លោកចន ហាភ័រ(John Harper) មិនបានដឹងថា នឹងមានរឿងអ្វីកើតឡើង នៅពេលដែលគាត់ និងកូនស្រីរបស់គាត់អាយុ៦ឆ្នាំ ឡើងជិះកប៉ាល់ទីតានិច។ ប៉ុន្តែ គាត់គ្រាន់តែដឹងថា : គាត់ស្រឡាញ់ព្រះយេស៊ូវ ហើយមានចិត្តឆេះឆួលចង់ឲ្យអ្នកដទៃស្គាល់ព្រះអង្គផងដែរ។ បន្ទាប់ពីកប៉ាល់ទីតានិចបុកផ្ទាំងទឹកកកភ្លាម ទឹកក៏បានលិចចូលខាងក្នុង។ បុរសពោះម៉ាយ ហាភ័រ ក៏បានដាក់កូនស្រីតូចរបស់គាត់ ក្នុងទូកសង្រ្គោះ រួចចូលទៅក្នុងភាពជ្រួលច្របល់ នៅលើកប៉ាល់នោះ ដើម្បីជួយសង្រ្គោះជីវិតមនុស្សឲ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន។ ខណៈពេលដែលគាត់កំពុងចែកអាវសុវត្ថិភាព គាត់បានស្រែកឡើងថា “ស្រ្តី និងក្មេងៗ និងអ្នកដែលមិនទាន់បានសង្រ្គោះ សូមចូលទៅក្នុងទូកសង្រ្គោះមុនគេ”។ រហូតដល់ដង្ហើមចុងក្រោយ លោកហាភ័របានចែកចាយអំពីព្រះយេស៊ូវ ដល់នរណាក៏ដោយ ដែលនៅក្បែរគាត់។ គាត់បានស្ម័គ្រចិត្តលះបង់ជីវិត ដើម្បីឲ្យអ្នកដទៃអាចមានជីវិតរស់។
មានព្រះមួយអង្គ ដែលបានលះបង់ព្រះជន្ម ដោយស្ម័គ្រព្រះទ័យ កាលពីជាង២ពាន់ឆ្នាំមុន ដើម្បីឲ្យខ្ញុំ និងអ្នកអាចរស់នៅ មិនគ្រាន់តែនៅក្នុងជីវិតនេះ តែនៅក្នុងជីវិតអស់កល្បផងដែរ។ ការជួយសង្រ្គោះមនុស្សជាតិ គឺជាបេសកកម្មប្រចំាព្រះជន្មរបស់ព្រះអង្គ។ មានពេលមួយនោះ ពេលដែលព្រះអង្គកំពុងមានបន្ទូលជាមួយអ្នកដឹកនាំសាសនា ព្រះអង្គបានមានបន្ទូលម្តងហើយម្តងទៀតថា ព្រះអង្គបានស៊ូលះបង់ព្រះជន្មព្រះអង្គ(យ៉ូហាន ១០:១១,១៥,១៧,១៨)។ ព្រះអង្គមិនគ្រាន់តែបានមានបន្ទូលប៉ុណ្ណោះទេ តែថែមទាំងបានធ្វើតាមបន្ទូលព្រះអង្គ ដោយបានសុគតយ៉ាងវេទនា នៅលើឈើឆ្កាង។ ព្រះអង្គបានយាងមក ដើម្បីឲ្យមនុស្សទំាងអស់មានជីវិត ហើយឲ្យជីវិតនោះពេញបរិបូរផង(ខ.១០)។-Estera Pirosca Escobar