ខ្ញុំ និង​ម្តាយ​ខ្ញុំ​នៅ​ក្បែរ​គ្រែ​របស់​ឪពុក​ខ្ញុំ ជា​មួយ​បង​ប្អូន​ស្រី​របស់​ខ្ញុំ ខណៈ​ពេល​ដែល​ដង្ហើម​គាត់​ កាន់​តែ​ខ្សោយ​ទៅ​ៗ ​រហូត​ដល់​ពេល​ដែល​គាត់​ផុត​ដង្ហើម។ នៅ​សល់​ពេល​តែ​ពីរ​បី​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ឪពុក​ខ្ញុំ​ចូល​ដល់​អាយុ​៨៩​ឆ្នាំហើយ ​តែ​គាត់​បាន​លាចាក​លោក​យ៉ាង​ស្ងាត់​ស្ងៀម ចូល​ទៅ​រស់​នៅ​ក្នុង​ជីវិត នៅ​ស្ថាន​សួគ៌ ដែល​ព្រះ​ទ្រង់​បាន​រង់​ចាំ​គាត់។ ការ​ចាក​ចេញ​របស់​គាត់ បាន​បន្សល់​ទុក​នូវ​ចន្លោះ​ប្រហោង ដែល​គាត់​ធ្លាប់​នៅ ហើយ​នៅ​សល់​តែ​អនុស្សាវរីយ៍ និង​ការ​នឹក​ចាំ​អំពី​គាត់។ តែ​យើង​មានសង្ឃឹម​ថា ថ្ងៃ​ណា​មួយ យើង​នឹង​បាន​ជួប​ជុំគ្នា​ឡើង​វិញ។​

យើង​មាន​សង្ឃឹម​ដូច​នេះ ព្រោះ​យើង​ជឿ​ថា ប៉ា​បាន​ទៅ​នៅ​ជា​មួយ​ព្រះ ដែល​ស្គាល់ និង​ស្រឡាញ់​គាត់។ ពេល​ដែល​គាត់​ដកដង្ហើម​ចុង​ក្រោយ គឺ​ព្រះ​អង្គ​ជា​អ្នក​ប្រទាន​ដង្ហើម​នោះ​ដល់​គាត់ តាំង​ពី​ដំបូង​មក​(អេសាយ ៤២:៥)។

ប៉ុន្តែ មុន​ពេល​គាត់​ដលកដង្ហើម​ដំបូង​ នៅ​ពេល​ចាប់​កំណើត និង​មុន​ពេល​ដែល​គាត់​ផុត​ដង្ហើម ព្រះ​ទ្រង់​បាន​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ នៅ​ក្នុង​ភាព​លម្អិត​នៃ​ជីវិត​របស់​គាត់ គឺ​ដូច​ដែល​ព្រះ​អង្គ​ធ្វើ​ការ​ក្នុង​ជីវិត​យើង​រាល់​គ្នា​ផង​ដែរ។ ព្រះ​អង្គ​ជា​អ្នក​រចនា និងផ្សំ​អវយវៈ​គាត់​ចូល​គ្នា នៅ​ក្នុង​ផ្ទៃ​ម្តាយ​គាត់​(ទំនុក​ដំកើង ១៣៩:១៣-១៤)។ ហើយ​នៅ​ពេល​ដែល​ប៉ា​ដក​ដង្ហើម​ជា​លើក​ចុងក្រោយ ព្រះ​វិញ្ញាណ​ព្រះ​គង់​នៅ​ក្បែរ​គាត់ ឱប​គាត់​ដោយ​ក្តី​ស្រឡាញ់ ហើយ​បី​គាត់​ទៅ​នៅ​ជា​មួយ​ព្រះ​អង្គ​(ខ.៧-១០)។

រឿង​ពិត​នេះ​កើត​ឡើង ក្នុង​ជីវិត​កូន​របស់​ព្រះ​គ្រប់​គ្នា។ ព្រះ​អង្គ​ជ្រាប​អំពី​ពេល​នីមួយ​ៗ ក្នុង​ជីវិត​ដ៏​ខ្លី​របស់​យើង នៅ​លើ​ផែនដី​នេះ(ខ.១-៤)។ យើង​មាន​តម្លៃ​ដ៏​វិសេស​ចំពោះ​ព្រះ​អង្គ។ ចូរ​យើង​ចូល​រួម​ជា​មួយ “ជីវិត​ទាំង​អស់​ដែល​មាន​ដង្ហើម” ដើម្បី​សរសើរ​ព្រះ​អង្គ ក្នុង​ថ្ងៃ​នីមួយ​ៗ ដែល​យើង​នៅ​សល់ ហើយ​ក្នុង​ពេល​ដែល​យើង​រំពឹង​ដល់​ថ្ងៃ​ដែល​យើង​នឹង​បាន​ទៅ​នៅ​ជា​មួយព្រះ​អង្គ។ ចូរ​យើង​សរសើរ​ព្រះ​អម្ចាស់​!(១៥០:៦)។-Alyson Kieda