មាន​អតីត​យុទ្ធជន​ម្នាក់​មាន​វ័យ​កាន់​តែ​ចាស់ គាត់​មិន​ល្អ​ឥត​ខ្ចោះ​ទេ ហើយ​ការ​និយាយ​ស្តី​ក៏គ្រោត​គ្រាត​ផង​ដែរ។ ថ្ងៃ​មួយ​ មិត្តភក្តិ​គាត់​ម្នាក់​ដែល​ខ្វល់​ពី​គាត់ ក៏​បាន​សាក​សួរ​គាត់​ អំពី​ជំនឿ​របស់​គាត់។​ គាត់​ក៏​បាន​ឆ្លើយ​តប ក្នុង​លក្ខណៈ​បដិសេធន៍​យ៉ាងលឿន​ថា “ព្រះ​មិន​មាន​កន្លែង​សម្រាប់​មនុស្ស​ដូច​ខ្ញុំ​ទេ”។

ការ​នេះ​ប្រហែល​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ការ​សម្តែង​របស់​គាត់ “ក្នុង​លក្ខណៈ​ជា​បុរស​មិន​ចុះ​ញម” ប៉ុន្តែ អ្វី​ដែល​គាត់​និយាយ មិន​មែន​ជា​ការ​ពិត​ទេ។ ព្រះ​ទ្រង់​ក៏​បាន​បង្កើត​កន្លែង ជា​ពិសេស សម្រាប់​មនុស្ស​ដែល​គ្រោត​គ្រាត ប្រកាន់​ទោស​ខ្លួន​ឯង និងគេ​មិន​រាប់​រក ដើម្បី​ឲ្យ​ពួក​គេ​មាន​ចំណែក និង​លូត​លាស់​ក្នុង​សហគមន៍​របស់​ព្រះ​អង្គ។ ជាក់​ស្តែង ចាប់​តាំង​ពី​ដើម​ដំបូង​នៃ​ព្រះរាជ​កិច្ច​របស់​ព្រះ​យេស៊ូវ ព្រះ​អង្គ​បាន​ជ្រើស​រើស​សាវ័ក​របស់​ព្រះ​អង្គ តាម​របៀប​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ ពី​ដំបូង ព្រះ​អង្គ​បានជ្រើស​រើស​អ្នក​នេសាទ​មួយ​ចំនួន នៅ​ស្រុក​កាលីឡេ គឺ​ខុស​ពី​ការ​រំពឹង​គិត របស់​អ្នក​នៅ​ទី​ក្រុង​យេរូសាឡិម។ ព្រះ​អង្គ​ក៏​បាន​ជ្រើស​រើស​អ្នក​យក​ពន្ធ​ម្នាក់ ឈ្មោះ​ម៉ាថាយ ដែល​ការ​ងារ​របស់​គាត់ ក៏​បាន​រាប់​បញ្ចូល​ការ​កេង​ប្រវ័ញ្ច​ជន​រួម​ជាតិ​របស់​គាត់ ដែល​ស្ថិត​ក្រោម​ការ​កៀប​សង្កត់​របស់​សាសន៍​ដទៃ។ បន្ទាប់​មក ជាង​នេះ​ទៅ​ទៀត ព្រះ​អង្គ​ក៏​បាន​ត្រាស់​ហៅ​មនុស្ស​ម្នាក់​ទៀត ដែល​មាន​ឈ្មោះ​ស៊ីម៉ូន​ផង​ដែរ និង​ជា “ពួក​ឧស្សាហ៍​ដែល​បះ​បោរ​ប្រឆាំង​នឹង​ចក្រ​ភព​រ៉ូម៉ាំង”(ម៉ាកុស ៣:១៨)។

ព្រះ​គម្ពីរ​មិន​បាន​និយាយ​លម្អិត អំពី​លោក​ស៊ីម៉ូន​ទេ​(មិន​មែន​ស៊ីម៉ូន ពេត្រុស) ប៉ុន្តែ យើង​អាច​ដឹង​ថា ពួក​ឧស្សាហ៍​ជា​នរណា។ ពួក​នេះ​ស្អប់​ជន​ក្បត់​ជាតិ​ ដូច​លោក​ម៉ាថាយ​ជា​ដើម ដែល​បាន​ក្លាយ​ជា​អ្នក​មាន​ដោយ​សារ​ការ​ចូល​ដៃ​ជា​មួយ​ចក្រ​ភព​រ៉ូម៉ាំងដែល​ជន​ជាតិ​យូដា​ស្អប់​ខ្ពើម។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​ធ្វើ​នូវ​រឿង​ដែល​គេ​មិន​នឹក​ស្មាន​ដល់ ដោយ​ជ្រើស​រើស​ទាំង​លោក​ស៊ីម៉ូន និង​លោក​ម៉ាថាយ ឲ្យ​នៅ​ជា​មួយ​គ្នា នៅ​ក្នុង​ក្រុម​សាវ័ក​របស់​ព្រះ​អង្គ។​

យើង​មិន​អាច​និយាយ​ថា នរណា​ម្នាក់​មាន​លក្ខណៈ​អាក្រក់​ពេក សម្រាប់​ព្រះ​យេស៊ូវ​នោះ​ឡើយ។ សរុប​មក ព្រះ​អង្គ​មានបន្ទូល​ថា “ខ្ញុំ​មិន​បាន​ហៅ​ពួក​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​តែ​មនុស្ស​មាន​បាប ឲ្យ​គេ​ប្រែ​ចិត្ត​វិញ​ទេ​តើ”(លូកា ៥:៣២)។ ព្រះអង្គ​មាន​កន្លែង​ជា​ច្រើន សម្រាប់​មនុស្ស​គ្រប់​ប្រភេទ ព្រម​ទាំង​ខ្ញុំ និង​អ្នក​ផង​ដែរ។-Tim Gustafson