ភ្លើងឆេះព្រៃនៅតំបន់អ៊ែនឌីឡា ប្រទេសអេស្ប៉ាញ បានបំផ្លិចបំផ្លាញព្រៃឈើ អស់ជិត២ម៉ឺនហិចតា។ ទោះជាយ៉ាងណាក៏ដោយ ក្នុងពេលនៃវិនាសកម្មនោះ ដើមសាយប្រេសមួយក្រុម ជិត១ពាន់ដើម នៅតែបន្តឈនៅក្នុងព្រៃ ដោយមានស្លឹកបៃតងស្រស់។ ដោយសារដើមឈើប្រភេទនេះមានសមត្ថភាពរក្សាទុកជាតិទឹកបានល្អ នោះពួកវាអាចស៊ូទ្រាំនឹងភ្លើងឆេះព្រៃ ដោយសុវត្ថិភាព។
ក្នុងអំឡុងពេលដែលស្តេចនេប៊ូក្នេសា គ្រប់គ្រងចក្រភពបាប៊ីឡូន បុរសមួយក្រុមតូច ដែលជាមិត្តសំឡាញ់នឹងគ្នា បានរួចជីវិត នៅក្នុងគុកភ្លើងនៃសេចក្តីក្រោធរបស់ស្តេចអង្គនេះ។ បុរសមួយក្រុមនោះ មានដូចជា លោកសាដ្រាក់ លោកមែសាក់ និងលោកអ័បេឌ-នេកោ។ ពួកគេបានបដិសេធមិនព្រមថ្វាយបង្គំរូបព្រះ ដែលស្តេចនេប៊ូក្នេសាបានសាងសង់ ហើយក៏បានទូលទ្រង់ថា “ព្រះនៃយើងខ្ញុំ ដែលយើងខ្ញុំគោរពប្រតិបត្តិតាម ទ្រង់អាចនឹងជួយឲ្យខ្ញុំរួចពីគុកភ្លើង ដែលឆេះយ៉ាងសន្ធៅបានហើយ បពិត្រព្រះករុណា ព្រះអង្គនោះក៏នឹងជួយឲ្យយើងរួចពីព្រះហស្តទ្រង់ដែរ”(ដានីយ៉ែល ៣:១៧)។ ស្តេចក៏បានខ្ញាល់កាន់តែខ្លាំង ហើយក៏បានឲ្យគេដាក់ភ្លើងកាន់តែក្តៅជាងមុន៧ដង(ខ.១៩)។
ពួកទាហានដែលបានអនុវត្តតាមរាជបញ្ជាស្តេច ដោយបោះពួកគេចូលទៅក្នុងភ្លើង ត្រូវភ្លើងឆេះស្លាប់ តែអ្នកដែលបានឃើញហេតុការណ៍នោះ ក៏បានមើលលោកសាដ្រាក់ លោកមែសាក់ និងលោកអ័បេឌ-នេកោ ដើរក្នុងភ្លើង “ឥតមានជាប់ចំណង ដោយមិនមានគ្រោះថ្នាក់អ្វីឡើយ”។ គេក៏បានឃើញ បុគ្គលទីបួន នៅក្នុងគុកភ្លើងជាមួយអ្នកទំាងបី ដែលមានសណ្ឋានដូច “កូនព្រះ”(ខ.២៥)។ អ្នកប្រាជ្ញព្រះគម្ពីរជាច្រើនជឿថា ហេតុការណ៍នោះ គឺជាការបង្ហាញព្រះកាយរបស់ព្រះយេស៊ូវ មុនពេលព្រះអង្គប្រសូត្រ។
ព្រះយេស៊ូវក៏គង់នៅជាមួយយើងផងដែរ ពេលណាយើងជួបការគំរាមកំហែង និងទុក្ខលំបាក។ ពេលណាយើងជួបការបង្ខិតបង្ខំ នោះយើងមិនត្រូវមានការភ័យខ្លាចឡើយ។ យើងមិនដឹងអំពីរបៀប ឬពេលដែលព្រះទ្រង់នឹងជួយយើងទេ តែយើងដឹងថា ព្រះអង្គគង់នៅក្បែរយើង។ ព្រះអង្គនឹងប្រទានយើងនូវកម្លាំង ដើម្បីបន្តមានចិត្តស្មោះត្រង់ចំពោះព្រះអង្គ តាមរយៈ “ភ្លើង” នីមួយៗ ដែលយើងស៊ូទ្រាំ។-Jennifer Benson Schuldt