ពីរ​បី​ឆ្នាំ​មុន គ្រូ​ពេទ្យ​បាន​និយាយ​អំ​ពី​បញ្ហា​សុខ​ភាព​របស់​ខ្ញុំ យ៉ាង​ម៉ឺងម៉ាត់។ ខ្ញុំ​ក៏​បាន​ចង​ចំា​ពាក្យ​សម្តី​របស់​គាត់ ហើយ​ក៏​បាន​ចាប់​ផ្តើម​ទៅ​កន្លែង​ហាត់​ប្រាណ ហើយ​ផ្លាស់​ប្តូរ​របប​អាហារ​របស់​ខ្ញុំ។ មួយ​រយៈ​ក្រោយ​មក ជាតិ​ខ្លាញ់​របស់​ខ្ញុំ​បាន​ថយ​ចុះ ហើយ​ខ្ញុំ​ក៏​ស្រក​ទម្ងន់ ហើយ​មាន​ជំនឿ​ចិត្ត​កាន់​តែ​ខ្លាំង។ ប៉ុន្តែ បន្ទាប់​មក មាន​រឿង​ដែល​មិន​សូវ​ល្អ​កើត​ឡើង ដោយ​ខ្ញុំ​ចាប់​ផ្តើមកត់​សម្គាល់ អំពី​របប​អាហារ​របស់​អ្នក​ដទៃ ហើយ​ក៏​បាន​ចាប់​ផ្តើម​វិនិច្ឆ័យ​ពួក​គេ។ តើ​វា​មិន​គួរ​ឲ្យ​អស់​សំណើចទេ​ឬ​ នៅ​ពេលដែល​យើង​រក​ឃើញ​ប្រព័ន្ធ​នៃ​ការ​ដាក់​ពិន្ទុ ​ហើយ​ក៏​បាន​ប្រើ​វា ដើម្បី​លើក​ដំកើង​ខ្លួន​ឯង ហើយ​​បន្ទាប​អ្នក​ដទៃ​។ មនុស្សយើង​ហាក់​ដូច​ជា​មាន​សភាវ​គតិ ដែល​ចូល​ចិត្ត​បង្កើត​ស្តង់​ដារ​ដោយ​ខ្លួន​ឯង ដើម្បី​កាត់​សេចក្តី​ថា ខ្លួន​ឯង​ជា​មនុស្ស​ត្រឹម​ត្រូវ។

សាវ័ក​ប៉ុល​បាន​ដាស់​តឿន​ពួក​ជំនុំ​នៅ​ក្រុង​ភីលីព មិន​ឲ្យ​ប្រព្រឹត្ត​យ៉ាង​ដូច​នេះ​ឡើយ។ អ្នក​ខ្លះ​បាន​ទុក​ចិត្ត​លើ​ការ​ប្រព្រឹត្ត​ល្អតាម​សាសនា ឬ​ប្រពៃណី​វប្ប​ធម៌ ហើយ​សាវ័ក​ប៉ុល​ក៏​បាន​ប្រាប់​ពួក​គេ​ថា បើ​ត្រូវ​អួត នោះ​គាត់​មាន​ហេតុ​ផល​ដែល​ត្រូវ​អួតច្រើន​ជាង​ពួក​គេ​ទៅ​ទៀត។ គាត់​ថា “បើ​មាន​អ្នក​ណា​ទៀត​ស្មាន​ថា ខ្លួន​ទុក​ចិត្ត​ខាង​សាច់​ឈាម​បាន នោះ​ខ្ញុំ​ក៏​លើស​ទៅ​ទៀត”(៣:៤)។ តែ​គាត់​ដឹង​ថា សាវតា និង​ការ​ប្រព្រឹត្ត​ល្អ​របស់​គាត់ គឺ​សុទ្ធ​តែ​ជា “សំរាម” បើ​ធៀប​នឹង “ការ​ស្គាល់​ព្រះ​គ្រីស្ទ”(ខ.៨)។ មាន​តែ​ព្រះ​យេស៊ូវ​ទេ ដែល​ស្រឡាញ់​យើង ដោយ​មិន​ប្រកាន់​ថា យើង​ជា​នរណា ហើយ​ក៏​បាន​សង្រ្គោះ និង​ប្រទាន​យើង​ នូវអំណាច ដើម្បី​ផ្លាស់​ប្រែ ឲ្យ​មាន​លក្ខណៈ​កាន់​តែ​ល្អ​ដូច​ព្រះ​អង្គ។ យើង​មិន​ពឹង​អាង​កម្លាំង​ខ្លួន​ឯង ឬ​ខំ​សន្សំ​ពិន្ទុដែល​គ្មានប្រយោជន៍​ទៀត​ឡើយ។​

អំណួត​គឺ​ជា​អំពើ​បាប តែ​ការ​អួត ដោយ​ផ្អែក​ទៅ​លើ​ការ​មាន​ទំនុក​ចិត្ត​ខុស នឹង​នាំ​មក​នូវ​រឿង​ដ៏​សោក​សៅ។ ដំណឹង​ល្អ​បានត្រាស់​ហៅ​យើង ឲ្យ​ងាក​ចេញ​ពី​ការ​មាន​ទំនុក​ចិត្ត​ខុស ហើយ​បែរ​មក​រក​ការ​ប្រកប ជា​មួយ​ព្រះ​អង្គ​សង្រ្គោះ ដែល​ស្រឡាញ់​យើង និង​លះ​បង់​អង្គ​ទ្រង់ ដើម្បី​យើង។​-Glenn Packiam