ពេលដែលឆ្នំាថ្មីចូលមកដល់ គេក៏បានទម្លាក់បាល់តូចៗ នៅទីលានញូយ៉ក ថែម។ ហ្វូងមនុស្សបានរាប់ថយក្រោយ ស្វាគមន៍ឆ្នាំថ្មី ជាមួយនាឡិការប៊ីក ប៊ែន នៅទីក្រុងឡុង។ គេក៏បានបាញ់កាំជ្រួចអបអរឆ្នំាថ្មី នៅកំពង់ផែស៊ីដនី។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងរបស់អ្នកក៏ប្រហែលជាមានពិធីទទួលឆ្នាំថ្មីផងដែរ ព្រោះការស្វាគមន៍ឆ្នាំថ្មី និងការចាប់ផ្តើមជាថ្មី បាននាំមកនូវភាពរំភើបរីករាយ។ នៅថ្ងៃចូលឆ្នាំថ្មី យើងបោះជំហានចូលទៅក្នុងពេលអនាគតដែលយើងមិនដឹងថា នឹងជួបរឿងអ្វីខ្លះ។ តើមានមិត្តភាព និងឱកាសអ្វីខ្លះ ដែលយើងអាចរកឃើញ?
ឆ្នាំថ្មីនាំមកនូវភាពសប្បាយរីករាយ តែក៏បាននាំឲ្យយើងមានការព្រួយបារម្ភផងដែរ។ គ្មាននរណាម្នាក់ដឹងអំពីពេលអនាគត ឬដឹងថា ខ្លួននឹងជួបខ្យល់ព្យុះអ្វីខ្លះទេ។ បើយើងសិក្សាអំពីប្រវត្តិនៃឆ្នាំថ្មី យើងនឹងបានដឹងថា កាំជ្រួចត្រូវបានគេច្នៃបង្កើត នៅប្រទេសចិន ក្នុងគោលបំណងដើម្បីបណ្តេញវិញ្ញាណអាក្រក់ ហើយធ្វើឲ្យឆ្នាំថ្មីមានភាពសម្បូរសប្បាយ។ ហើយជនជាតិបាប៊ីឡូនធ្លាប់មានប្រពៃណីនៃការប្តេជ្ញាចិត្ត សម្រាប់ឆ្នាំថ្មី ដោយធ្វើការស្បថសច្ចា ដើម្បីផ្គាប់ចិត្តព្រះរបស់ពួកគេ។ សកម្មភាពទាំងអស់នេះ ត្រូវបានធ្វើឡើង សុទ្ធតែដើម្បីជួយខ្លួនឯង ឲ្យមានទំនុកចិត្ត ក្នុងពេលអនាគត។
ប៉ុន្តែ បន្ទាប់ពីបានធ្វើការស្បថសច្ចាហើយ ពួកបាប៊ីឡូនក៏បានធ្វើសង្រ្គាមយ៉ាងមមាញឹក ដើម្បីគ្រប់គ្រងទឹកដីជិតខាង ដែលរាប់បញ្ចូលទាំងអ៊ីស្រាអែលផងដែរ។ នៅពេលខ្លះ ព្រះទ្រង់បានមានបន្ទូលមកជនជាតិយូដាដែលជាទាសករថា កុំឲ្យភ័យខ្លាចអ្វីឡើយ … ពេលណាពួកគេឆ្លងទឹក នោះព្រះអង្គក៏នៅក្បែរពួកគេ(អេសាយ ៤៣:១-២)។ ក្រោយមក ព្រះយេស៊ូវមានបន្ទូលស្រដៀងនេះ ពេលដែលទ្រង់ និងពួកសិស្សកំពុងតែជិះទូកកាត់ខ្យល់ព្យុះដ៏កាចសាហាវ។ មុនពេលព្រះអង្គបង្គាប់ខ្យល់ព្យុះឲ្យស្ងប់ ព្រះអង្គក៏បានមានបន្ទូលទៅកាន់ពួកគេថា “ឱពួកអ្នកមានជំនឿតិចអើយ ហេតុអ្វីបានជាភ័យដូច្នេះ?”(ម៉ាថាយ ៨:២៣-២៧)។
សព្វថ្ងៃនេះ យើងបានបោះជំហាន ចូលទៅក្នុងពេលអនាគត ដែលយើងមិនដឹងថា នឹងជួបរឿងអ្វីខ្លះទេ។ ទោះយើងនឹងជួបអ្វីក៏ដោយ ព្រះអង្គគង់នៅជាមួយយើង ហើយព្រះអង្គមានអំណាចធ្វើឲ្យខ្យល់ព្យុះស្ងប់។—Sheridan Voysey