថា “បើនេះជា​ផែន​ការ​របស់​ព្រះ នោះ​ខ្ញុំ​នឹង​បន្តធ្វើ​ការងារ ដែល​ខ្ញុំ​មាន​សព្វ​ថ្ងៃ ឲ្យ​បាន​ល្អ”។​

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក លោក​ប៊ែន​ក៏​បាន​ឡើង​តំណែង។ នៅ​ពេល​នោះ បទ​ពិសោធន៍​ដែល​គាត់​មាន​ជា​បន្ថែម​ទៀត បាន​ជួយ​ឲ្យគាត់​ធ្វើ​ការងារ ដោយ​មាន​ទំនុក​ចិត្ត ហើយ​ក៏​បាន​ទទួល​ការ​គោរព​ពី​អ្នក​ក្រោម​បង្គាប់​គាត់​ផង​ដែរ។ ទន្ទឹម​នឹង​នោះ មិត្ត​រួម​ការងារ​របស់​គាត់ នៅ​តែ​មាន​ការ​ពិបាក​នៅ​ក្នុង​ការ​បំពេញ​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​គ្រប់​គ្រង ដោយ​សារ​ពួក​គេ​បាន​ឡើងតំណែង មុន​ពេល​ដែល​ពួក​គេ​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់។ លោក​ប៊ែន​ក៏​បាន​ដឹង​ថា ព្រះ​ទ្រង់​បាន​នាំ​គាត់ “ទៅ​តាម​ផ្លូវ​វាង” ដើម្បី​ឲ្យ​គាត់​បាន​ត្រៀម​ខ្លួន​សម្រាប់​មុខ​នាទី​នេះ។​

ពេល​ដែល​ព្រះ​ទ្រង់​ដឹក​នាំ​ពួក​អ៊ីស្រាអែល ចេញ​ពី​នគរ​អេស៊ីព្ទ(និក្ខមនំ ១៣:១៧-១៨) ទ្រង់​បាន​ជ្រើស​រើស​យក​ផ្លូវ​វាង ព្រោះ “ផ្លូវ​កាត់” តាម​ទឹក​ដី​កាណាន មាន​ពេញ​ទៅ​ដោយ​គ្រោះ​ថ្នាក់ ដែល​ពួក​គេ​មិន​ទាន់​អាច​ប្រឈម​មុខ។ ការ​ធ្វើ​ដំណើរ ក្នុង​ផ្លូវដែល​ឆ្ងាយ​ជាង ក្នុង​វាល​រហោស្ថាន បាន​នាំ​ឲ្យ​ពួក​គេ​មាន​ពេល​កាន់​តែ​ច្រើន ដើម្បី​ឲ្យ​មាន​ភាព​រឹង​មាំ ផ្នែក​រូប​កាយ ផ្លូវ​ចិត្ត និងផ្លូវ​វិញ្ញាណ សម្រាប់​សឹក​សង្រ្គាម​ដែល​នឹង​កើត​ឡើង​ជា​បន្ត​បន្ទាប់។​

ផ្លូវ​កាត់​មិន​តែង​តែ​ល្អ​ជាង​គេ​នោះ​ឡើយ។ ជួន​កាល​ ព្រះ​ទ្រង់​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង ក្នុង​ជីវិត​យើង​ ទោះ​ក្នុងអាជីព ឬ​កិច្ចការ​ផ្សេង​ទៀត​ក្តី ដើម្បី​ឲ្យ​យើង​បាន​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ជាង​មុន សម្រាប់​ការ​ធ្វើ​ដំណើរ​ខាង​មុខ​ទៀត។ ពេល​ណាអ្វីៗ​ហាក់​ដូច​ជា​មិន​បាន​កើត​ឡើង ឲ្យ​ទាន់​ចិត្ត​យើង នោះ​យើង​អាច​ទុក​ចិត្ត​ព្រះ​ ដែល​ដឹក​នាំ និង​នាំ​ផ្លូវ​យើង។​-Leslie Koh