បន្ទាប់ពីឡានកញ្ចាស់របស់អ្នកស្រីវីគី(Vicki)ខូច មិនអាចជួសជុលបាន គាត់ក៏បានចាប់ផ្តើមប្រមូលលុយ ដើម្បីទិញឡានមួយទៀត។ អ្នកស្រីវីគីធ្វើការនៅភោជនីយដ្ឋាន សម្រាប់កម្មុងអាហារតាមមាត់បង្អូចភោជនីយដ្ឋាន។ លោកគ្រីស(Chris) ជាភ្ញៀវដែលបានទៅទិញអាហារ នៅភោជនីយដ្ឋាននោះជាញឹកញាប់ ក៏បានឮអ្នកស្រីវីគីនិយាយថា គាត់ត្រូវការឡានមួយគ្រឿង។ លោកគ្រីសក៏បាននិយាយថា គាត់មិនអាចឈប់គិតអំពីរឿងនោះបានទេ ហើយគាត់ត្រូវតែធ្វើអ្វីម្យ៉ាង។ គាត់ក៏បានទិញឡានដែលកូនប្រុសរបស់គាត់ដាក់លក់ បន្ទាប់ពីបានប្រើប្រាស់វា កាលពីពេលកន្លងមក ។ គាត់ឲ្យគេបាញ់ថ្នាំថ្មី ហើយក៏បានប្រគល់កូនសោរទៅអ្នកស្រី វីគី។ អ្នកស្រីវីគីមានការភ្ញាក់ផ្អើលណាស់ បានជាគាត់លាន់មាត់ ដោយការងឿងឆ្ងល់ និងការដឹងគុណ។
ព្រះគម្ពីរបានត្រាស់ហៅយើង ឲ្យរស់នៅ ដោយដៃដែលបើកទូលាយ ចែករំលែកអ្វីដែលយើងមាន ដោយចិត្តជ្រះថ្លា តាមលទ្ធភាពរបស់យើង ដើម្បីបំពេញតម្រូវការរបស់អ្នកដទៃ។ គឺដូចដែលបទគម្ពីរធីម៉ូថេបានមានចែងថា “ចូរបង្គាប់ឲ្យគេធ្វើគុណ និងការល្អជាបរិបូរ ព្រមទាំងចែកទានដោយសទ្ធា ហើយប្រុងប្រៀបនឹងជួយគេផង”(១ធីម៉ូថេ ៦:១៨)។ យើងមិនចេះតែធ្វើអំពើសប្បុរសដោយគ្មានការពិចារណានោះឡើយ តែយើងត្រូវរស់នៅ ដោយវិញ្ញាណដែលចេះចែករំលែក ដោយអំណរ។ ចូរយើងរស់នៅ ដោយចិត្តទូលាយ។ ព្រះទ្រង់បានបង្គាប់យើងឲ្យ “មានចិត្តសប្បុរស ហើយស្ម័គ្រចិត្តចែករំលែក”(ខ.១៨)។
កាលណាយើងរស់នៅ ដោយចិត្តទូលាយ និងសប្បុរស នោះយើងមិនចាំបាច់ត្រូវខ្លាចខ្វះខាតនោះឡើយ។ ផ្ទុយទៅវិញ ព្រះគម្ពីរបានប្រាប់យើងថា ការធ្វើដូចនេះ គឺមានន័យថា យើងកំពុងតែរស់នៅ ក្នុងជីវិតពិត ដែលព្រះទ្រង់សព្វព្រះទ័យ(ខ.១៩)។ ដោយសារយើងមានព្រះគង់នៅជាមួយនោះ ជីវិតពិតរបស់យើង គឺជាការឈប់ក្តាប់អ្វីៗដែលយើងមាន ហើយធ្វើការចែករំលែកដល់អ្នកដទៃ ដោយចិត្តជ្រះថ្លា។-Winn Collier