នៅ​ក្នុង​ការ​សម្តែង​នូវ​ការ​គោរព នៅ​ទី​បញ្ចុះ​សព​របស់​លោក​ហ៊ែនរិក អេ ឡូរេន(Hendrik A. Lorentz) លោក​អាល់បឺត អាញស្ទាញ(Albert Einstein) មិន​បាន​និយាយ​អំពី​ការ​ប្រកែក​គ្នា​ផ្នែក​វិទ្យា​សាស្រ្ត ដែល​ខ្លួន​ធ្លាប់​មាន ជា​មួយ​អ្នក​វិទ្យា​សាស្រ្តហូឡង់​ដ៏​ល្បី​ល្បាញ​រូប​នេះ​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​រំឭក​អំពី “សេចក្តី​សប្បុរស” របស់​លោក​ហ៊ែនរិក ជា​រូប​វិទូ ដែល​គេ​បាន​គោរព​ស្រឡាញ់ ដោយ​សារ​គាត់​មិន​ចេះ​សាំញំា និង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ដោយ​យុត្តិ​ធម៌។ លោក​អាញ់​ស្ទាញ​ក៏​បានមាន​ប្រសាស៍​ថា “គេ​គ្រប់​គ្នា​ដើរ​តាម​គាត់ ដោយ​ចិត្ត​រីក​រាយ ព្រោះ​ពួក​គេ​គិត​ថា គាត់​មិន​ដែល​ព្យាយាម​គ្របសង្កត់​មក​លើ​អ្នកដទៃ​នោះ​ទេ តែ​គ្រាន់​តែ​បាន​ព្យាយាម​ធ្វើ​ខ្លួន​ឯង​ឲ្យ​មាន​ប្រយោជន៍”។​

លោក​ហ៊ែន​រិក​បាន​បណ្តាល​ចិត្ត​អ្នក​វិទ្យា​សាស្រ្ត​ទាំង​ឡាយ ឲ្យ​ធ្វើ​ការ​ជា​មួយ​គ្នា ដោយ​មិន​ប្រកាន់​និន្នា​ការ​នយោ​បាយ ជាពិសេស នៅ​ក្រោយ​សម័យ​សង្រ្គាម​លោក​លើក​ទី​១។ លោក​ហ៊ែនរិក ក៏​បាន​ទទួល​ពាន​រង្វាន់​ណូបែល ដូច​លោក​អាញស្ទាញផង​ដែរ​។ លោក​អាញ​ស្ទាញ​ក៏​បាន​មាន​ប្រសាសន៍​អំពី​គាត់​ថា “លោក​ហ៊ែនរិក​ថែម​ទាំង​បាន​លះ​បង់​អាត្មា​ខ្លួន​ឯង ដើម្បី​ការងារ​ផ្សះ​ផ្សា មុន​ពេល​សង្រ្គាម​បញ្ចប់​ទៀង​ផង”។

មនុស្ស​ម្នាក់​ៗ​នៅ​ក្នុង​ពួក​ជំនុំ ក៏​គួរ​តែ​យក​ការងារ​ផ្សះផ្សា ជា​គោល​ដៅ​ផង​ដែរ។ ជា​ការ​ពិត​ណាស់ ការ​ប៉ះ​ទង្គិច​គ្នា​ខ្លះ គឺ​មិន​អាច​ជៀស​រួច​ឡើយ។​ តែ​យើង​ត្រូវ​តែ​មាន​ចំណែក​ចូល​រួម នៅ​ក្នុង​ការ​ដោះ​ស្រាយ ដោយ​សន្តិ​វិធី។ សាវ័ក​ប៉ុល​បាន​បង្រៀន​ថា “ចូរ​ខឹង​ចុះ តែ​កុំ​ឲ្យ​ធ្វើ​បាប​ឡើយ កុំ​ឲ្យ​សេចក្តី​កំហឹង​របស់​អ្នក​នៅ​ដរាប​ដល់​ថ្ងៃ​លិច​ឡើយ”(អេភេសូរ ៤:២៦)។ ដើម្បី​លូតលាស់​ជា​មួយ​គ្នា សាវ័ក​ប៉ុល​បាន​បង្រៀន​យើង​ថា “មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​អាក្រក់​ណា​មួយ ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឡើយ ចូរ​បញ្ចេញ​តែ​ពាក្យ​ណា​ដែល​ល្អៗ សំរាប់​នឹង​ស្អាង​ចិត្ត​តាម​ត្រូវ​ការ ដើម្បី​ឲ្យ​បាន​ផ្តល់​ព្រះគុណ​ដល់​អស់​អ្នក​ដែល​ស្តាប់”(ខ.២៩)។

សាវ័ក​ប៉ុល​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា “ចូរ​ខំ​ដក​គ្រប់​ទាំង​សេចក្តី​ជូរ​ល្វីង ក្តៅ​ក្រហាយ កំហឹង ឡូឡា ជេរ​ប្រមាថ និង​គ្រប់​ទាំង​សេចក្តី​អាក្រក់ ចេញ​ពី​ពួក​អ្នក​រាល់​គ្នា​ទៅ ៣២ ចូរ​មាន​ចិត្ត​សប្បុរស​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​មាន​ចិត្ត​ទន់​សន្តោស ហើយ​អត់​ទោស​គ្នា ដូច​ជា​ព្រះ​ទ្រង់​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះគ្រីស្ទ​ដែរ”(ខ.៣១-៣២)។ ការ​ងាក​ចេញ​ពី​ជម្លោះ អាច​ជួយ​ស្អាង​ពួក​ជំនុំ​របស់​ព្រះ​ឡើង។ ធ្វើ​ដូច​នេះ​ យើង​នឹង​បាន​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ​អង្គ។-Patricia Raybon