មានអតីតយុទ្ធជនម្នាក់មានវ័យកាន់តែចាស់ គាត់មិនល្អឥតខ្ចោះទេ ហើយការនិយាយស្តីក៏គ្រោតគ្រាតផងដែរ។ ថ្ងៃមួយ មិត្តភក្តិគាត់ម្នាក់ដែលខ្វល់ពីគាត់ ក៏បានសាកសួរគាត់ អំពីជំនឿរបស់គាត់។ គាត់ក៏បានឆ្លើយតប ក្នុងលក្ខណៈបដិសេធន៍យ៉ាងលឿនថា “ព្រះមិនមានកន្លែងសម្រាប់មនុស្សដូចខ្ញុំទេ”។
ការនេះប្រហែលគ្រាន់តែជាផ្នែកមួយនៃការសម្តែងរបស់គាត់ “ក្នុងលក្ខណៈជាបុរសមិនចុះញម” ប៉ុន្តែ អ្វីដែលគាត់និយាយ មិនមែនជាការពិតទេ។ ព្រះទ្រង់ក៏បានបង្កើតកន្លែង ជាពិសេស សម្រាប់មនុស្សដែលគ្រោតគ្រាត ប្រកាន់ទោសខ្លួនឯង និងគេមិនរាប់រក ដើម្បីឲ្យពួកគេមានចំណែក និងលូតលាស់ក្នុងសហគមន៍របស់ព្រះអង្គ។ ជាក់ស្តែង ចាប់តាំងពីដើមដំបូងនៃព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ព្រះអង្គបានជ្រើសរើសសាវ័ករបស់ព្រះអង្គ តាមរបៀបដែលគួរឲ្យភ្ញាក់ផ្អើល។ ពីដំបូង ព្រះអង្គបានជ្រើសរើសអ្នកនេសាទមួយចំនួន នៅស្រុកកាលីឡេ គឺខុសពីការរំពឹងគិត របស់អ្នកនៅទីក្រុងយេរូសាឡិម។ ព្រះអង្គក៏បានជ្រើសរើសអ្នកយកពន្ធម្នាក់ ឈ្មោះម៉ាថាយ ដែលការងាររបស់គាត់ ក៏បានរាប់បញ្ចូលការកេងប្រវ័ញ្ចជនរួមជាតិរបស់គាត់ ដែលស្ថិតក្រោមការកៀបសង្កត់របស់សាសន៍ដទៃ។ បន្ទាប់មក ជាងនេះទៅទៀត ព្រះអង្គក៏បានត្រាស់ហៅមនុស្សម្នាក់ទៀត ដែលមានឈ្មោះស៊ីម៉ូនផងដែរ និងជា “ពួកឧស្សាហ៍ដែលបះបោរប្រឆាំងនឹងចក្រភពរ៉ូម៉ាំង”(ម៉ាកុស ៣:១៨)។
ព្រះគម្ពីរមិនបាននិយាយលម្អិត អំពីលោកស៊ីម៉ូនទេ(មិនមែនស៊ីម៉ូន ពេត្រុស) ប៉ុន្តែ យើងអាចដឹងថា ពួកឧស្សាហ៍ជានរណា។ ពួកនេះស្អប់ជនក្បត់ជាតិ ដូចលោកម៉ាថាយជាដើម ដែលបានក្លាយជាអ្នកមានដោយសារការចូលដៃជាមួយចក្រភពរ៉ូម៉ាំងដែលជនជាតិយូដាស្អប់ខ្ពើម។ ប៉ុន្តែ ព្រះយេស៊ូវបានធ្វើនូវរឿងដែលគេមិននឹកស្មានដល់ ដោយជ្រើសរើសទាំងលោកស៊ីម៉ូន និងលោកម៉ាថាយ ឲ្យនៅជាមួយគ្នា នៅក្នុងក្រុមសាវ័ករបស់ព្រះអង្គ។
យើងមិនអាចនិយាយថា នរណាម្នាក់មានលក្ខណៈអាក្រក់ពេក សម្រាប់ព្រះយេស៊ូវនោះឡើយ។ សរុបមក ព្រះអង្គមានបន្ទូលថា “ខ្ញុំមិនបានហៅពួកមនុស្សសុចរិតទេ គឺមកហៅតែមនុស្សមានបាប ឲ្យគេប្រែចិត្តវិញទេតើ”(លូកា ៥:៣២)។ ព្រះអង្គមានកន្លែងជាច្រើន សម្រាប់មនុស្សគ្រប់ប្រភេទ ព្រមទាំងខ្ញុំ និងអ្នកផងដែរ។-Tim Gustafson