កាល​សង្រ្គាម​លោក​លើក​ទី​១ បាន​ផ្ទុះ​ឡើង ក្នុងឆ្នាំ១៩១៤ រដ្ឋ​បុរស​នៃ​ចក្រ​ភព​អង់​គ្លេស លោក អេដវើត ក្រេយ(Edward Grey) បាន​ប្រកាស់​ថា “ចង្កៀង​បាន​រលត់ នៅ​ទូទាំង​ទ្វីប​អឺរ៉ុប យើង​នឹង​មិន​បាន​ឃើញ​ចង្កៀង​ទំាង​នោះ​ឆេះ​ឡើង​វិញ ក្នុង​មួយជីវិត​យើង​ឡើយ”។ លោក​ក្រេយ​ពិត​ជា​និយាយ​ត្រូវ។ ពេល​ដែល​សង្រ្គាម​ចប់ មនុស្ស​ប្រហែល​២​០​លាន​នាក់​បាន​ស្លាប់បាត់​បង់​ជីវិ​ត(១០​លាន​នាក់ ជា​ជន​ស៊ីវិល) ហើយ​មនុស្ស​២១​លាន​នាក់​ទៀត​រង​របួស។​

ពេល​ខ្លះ​រឿង​ដ៏​តក់​ស្លត់​ក៏​អាច​កើត​មាន​ឡើង ក្នុង​ជីវិត​យើង​ផ្ទាល់​ផង​ដែរ ទោះ​មិន​ធំ ឬ​ធ្ងន់​ធ្ងរ​ដូច​សង្រ្គាម​លោក​ក៏​ដោយ។ ផ្ទះ កន្លែង​ធ្វើ​ការ ព្រះ​វិហារ ឬ​តំបន់​ដែល​យើង​រស់​នៅ ក៏​អាច​ត្រូវ​បាន​គ្រប​ដណ្តប់ ទៅ​ចំណុច​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​នៃ​ជម្លោះ។ ហេតុនេះ​ហើយ​បាន​ជា​ព្រះ​អម្ចាស់​ទ្រង់​បាន​ត្រាស់​ហៅ​យើង ឲ្យ​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ ក្នុង​លោកិយ​នេះ។ ប៉ុន្តែ យើង​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ប្រាជ្ញា​របស់​ព្រះ​អង្គ។ ត្រង់​ចំណុច​នេះ សាវ័ក​យ៉ាកុប​បាន​មាន​ប្រសាសន៍​ថា “​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ នោះ​មុន​ដំបូង​ហៅ​ថា​បរិសុទ្ធ រួច​មក​មាន​មេត្រី​ចិត្ត សេចក្តី​សំឡូត ចិត្ត​ទន់ ក៏​ពេញ​ដោយ​សេចក្តី​មេត្តាករុណា និង​ផល​ល្អ ឥត​រើស​មុខ ហើយ​ឥត​ពុត​មាយា​ផង ១៨ រីឯ​ផល​នៃ​សេចក្តី​សុចរិត នោះ​បាន​ព្រោះ​ចុះ​ដោយ​សេចក្តី​មេត្រី សំរាប់​ពួក​អ្នក​ដែល​រក​សេចក្តី​មេត្រី​នោះ​ឯង”(យ៉ាកុប ៣:១៧-១៨)។

តួ​នាទី​របស់​អ្នក​ផ្សះផ្សា​គឺ​សំខាន់​ណាស់ បើ​សិន​ជា​យើង​គិត​ដល់​លទ្ធ​ផល​នៃ​ការ​ផ្សះ​ផ្សា។​ ពាក្យសេចក្តី​សុចរិត គឺ​មាន​ន័យ​ថា “ភាព​ត្រូវ ជា​មួយ​ព្រះ” ឬ “មាន​ទំនាក់​ទំនង​ដែល​ត្រឹម​ត្រូវ”។ អ្នក​ផ្សះផ្សា​អាច​ជួយ​ស្អាង ទំនាក់​ទំនង ឡើង​វិញ។ ហេតុ​នេះហើយ​បាន​ជា​ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “មាន​ពរ​ហើយ អស់​អ្នក​ដែល​ផ្សះផ្សា​គេ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ហៅ​ជា​កូន​របស់​ព្រះ”(ម៉ាថាយ ៥:៩)។

កូន​របស់​ព្រះ​អង្គ ដែល​ពឹង​ផ្អែក​លើ​ប្រាជ្ញា​របស់​ព្រះ​អង្គ នឹង​ក្លាយ​ជា​ឧបករណ៍​នៃ​សន្តិ​ភាព​របស់​ព្រះ​អង្គ នៅ​កន្លែង​ណា​ដែល​គេ​ត្រូវ​ការ​សន្តិ​ភាព​បំផុត។-Bill Crowder