លោក​ចន ហាភ័រ(John Harper) មិន​បាន​ដឹង​ថា នឹង​មាន​រឿង​អ្វី​កើត​ឡើង នៅ​ពេល​ដែល​គាត់ និង​កូន​ស្រី​របស់​គាត់​អាយុ​៦ឆ្នាំ ឡើង​ជិះ​កប៉ាល់​ទីតានិច។ ប៉ុន្តែ គាត់​គ្រាន់​តែ​ដឹង​ថា : គាត់​ស្រឡាញ់​ព្រះ​យេស៊ូវ ហើយ​មាន​ចិត្ត​ឆេះ​ឆួល​ចង់​ឲ្យ​អ្នក​ដទៃស្គាល់​ព្រះ​អង្គ​ផង​ដែរ។ បន្ទាប់​ពី​កប៉ាល់​ទីតានិច​បុក​ផ្ទាំង​ទឹកកក​ភ្លាម ទឹក​ក៏​បាន​លិច​ចូល​ខាង​ក្នុង។ បុរស​ពោះ​ម៉ាយ ហាភ័រ ក៏បាន​ដាក់​កូន​ស្រី​តូច​របស់​គាត់ ក្នុង​ទូក​សង្រ្គោះ រួច​ចូល​ទៅ​ក្នុង​ភាព​ជ្រួល​ច្របល់ នៅ​លើ​កប៉ាល់​នោះ ដើម្បី​ជួយ​សង្រ្គោះ​ជីវិតមនុស្ស​ឲ្យ​បាន​ច្រើន​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ខណៈ​ពេល​ដែល​គាត់​កំពុង​ចែក​អាវ​សុវត្ថិ​ភាព គាត់​បាន​ស្រែក​ឡើង​ថា “​ស្រ្តី និង​ក្មេង​ៗ និង​អ្នក​ដែល​មិន​ទាន់​បាន​សង្រ្គោះ សូម​ចូល​ទៅ​ក្នុង​ទូក​សង្រ្គោះ​មុនគេ”។ រហូត​ដល់​ដង្ហើម​ចុង​ក្រោយ លោកហាភ័រ​បាន​ចែក​ចាយ​អំពី​ព្រះ​យេស៊ូវ ដល់​នរណា​ក៏​ដោយ ដែល​នៅ​ក្បែរ​គាត់។ គាត់​បាន​ស្ម័គ្រ​ចិត្ត​លះ​បង់​ជីវិត ដើម្បី​ឲ្យ​អ្នកដទៃ​អាច​មាន​ជីវិត​រស់។​

មាន​ព្រះ​មួយ​អង្គ ដែល​បាន​លះ​បង់​ព្រះ​ជន្ម ដោយ​ស្ម័គ្រ​ព្រះ​ទ័យ កាល​ពី​ជាង​២​ពាន់​ឆ្នាំ​មុន ដើម្បី​ឲ្យ​ខ្ញុំ​ និង​អ្នក​អាច​រស់​នៅ មិនគ្រាន់​តែ​នៅ​ក្នុង​ជីវិត​នេះ តែ​នៅ​ក្នុង​ជីវិត​អស់​កល្ប​ផង​ដែរ។ ការជួយសង្រ្គោះមនុស្សជាតិ​ គឺជាបេសកកម្មប្រចំាព្រះជន្មរបស់ព្រះអង្គ។​ មាន​ពេល​មួយ​នោះ ពេល​ដែល​ព្រះ​អង្គ​កំពុង​មាន​បន្ទូល​ជា​មួយ​អ្នក​ដឹក​នាំ​សាសនា ព្រះ​អង្គ​បាន​មាន​បន្ទូល​ម្តងហើយ​ម្តង​ទៀត​ថា ព្រះ​អង្គ​បាន​ស៊ូ​លះ​បង់​ព្រះ​ជន្ម​ព្រះ​អង្គ​(យ៉ូហាន ១០:១១,១៥,១៧,១៨)។ ព្រះ​អង្គ​មិន​គ្រាន់​តែ​បាន​មានបន្ទូល​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​ធ្វើ​តាម​បន្ទូល​ព្រះ​អង្គ ដោយ​បាន​សុគត​យ៉ាង​វេទនា នៅ​លើ​ឈើ​ឆ្កាង។ ព្រះ​អង្គ​បាន​យាង​មក ដើម្បី​ឲ្យ​មនុស្ស​ទំាង​អស់​មាន​ជីវិត ហើយ​ឲ្យ​ជីវិត​នោះ​ពេញ​បរិបូរ​ផង​(ខ.១០)។-Estera Pirosca Escobar