នៅក្នុងការសម្តែងនូវការគោរព នៅទីបញ្ចុះសពរបស់លោកហ៊ែនរិក អេ ឡូរេន(Hendrik A. Lorentz) លោកអាល់បឺត អាញស្ទាញ(Albert Einstein) មិនបាននិយាយអំពីការប្រកែកគ្នាផ្នែកវិទ្យាសាស្រ្ត ដែលខ្លួនធ្លាប់មាន ជាមួយអ្នកវិទ្យាសាស្រ្តហូឡង់ដ៏ល្បីល្បាញរូបនេះឡើយ។ ផ្ទុយទៅវិញ គាត់បានរំឭកអំពី “សេចក្តីសប្បុរស” របស់លោកហ៊ែនរិក ជារូបវិទូ ដែលគេបានគោរពស្រឡាញ់ ដោយសារគាត់មិនចេះសាំញំា និងប្រព្រឹត្តចំពោះអ្នកដទៃ ដោយយុត្តិធម៌។ លោកអាញ់ស្ទាញក៏បានមានប្រសាស៍ថា “គេគ្រប់គ្នាដើរតាមគាត់ ដោយចិត្តរីករាយ ព្រោះពួកគេគិតថា គាត់មិនដែលព្យាយាមគ្របសង្កត់មកលើអ្នកដទៃនោះទេ តែគ្រាន់តែបានព្យាយាមធ្វើខ្លួនឯងឲ្យមានប្រយោជន៍”។
លោកហ៊ែនរិកបានបណ្តាលចិត្តអ្នកវិទ្យាសាស្រ្តទាំងឡាយ ឲ្យធ្វើការជាមួយគ្នា ដោយមិនប្រកាន់និន្នាការនយោបាយ ជាពិសេស នៅក្រោយសម័យសង្រ្គាមលោកលើកទី១។ លោកហ៊ែនរិក ក៏បានទទួលពានរង្វាន់ណូបែល ដូចលោកអាញស្ទាញផងដែរ។ លោកអាញស្ទាញក៏បានមានប្រសាសន៍អំពីគាត់ថា “លោកហ៊ែនរិកថែមទាំងបានលះបង់អាត្មាខ្លួនឯង ដើម្បីការងារផ្សះផ្សា មុនពេលសង្រ្គាមបញ្ចប់ទៀងផង”។
មនុស្សម្នាក់ៗនៅក្នុងពួកជំនុំ ក៏គួរតែយកការងារផ្សះផ្សា ជាគោលដៅផងដែរ។ ជាការពិតណាស់ ការប៉ះទង្គិចគ្នាខ្លះ គឺមិនអាចជៀសរួចឡើយ។ តែយើងត្រូវតែមានចំណែកចូលរួម នៅក្នុងការដោះស្រាយ ដោយសន្តិវិធី។ សាវ័កប៉ុលបានបង្រៀនថា “ចូរខឹងចុះ តែកុំឲ្យធ្វើបាបឡើយ កុំឲ្យសេចក្តីកំហឹងរបស់អ្នកនៅដរាបដល់ថ្ងៃលិចឡើយ”(អេភេសូរ ៤:២៦)។ ដើម្បីលូតលាស់ជាមួយគ្នា សាវ័កប៉ុលបានបង្រៀនយើងថា “មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយ ចេញពីមាត់អ្នករាល់គ្នាឡើយ ចូរបញ្ចេញតែពាក្យណាដែលល្អៗ សំរាប់នឹងស្អាងចិត្តតាមត្រូវការ ដើម្បីឲ្យបានផ្តល់ព្រះគុណដល់អស់អ្នកដែលស្តាប់”(ខ.២៩)។
សាវ័កប៉ុលក៏បានមានប្រសាសន៍ផងដែរថា “ចូរខំដកគ្រប់ទាំងសេចក្តីជូរល្វីង ក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និងគ្រប់ទាំងសេចក្តីអាក្រក់ ចេញពីពួកអ្នករាល់គ្នាទៅ ៣២ ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នា ដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នា ដោយព្រះគ្រីស្ទដែរ”(ខ.៣១-៣២)។ ការងាកចេញពីជម្លោះ អាចជួយស្អាងពួកជំនុំរបស់ព្រះឡើង។ ធ្វើដូចនេះ យើងនឹងបានថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ។-Patricia Raybon