ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​អ៊ែនឌីឡា ប្រទេស​អេស្ប៉ាញ បាន​បំផ្លិច​បំផ្លាញ​ព្រៃ​ឈើ អស់​ជិត​២​ម៉ឺន​ហិចតា។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្នុង​ពេល​នៃ​វិនាស​កម្ម​នោះ  ដើម​សាយ​ប្រេស​មួយ​ក្រុម ជិត​១​ពាន់​ដើម នៅ​តែ​បន្ត​ឈ​នៅ​ក្នុង​ព្រៃ ដោយ​មាន​ស្លឹក​បៃ​តងស្រស់​។​ ដោយសារ​ដើម​ឈើ​ប្រភេទ​នេះ​មាន​សមត្ថ​ភាព​រក្សា​ទុក​ជាតិ​ទឹក​បាន​ល្អ នោះ​ពួក​វា​អាច​ស៊ូទ្រាំ​នឹង​ភ្លើង​ឆេះ​ព្រៃ ដោយ​សុវត្ថិ​ភាព។​

ក្នុង​អំឡុង​ពេល​ដែល​ស្តេច​នេប៊ូក្នេសា គ្រប់​គ្រង​ចក្រ​ភព​បាប៊ីឡូន បុរស​មួយ​ក្រុម​តូច ដែល​ជា​មិត្ត​សំឡាញ់​នឹង​គ្នា បាន​រួច​ជីវិត ​នៅ​ក្នុង​គុក​ភ្លើង​នៃ​សេចក្តី​ក្រោធ​របស់​ស្តេច​អង្គ​នេះ។ បុរស​មួយ​ក្រុម​នោះ មាន​ដូច​ជា លោក​សាដ្រាក់ លោក​មែសាក់ និងលោក​អ័បេឌ-នេកោ។ ពួក​គេ​បាន​បដិសេធ​មិន​ព្រម​ថ្វាយ​បង្គំ​រូប​ព្រះ ដែល​ស្តេច​នេប៊ូក្នេសា​បាន​សាង​សង់ ហើយ​ក៏​បាន​ទូលទ្រង់​ថា “ព្រះ​នៃ​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​គោរព​ប្រតិបត្តិ​តាម ទ្រង់​អាច​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច​ពី​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ​បាន​ហើយ បពិត្រ​ព្រះករុណា ព្រះអង្គ​នោះ​ក៏​នឹង​ជួយ​ឲ្យ​យើង​រួច​ពី​ព្រះហស្ត​ទ្រង់​ដែរ”(ដានីយ៉ែល ៣:១៧)។​ ស្តេច​ក៏​បាន​ខ្ញាល់​កាន់​តែ​ខ្លាំង ហើយ​ក៏​បាន​ឲ្យ​គេ​ដាក់​ភ្លើង​កាន់​តែ​ក្តៅ​ជាង​មុន​៧​ដង​(ខ.១៩)។

ពួក​ទាហាន​ដែល​បាន​អនុវត្ត​តាម​រាជ​បញ្ជា​ស្តេច ដោយ​បោះ​ពួក​គេ​ចូល​ទៅ​ក្នុង​ភ្លើង ត្រូវ​ភ្លើង​ឆេះ​ស្លាប់ តែ​អ្នក​ដែល​បាន​ឃើញហេតុការណ៍​នោះ ក៏​បាន​មើល​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អ័បេឌ-នេកោ ដើរ​ក្នុង​ភ្លើង “ឥត​មាន​ជាប់​ចំណង ដោយ​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ”។ គេ​ក៏​បាន​ឃើញ​ បុគ្គលទី​បួន នៅ​ក្នុង​គុក​ភ្លើង​ជា​មួយ​អ្នក​ទំាង​បី ដែល​មាន​សណ្ឋាន​ដូច “កូន​ព្រះ”(ខ.២៥)។ អ្នក​ប្រាជ្ញ​ព្រះ​គម្ពីរ​ជា​ច្រើន​ជឿ​ថា ហេតុការណ៍​នោះ គឺ​ជាការ​បង្ហាញ​ព្រះ​កាយ​របស់​ព្រះ​យេស៊ូវ មុន​ពេល​ព្រះ​អង្គ​ប្រសូត្រ។​

ព្រះ​យេស៊ូវ​ក៏​គង់​នៅ​ជា​មួយ​យើង​ផង​ដែរ ពេល​ណា​យើង​ជួប​ការ​គំរាម​កំហែង និង​ទុក្ខ​លំបាក។ ពេល​ណា​យើង​ជួប​ការ​បង្ខិតបង្ខំ នោះ​យើង​មិន​ត្រូវ​មាន​ការ​ភ័យ​ខ្លាច​ឡើយ។ យើង​មិន​ដឹង​អំពី​របៀប ឬ​ពេល​ដែល​ព្រះ​ទ្រង់​នឹង​ជួយ​យើង​ទេ តែ​យើង​ដឹង​ថា ព្រះ​អង្គ​គង់​នៅ​ក្បែរ​យើង។ ព្រះ​អង្គ​នឹង​ប្រទាន​យើង​នូវ​កម្លាំង ដើម្បី​បន្ត​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​អង្គ តាម​រយៈ “ភ្លើង” នីមួយ​ៗ ដែល​យើង​ស៊ូ​ទ្រាំ។-Jennifer Benson Schuldt