កាល​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​ជួប​ជុំ​ជា​មួយ​មិត្ត​ភក្តិ​មួយ​ក្រុម។ ខណៈ​ពេល​ដែល​ខ្ញុំ​ស្តាប់​ពួក​គេ​សន្ទនា​គ្នា​​ ខ្ញុំ​ក៏​បាន​ដឹង​ថា ​ពួក​គេ​ម្នាក់​ៗ នៅ​ក្នុង​បន្ទប់​នោះ ហាក់​ដូច​ជា​កំពុង​តែ​ប្រឈម​មុខ​ដាក់​សង្រ្គាម​ ។ ក្នុង​ចំណោម​គ្នា​យើង​ មាន​ពីរ​នាក់​មាន​ឪពុក​ម្តាយ​កំពុង​តយុទ្ធ​នឹង​ជម្ងឺ​មហារីក ម្នាក់​ទៀត​មាន​កូន​ដែល​មាន​ជម្ងឺ​ផ្លូវ​ចិត្ត​ធ្វើ​ឲ្យ​ពិបាក​បរិភោគ​អាហារ ​ហើយ​មិត្ត​ភក្តិ​យើង​ម្នាក់​ទៀត​កំពុងតែ​មាន​ការ​ឈឺ​ចាប់​ក្នុង​រូប​កាយ​ដ៏​រាំរ៉ៃ  ខណៈ​ពេល​ដែល​គ្នា​យើង​ម្នាក់​ទៀត​កំពុង​តែ​ប្រឈម​មុខ​ដាក់​ការ​វះកាត់​ដ៏​សំខាន់​មួយ​។ រឿង​ទាំង​អស់​នេះ​ហាក់​ដូច​ជា​ច្រើន​ណាស់ សម្រាប់​យើង​ដែល​កំពុង​ស្ថិត​ក្នុង​វ័យ ៣០ និង​៤០ឆ្នាំ។​

បទ​គម្ពីរ​របាក្សត្រ ជំពូក​១៦ បាន​រំឭក​យើង​អំពី​ពេល​ដ៏​សំខាន់​មួយ ក្នុង​ប្រវត្តិ​សាស្រ្ត​អ៊ីស្រាអែល គឺ​នៅ​ពេល​ដែល​ហិប​សញ្ញា ត្រូវ​បាន​គេ​នាំ​ចូល​ទៅ​ក្នុង​ទីក្រុង​នៃ​ស្តេច​ដាវីឌ​(ទីក្រុង​យេរូសាឡិម)។ លោក​សាំយ៉ូអែល​បាន​ប្រាប់​យើង​ថា រឿង​នេះ​បាន​កើតឡើង ក្នុង​សម័យ​ដែល​មាន​សន្តិ​ភាព នៅ​ចន្លោះ​សម័យ​សង្រ្គាម​(២សំាយ៉ូអែល ៧:១)។ ពេល​ដែល​គេ​បាន​ដាក់​ហិប​សញ្ញា ក្នុងត្រសាល ធ្វើជា​តំណាង​ឲ្យ​ព្រះ​វត្ត​មាន​ព្រះ ស្តេច​ដាវីឌ​ក៏​បាន​នាំ​ពួក​បណ្តា​ជន​ច្រៀង​សរសើរ​ដំកើង​ព្រះ​(១របាក្សត្រ ១៦:៨-៣៦)។ ពួក​អ៊ីស្រាល​អែល​ក៏​បាន​ច្រៀង​សរសើរ​អំណាច​ចេស្តា​របស់​ព្រះ ដែល​បាន​ធ្វើ​ការ​អស្ចារ្យ ធ្វើ​តាម​ព្រះ​បន្ទូល​សន្យា និង​ការ​ពារ​ពួក​គេ កាល​ពី​មុន​(ខ.១២-២២)។ ពួក​គេ​ក៏​បាន​ស្រែក​ឡើង​ថា ចូរ​យើង​មើល​ទៅ​ព្រះ​អម្ចាស់ និង​ឥទ្ធានុ​ភាព​របស់​ទ្រង់ ចូរ​ស្វែងរក​ព្រះភក្ត្រ​ទ្រង់​ជានិច្ច(ខ.១១)។ ពួក​គេ​ត្រូវ​មើល​ទៅ​ព្រះ​អង្គ​ជា​និច្ច ព្រោះ​មាន​សង្រ្គាម​ជា​ច្រើន​ទៀត​ នឹង​មក​ដល់​។

ចូរ​យើង​មើល​ទៅ​ព្រះ​អម្ចាស់ និង​ឥទ្ធានុភាព​របស់​ទ្រង់។ ចូរ​ស្វែង​រក​ព្រះ​ភក្ត្រ​ព្រះ​អង្គ។ នេះ​ជា​យោបល់​ដ៏​ល្អ ដែល​ត្រូវ​អនុវត្ត​តាម ពេល​ដែល​ជម្ងឺ ការ​ព្រួយ​បារម្ភ​ក្នុង​គ្រួសារ និង​សង្រ្គាម​ដទៃ​ទៀត កំពុង​តែ​នៅ​ចំពោះ​មុខ​យើង ព្រោះ​ព្រះ​អង្គ​មិន​បាន​ទុក​ឲ្យយើង​ប្រយុទ្ធ​តែ​ម្នាក់​ឯង ដោយ​ពឹង​អាង​កម្លាំង​ខ្លួន​ឯង ដែល​កំពុង​អន់​ថយ​នោះ​ឡើយ។ ព្រះ​អង្គ​គង់​នៅ​ជា​មួយ ព្រះ​អង្គ​មានចេស្តា ព្រះ​អង្គ​បាន​ថែ​រក្សា​យើង​កាល​ពីមុន ហើយ​នឹង​នៅ​តែ​បន្ត​ថែរក្សា​យើង​ទៀត។​

ព្រះ​នៃ​យើង​នឹង​នាំ​យើង​ឆ្លង​កាត់​សង្រ្គាម​នោះ ដោយ​ជ័យ​ជម្នះ។-Sheridan Voysey