តើ​អ្នក​ដឹង​ទេ​ថា សត្វ​មាន់​ទើគី​ព្រៃ ចូល​ចិត្ត​ចេញ​រក​ស៊ី​ជា​ហ្វូង​? ហេតុ​អ្វី​បាន​ជា​ពេល​នេះ ខ្ញុំ​ចង់​លើក​យក​សត្វ​មាន់​ទើគី​ មកនិយាយ? ព្រោះ​ខ្ញុំ​ទើប​តែ​វិល​ត្រឡប់​មក​ពី​ការ​សម្រាក​លំហែរ​កាយ នៅ​ក្នុង​ខ្ទម​ឈើ នៅ​ជើង​ភ្នំ នៅ​ថ្ងៃ​ចុង​សប្តាហ៍។ កាល​ខ្ញុំ​នៅ​ទីនោះ​ ខ្ញុំ​មាន​ការ​ស្ញប់​ស្ញែង ចំពោះ​សត្វ​មាន់​ទើគី​មួយ​ហ្វូង​ដើរ​បន្ត​កន្ទុយ​គ្នា ដូច​រទេះ​ភ្លើង កាត់​ពី​មុខ​ផ្ទះ​របស់​យើង​ រៀង​រាល់​ថ្ងៃ។

ខ្ញុំ​មិន​ដែល​អង្គុយ​មើល​សត្វ​មាន់​ទើគី ពី​មុន​មក​ទេ។ ពួក​វា​បាន​កកាយ​ដី ដោយ​គ្មាន​មេត្តា ដោយ​ក្រញាំ​ជើង ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍។ បន្ទាប់​មក ពួក​វា​ក៏​បាន​ចឹក​ចំណី​នៅ​លើដី។(ដោយ​សារ ​នេះ​ជា​លើក​ទីមួយ ដែល​ខ្ញុំ​បាន​សង្កេត​មើល​ពួក​វា នោះ​ខ្ញុំមិន​ដឹង​ច្បាស់​១​រយ​ភាគ​រយ​ថា វា​កំពុង​តែ​ចឹក​អ្វី​ទេ)។ ដើម​គុម្ពោត​ព្រៃ​ដែល​ដុះ ក្នុង​តំបន់​នោះ ហាក់​ដូច​ជា​មិន​គួរ​ឲ្យ​ចាប់អារម្មណ៍​ទេ តែ​សត្វ​មាន់ទើគី​ទាំង​អស់​នោះ គឺ​ប្រហែល​ជាង​១០​ក្បាល សុទ្ធ​តែ​ថ្លោស​ៗ​គួរ​ឲ្យ​ទាក់​ទាញ​ណាស់។​

ការ​ទស្សនា​សត្វ​ទើគី ដែល​មាន​ចំណី​ស៊ី​គ្រប់​គ្រាន់ ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ ក្នុង​បទ​គម្ពីរ​ម៉ាថាយ ៦:២៦ ដែល​បាន​ចែង​ថា “ចូរ​ពិចារណា​ពី​សត្វ​ស្លាប​នៅ​លើ​អាកាស វា​មិន​សាបព្រោះ មិន​ច្រូត​កាត់ ឬ​ប្រមូល​ដាក់​ក្នុង​ជង្រុក​ផង តែ​ព្រះវរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​ចិញ្ចឹម​វា ឯ​អ្នក​រាល់​គ្នា តើ​គ្មាន​ដំឡៃ​លើស​ជាង​សត្វ​ទាំង​នោះ​ទេ​ឬ​អី”។ ត្រង់​ចំណុច​នេះ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​អំពី​ការ​ផ្គត់​ផ្គង់​របស់​ព្រះ សម្រាប់​សត្វ​ចាប​ដែល​គេ​មិន​ឲ្យ​តម្លៃ ដើម្បី​រំឭក​យើង​ថា ព្រះ​អង្គ​ក៏​យកព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង​ផង​ដែរ។ បើ​សត្វ​ចាប​នោះ​មាន​តម្លៃ ​តើ​ជីវិត​របស់​យើង​មាន​តម្លៃ​លើស​ពួក​វា ជាង​អម្បាលម្មានទៅ? បន្ទាប់​មក ព្រះ​យេស៊ូវ​ក៏​បាន​មាន​បន្ទូល​ប្រៀប​ធៀប អំពី​ការ​ព្រួយ​បារម្ភ​អំពី​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​យើង​(ខ.២៧-៣១) ជា​មួយ​នឹង​ជីវិត ដែល​យើង​ត្រូវ “ស្វែង​រក​នគរ និង​សេចក្តី​សុចរិត​របស់​ព្រះ​អង្គ​ជា​មុន”(ខ.២៧-៣១) ដែល​ក្នុង​ជីវិត​នោះ យើង​ទុក​ចិត្ត​លើ​ការ​ផ្គត់​ផ្គង់​ជា​បរិបូរ​របស់​ព្រះ​អង្គ។ ដោយ​សារ​ព្រះ​អង្គ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​សត្វ​ចាប ឬ​សត្វ​មាន់​ទើគី​នោះ ព្រះ​អង្គ​អាច​ថែរក្សា​ខ្ញុំ និង​អ្នក យ៉ាង​ពិត​ប្រាកដ។​-Adam R. Holz