កាលប៉ុន្មានឆ្នាំមុន ខ្ញុំបានជួបជុំជាមួយមិត្តភក្តិមួយក្រុម។ ខណៈពេលដែលខ្ញុំស្តាប់ពួកគេសន្ទនាគ្នា ខ្ញុំក៏បានដឹងថា ពួកគេម្នាក់ៗ នៅក្នុងបន្ទប់នោះ ហាក់ដូចជាកំពុងតែប្រឈមមុខដាក់សង្រ្គាម ។ ក្នុងចំណោមគ្នាយើង មានពីរនាក់មានឪពុកម្តាយកំពុងតយុទ្ធនឹងជម្ងឺមហារីក ម្នាក់ទៀតមានកូនដែលមានជម្ងឺផ្លូវចិត្តធ្វើឲ្យពិបាកបរិភោគអាហារ ហើយមិត្តភក្តិយើងម្នាក់ទៀតកំពុងតែមានការឈឺចាប់ក្នុងរូបកាយដ៏រាំរ៉ៃ ខណៈពេលដែលគ្នាយើងម្នាក់ទៀតកំពុងតែប្រឈមមុខដាក់ការវះកាត់ដ៏សំខាន់មួយ។ រឿងទាំងអស់នេះហាក់ដូចជាច្រើនណាស់ សម្រាប់យើងដែលកំពុងស្ថិតក្នុងវ័យ ៣០ និង៤០ឆ្នាំ។
បទគម្ពីររបាក្សត្រ ជំពូក១៦ បានរំឭកយើងអំពីពេលដ៏សំខាន់មួយ ក្នុងប្រវត្តិសាស្រ្តអ៊ីស្រាអែល គឺនៅពេលដែលហិបសញ្ញា ត្រូវបានគេនាំចូលទៅក្នុងទីក្រុងនៃស្តេចដាវីឌ(ទីក្រុងយេរូសាឡិម)។ លោកសាំយ៉ូអែលបានប្រាប់យើងថា រឿងនេះបានកើតឡើង ក្នុងសម័យដែលមានសន្តិភាព នៅចន្លោះសម័យសង្រ្គាម(២សំាយ៉ូអែល ៧:១)។ ពេលដែលគេបានដាក់ហិបសញ្ញា ក្នុងត្រសាល ធ្វើជាតំណាងឲ្យព្រះវត្តមានព្រះ ស្តេចដាវីឌក៏បាននាំពួកបណ្តាជនច្រៀងសរសើរដំកើងព្រះ(១របាក្សត្រ ១៦:៨-៣៦)។ ពួកអ៊ីស្រាលអែលក៏បានច្រៀងសរសើរអំណាចចេស្តារបស់ព្រះ ដែលបានធ្វើការអស្ចារ្យ ធ្វើតាមព្រះបន្ទូលសន្យា និងការពារពួកគេ កាលពីមុន(ខ.១២-២២)។ ពួកគេក៏បានស្រែកឡើងថា ចូរយើងមើលទៅព្រះអម្ចាស់ និងឥទ្ធានុភាពរបស់ទ្រង់ ចូរស្វែងរកព្រះភក្ត្រទ្រង់ជានិច្ច(ខ.១១)។ ពួកគេត្រូវមើលទៅព្រះអង្គជានិច្ច ព្រោះមានសង្រ្គាមជាច្រើនទៀត នឹងមកដល់។
ចូរយើងមើលទៅព្រះអម្ចាស់ និងឥទ្ធានុភាពរបស់ទ្រង់។ ចូរស្វែងរកព្រះភក្ត្រព្រះអង្គ។ នេះជាយោបល់ដ៏ល្អ ដែលត្រូវអនុវត្តតាម ពេលដែលជម្ងឺ ការព្រួយបារម្ភក្នុងគ្រួសារ និងសង្រ្គាមដទៃទៀត កំពុងតែនៅចំពោះមុខយើង ព្រោះព្រះអង្គមិនបានទុកឲ្យយើងប្រយុទ្ធតែម្នាក់ឯង ដោយពឹងអាងកម្លាំងខ្លួនឯង ដែលកំពុងអន់ថយនោះឡើយ។ ព្រះអង្គគង់នៅជាមួយ ព្រះអង្គមានចេស្តា ព្រះអង្គបានថែរក្សាយើងកាលពីមុន ហើយនឹងនៅតែបន្តថែរក្សាយើងទៀត។
ព្រះនៃយើងនឹងនាំយើងឆ្លងកាត់សង្រ្គាមនោះ ដោយជ័យជម្នះ។-Sheridan Voysey