ខ្ញុំ​រស់​នៅ ក្នុង​រដ្ឋ​ខូឡូរ៉ាដូ ដែល​ស្ថិត​នៅ​ភាព​ខាង​លិច​នៃ​សហរដ្ឋ​អាមេរិក ដែល​សម្បូរ​ដោយ​ភ្នំ ដែល​មាន​ផ្ទាំង​ថ្ម​ធំ​ៗ​ច្រើន និងមាន​ព្រឹល​ធ្លាក់​រៀង​រាល់​ឆ្នាំ។ ប៉ុន្តែ គ្រោះ​ធម្មជាតិ​ដែល​អាក្រក់​បំផុត ក្នុង​រដ្ឋ​របស់​ខ្ញុំ មិន​ជាប់​ទាក់​ទង​អ្វី​នឹង​ព្រិល​នោះ​ឡើយ តែបាន​កើត​ឡើង​ដោយ​សារ​ភ្លៀង​ធ្លាក់។ ទឹក​ជំនន់​ប៊ីក ថម​សិន​បាន​កើត​ឡើង នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​១៩៧៦ នៅ​ទីក្រុង​អេស្តេ ផាក។ ពេល​ដែល​ទឹក​ស្រក​ទៅ​វិញ ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ឡើង​ដល់ ១៤៤​នាក់ ដោយ​មិន​រាប់​បញ្ចូល​ការ​ស្លាប់​របស់សត្វ​ចិញ្ចិម​។  បន្ទាប់​ពី​គ្រោះ​ធម្មជាតិ​ដ៏​អាក្រក់​នេះបាន​បញ្ចប់ គេ​ក៏​បាន​ធ្វើ​ការ​សិក្សា​យ៉ាង​ល្អិត​ល្អន់ ក្នុង​ដំបន់​នោះ ជា​ពិសេស ទាក់​ទង​នឹង​គ្រឹះ​របស់​ផ្លូវ​ថ្នល់​ទាំង​តូច​ទាំង​ធំ។ គេ​ក៏​បាន​សាង​សង់​ជញ្ជាំង​ពី​បេតុង ដើម្បី​ទប់​ទល់​នឹង​ខ្យល់​ព្យុះ។ អាច​និយាយបាន​ថា ផ្លូវ​ថ្នល់​ទាំង​នោះ​មាន​ជញ្ជាំង​ការពារ​ខ្យល់​ព្យុះ ដែល​មាន​គ្រឹះ​ដ៏​រឹង​មាំ។

ក្នុង​ជីវិត​យើង យើង​មិន​សួរ​ថា តើ​ទឹក​ជំនន់​នឹង​កើត​ឡើង​ឬ​ទេ តែ​យើង​សួរ​ថា តើ​ទឹក​ជំនន់​នឹង​កើត​ឡើង​នៅ​ពេល​ណា? ជួន​កាល យើង​បាន​ទទួល​ដំណឹង​ជា​មុន តែ​តាម​ធម្មតា យើង​មិនបាន​ដឹង​ជា​មុន​ថា ទឹក​ជំនន់​មក​ដល់​នៅ​ពេល​ណា​ទេ។ ហេតុ​នេះហើយ​បាន​ជា​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​សង្កត់​ធ្ងន់ អំពី​គ្រឹះ​ដ៏​រឹង​មាំ ដើម្បី​ត្រៀម​ខ្លួន សម្រាប់​ទឹក​ជំនន់​នៃ​ជីវិត គឺ​គ្រឹះ​ដែល​សង់ដោយ​ការ​ស្តាប់​ឮ​ព្រះ​បន្ទូល​ព្រះ​អង្គ ហើយ​ធ្វើ​តាម​(លូកា ៦:៤៧)។ ការ​ស្តាប់ ហើយ​ធ្វើ​តាម​ព្រះ​បន្ទូល​ព្រះ​អង្គ គឺ​ប្រៀប​បាននឹង​ការ​ចាក់​បេតុង​ដ៏​រឹង​មាំ ចូល​ទៅ​ក្នុង​គ្រឹះ​ជីវិត​យើង។ ពេល​ដែល​ទឹក​ជំនន់​មក​ដល់ យើង​អាច​ឈរ​យ៉ាង​មំា​មួន ព្រោះ​យើង​ត្រូវ​បាន​សង់​នៅ​លើ​គ្រឹះ​ដ៏​រឹង​មាំ​(ខ.៤៨)។ បើ​យើង​ស្តាប់​ព្រះ​បន្ទូល​ព្រះ​អង្គ ហើយ​មិន​ប្រព្រឹត្ត​តាម ជីវិត​យើង​នឹង​ងាយ​រង​គ្រោះ ហើយ​ដួល​រលំ និង​ជួប​ភាព​ហិន​វិនាស​(ខ.៤៩)។ នេះ​ជា​ភាព​ខុស​គ្នា​រវាង​ការ​រស់​នៅ​ប្រកប​ដោយ​ប្រាជ្ញា និង​ការ​រស់​នៅដោយភាព​ល្ងង់​ខ្លៅ។

យើង​ចាំ​បាច់​ត្រូវ​ឈប់​បង្អង់យូរ​ៗ​ម្តង ដើម្បី​ពិនិត្យ​មើល​គ្រឹះ​របស់​យើង។ ព្រះ​យេស៊ូវ​នឹង​ជួយ​យើង​ពង្រឹង​កន្លែង​ដែល​ទន់ខ្សោយ ដើម្បី​ឲ្យ​យើង​អាច​ឈរ​យ៉ាង​មាំមួន ក្នុង​អំណាច​ព្រះ​អង្គ ពេល​ដែល​ទឹក​ជំនន់​មក​ដល់។​—John Blasé