ខ្ញុំរស់នៅ ក្នុងរដ្ឋខូឡូរ៉ាដូ ដែលស្ថិតនៅភាពខាងលិចនៃសហរដ្ឋអាមេរិក ដែលសម្បូរដោយភ្នំ ដែលមានផ្ទាំងថ្មធំៗច្រើន និងមានព្រឹលធ្លាក់រៀងរាល់ឆ្នាំ។ ប៉ុន្តែ គ្រោះធម្មជាតិដែលអាក្រក់បំផុត ក្នុងរដ្ឋរបស់ខ្ញុំ មិនជាប់ទាក់ទងអ្វីនឹងព្រិលនោះឡើយ តែបានកើតឡើងដោយសារភ្លៀងធ្លាក់។ ទឹកជំនន់ប៊ីក ថមសិនបានកើតឡើង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៩៧៦ នៅទីក្រុងអេស្តេ ផាក។ ពេលដែលទឹកស្រកទៅវិញ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ១៤៤នាក់ ដោយមិនរាប់បញ្ចូលការស្លាប់របស់សត្វចិញ្ចិម។ បន្ទាប់ពីគ្រោះធម្មជាតិដ៏អាក្រក់នេះបានបញ្ចប់ គេក៏បានធ្វើការសិក្សាយ៉ាងល្អិតល្អន់ ក្នុងដំបន់នោះ ជាពិសេស ទាក់ទងនឹងគ្រឹះរបស់ផ្លូវថ្នល់ទាំងតូចទាំងធំ។ គេក៏បានសាងសង់ជញ្ជាំងពីបេតុង ដើម្បីទប់ទល់នឹងខ្យល់ព្យុះ។ អាចនិយាយបានថា ផ្លូវថ្នល់ទាំងនោះមានជញ្ជាំងការពារខ្យល់ព្យុះ ដែលមានគ្រឹះដ៏រឹងមាំ។
ក្នុងជីវិតយើង យើងមិនសួរថា តើទឹកជំនន់នឹងកើតឡើងឬទេ តែយើងសួរថា តើទឹកជំនន់នឹងកើតឡើងនៅពេលណា? ជួនកាល យើងបានទទួលដំណឹងជាមុន តែតាមធម្មតា យើងមិនបានដឹងជាមុនថា ទឹកជំនន់មកដល់នៅពេលណាទេ។ ហេតុនេះហើយបានជាព្រះយេស៊ូវបានមានបន្ទូលសង្កត់ធ្ងន់ អំពីគ្រឹះដ៏រឹងមាំ ដើម្បីត្រៀមខ្លួន សម្រាប់ទឹកជំនន់នៃជីវិត គឺគ្រឹះដែលសង់ដោយការស្តាប់ឮព្រះបន្ទូលព្រះអង្គ ហើយធ្វើតាម(លូកា ៦:៤៧)។ ការស្តាប់ ហើយធ្វើតាមព្រះបន្ទូលព្រះអង្គ គឺប្រៀបបាននឹងការចាក់បេតុងដ៏រឹងមាំ ចូលទៅក្នុងគ្រឹះជីវិតយើង។ ពេលដែលទឹកជំនន់មកដល់ យើងអាចឈរយ៉ាងមំាមួន ព្រោះយើងត្រូវបានសង់នៅលើគ្រឹះដ៏រឹងមាំ(ខ.៤៨)។ បើយើងស្តាប់ព្រះបន្ទូលព្រះអង្គ ហើយមិនប្រព្រឹត្តតាម ជីវិតយើងនឹងងាយរងគ្រោះ ហើយដួលរលំ និងជួបភាពហិនវិនាស(ខ.៤៩)។ នេះជាភាពខុសគ្នារវាងការរស់នៅប្រកបដោយប្រាជ្ញា និងការរស់នៅដោយភាពល្ងង់ខ្លៅ។
យើងចាំបាច់ត្រូវឈប់បង្អង់យូរៗម្តង ដើម្បីពិនិត្យមើលគ្រឹះរបស់យើង។ ព្រះយេស៊ូវនឹងជួយយើងពង្រឹងកន្លែងដែលទន់ខ្សោយ ដើម្បីឲ្យយើងអាចឈរយ៉ាងមាំមួន ក្នុងអំណាចព្រះអង្គ ពេលដែលទឹកជំនន់មកដល់។—John Blasé