ទំនៀម​ទម្លាប់​នៃ​ការ​រៀប​អាពាហ៍​ពិពាហ៍​របស់​ជន​ជាតិ​រូស៊ី គឺ​មាន​ពេញ​ទៅ​ដោយ​ភាព​ស្រស់​ស្អាត និង​សារៈ​សំខាន់។ នៅ​ក្នុងពិធី​ភោជនីហា គេ​បាន​ប្រារព្ធ​នូវ​ប្រពៃណី​នេះ ដោយ​ពិធី​ករ​បាន​សុំ​ឲ្យ​ភ្ញៀង​ទាំង​អស់​លើក​កែវ​ឡើង ដើម្បី​ផ្តល់​ការ​គោរព​ដល់​គូស្វាមី​ភរិយា​ថ្មី។ ភ្ញៀវ​ម្នាក់​ៗ​ក៏​បាន​ក្រេប​ស្រា​មួយ​ជិប ពី​កែវ​ដែល​ខ្លួន​បាន​លើក​នោះ រួច​ស្រែក​ព្រម​គ្នា​ថា “Gor’ko! Gor’ko!”មាន​ន័យ​ថា “ជូរ​ល្វីង!ជូរ​ល្វីង! ពេល​ដែល​ភ្ញៀង​ទាំង​ឡាយ​បាន​ស្រែក​ដូច​នេះ​ហើយ​ កូន​ក្រមុំ​ថ្មី​ថ្មោង​ត្រូវ​ក្រោក​ឈរ ហើយ​ថើប​គ្នា ដើម្បី​ឲ្យ​ភេសជ្ជៈ​នោះ​មាន​រស់​ជាតិ​ផ្អែម​ឡើង​វិញ។​ ​

ហោរា​អេសាយ​បាន​ថ្លែង​ទំនាយ​ថា បន្ទាប់​ពី​មាន​ភាព​អស់​សង្ឃឹម ភាព​ហិន​ហោច និង​បណ្តា​សា នៅ​លើ​ផែន​ដី​(ជំពូក​២៤) ក្តីសង្ឃឹម​ដ៏​ផ្អែម​នឹង​ចូល​មក​ជំនួស គឺ​ក្តី​សង្ឃឹម​ថា នឹង​បាន​ចូល​ទៅ​រស់​នៅ ក្នុង​ផ្ទៃ​មេឃ និង​ផែន​ដី​ថ្មី​(ខ.២៥)។ នៅ​ទីនោះ​ ព្រះទ្រង់​នឹង​រៀប​ចំ​ពិធី​ជប់​លៀង ដែល​មាន​អាហារ​ជា​បរិបូរ និង​មាន​ភេសជ្ជៈ​ដែល​ល្អ និង​ផ្អែម​បំផុត។ គឺ​ពិធី​ជប់​លៀង ​នៃ​ព្រះ​ពរ ភាព​មាន​ផល​ផ្លែ និង​ការ​ផ្គត់​ផ្គង់​មិន​ចេះ​ចប់ ដល់​មនុស្ស​ទំាង​អស់​(២៥:៦)។ ជាង​នេះ​ទៅ​ទៀត​ នៅ​ក្រោម​ការ​គ្រប់​គ្រង​នៃ​ព្រះ​ដែល​ជា​មហាក្សត្រ​ដ៏​សុច​រិត សេចក្តី​ស្លាប់​នឹង​ត្រូវ​បាន​លេប​បាត់ ទឹក​ភ្នែក​ដ៏​ជូរ​ចត់​ក៏​នឹង​ត្រូវ​ជូត​ចេញ ហើយ​សេចក្តី​អាម៉ាស​ក៏ត្រូវ​ដក​ចេញ​អស់​(ខ.៧-៨)។​ហើយ​រាស្រ្ត​ព្រះ​អង្គ​នឹង​អរ​សប្បាយ​ ព្រោះ​ព្រះ​មួយ​អង្គ​ដែល​ពួក​គេ​បាន​ជឿ និង​រង់​ចាំ នឹង​នាំ​មកនូវ​សេចក្តី​សង្រ្គោះ និង​ប្រែ​ពែង​នៃ​ជីវិត​ដ៏​ជូរ​ល្វីង ឲ្យ​ក្លាយ​ជា​ផ្អែម​ឡើង​វិញ​(ខ.៩)។

ថ្ងៃ​មួយ យើង​នឹង​បាន​ទៅ​នៅ​ជា​មួយ​ព្រះ​យេស៊ូវ នៅ​ពិធី​មង្គល​ការ​របស់​កូន​ចៀម។ ពេល​ដែល​ព្រះ​អង្គ​ស្វាគមន៍​កូន​ក្រមុំ​(ពួកជំនុំ) ព្រះ​បន្ទូល​សន្យា ក្នុង​បទ​គម្ពីរ​អេសាយ ជំពូក​២៥ នឹង​បាន​សម្រេច។ ជីវិត​ដែល​ធ្លាប់​ជូរ​ល្វីង និង​មាន​រស់​ជាតិ​ផ្អែម​ឡើង​វិញ​។-Marvin Williams