ប្រទេស អេល សាលវ៉ាដូ បានថ្វាយការគោរពដល់ព្រះយេស៊ូវ ដោយសង់រូបចម្លាក់របស់ព្រះអង្គ ដាក់នៅចំកណ្តាលរដ្ឋធានីរបស់ខ្លួន។ ទោះវិមាននោះ មានទីតាំងនៅចំកណ្តាលរង្វង់មូល ក្នុងតំបន់ដែលមានចរាចរណ៍ដ៏មមាញឹកក៏ដោយ គេងាយនឹងមើលឃើញវិមាននោះ ដោយសារកម្ពស់ដ៏ខ្ពស់ត្រដែត ហើយឈ្មោះដែលគេបានដាក់វិមាននោះឲ្យថា “ព្រះអង្គសង្រ្គោះនៃពិភពលោក” គឺបានបង្ហាញ អំពីការកោតខ្លាច ចំពោះភាពជាព្រះរបស់ព្រះយេស៊ូវ។
គេមិនបានសង់រូបចម្លាក់ដ៏ធំនេះ ដើម្បីថ្វាយបង្គំនោះទេ ប៉ុន្តែ វាបានរំឭកយើង អំពីសេចក្តីដែលព្រះគម្ពីរបានចែង អំពីព្រះយេស៊ូវ(១យ៉ូហាន ៤:១៤)។ ព្រះគម្ពីរបានប្រាប់យើងថា ព្រះអង្គជាព្រះដែលប្រទានសេចក្តីសង្រ្គោះ ដល់មនុស្សម្នាក់ៗ។ ព្រះយេស៊ូវបានឆ្លងកាត់ព្រំដែននៃវប្បធម៌ ហើយទទួលអស់អ្នកណា ដែលចង់ស្គាល់ព្រះអង្គ ដោយចិត្តស្មោះ ដោយមិនប្រកាន់អាយុ ចំណេះដឹង ការសិក្សា ជាតិសាសន៍ អំពើបាបពីអតីតកាល ឬថានៈក្នុងសង្គមនោះឡើយ។
សាវ័កប៉ុលបានធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត នៅសម័យបុរាណ ដើម្បីប្រាប់គេអំពីព្រះជន្ម ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ។ គាត់បានផ្សព្វផ្សាយដំណឹងល្អនេះ ទៅដល់អ្នកមានអំណាច អ្នកដឹកនាំសាសនា ទាហាន ជនជាតិយូដា សាសនាដទៃ បុរស ស្រ្តី និងកុមារ។ គាត់បានពន្យល់ថា មនុស្សអាចចាប់ផ្តើមទំនាក់ទំនងជាមួយព្រះគ្រីស្ទ ដោយទទួលជឿព្រះអង្គ ជាព្រះអម្ចាស់ និងព្រះអង្គសង្រ្គោះ ដោយជឿថា ព្រះទ្រង់ពិតជាបានប្រោសព្រះអង្គ ឲ្យមានព្រះជន្មរស់ឡើងវិញ(រ៉ូម ១០:៩)។ គាត់ថា “អស់អ្នកណាជឿដល់ទ្រង់ នោះនឹងគ្មានហេតុនាំឲ្យខ្មាសឡើយ … អស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ នោះនឹងបានសង្គ្រោះ”(ខ.១១,១៣)។
ព្រះយេស៊ូវមិនមែនជារូបចម្លាក់ ដែលគេអាចថ្វាយការគោរពពីចម្ងាយនោះឡើយ តែយើងត្រូវតែមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះអង្គ ដោយសេចក្តីជំនឿ។ ចូរយើងស្គាល់តម្លៃនៃសេចក្តីសង្រ្គោះ ដែលទ្រង់បានប្រទាន ហើយបោះជំហានទៅមុខ ចូលទៅក្នុងទំនាក់ទំនងខាងវិញ្ញាណជាមួយព្រះអង្គ។-Jennifer Benson Schuldt