ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​ឈរ​តម្រង់​ជួរ ដើម្បី​ញាំ​អាហារ​ប៊ូហ្វេ ពេល​ព្រឹក នៅ​មជ្ឈ​មណ្ឌល​សន្និ​សីទ​គ្រីស្ទ​បរិស័ទ មាន​ស្រ្តីមួយ​ក្រុម​បាន​ដើរ​ចូល​ក្នុង​សាល​ទទួល​ទាន​អាហារ។ ខ្ញុំ​ក៏​បាន​ញញឹម ហើយ​និយាយ​ពាក្យ​សួស្តី ទៅ​កាន់​ស្រ្តី​ម្នាក់ ដែល​ចូលមក​តម្រង់​ជួរ​បន្ទាប់​ពី​ខ្ញុំ។ គាត់​ក៏​បាន​និយាយ​សួស្តី​មក​ខ្ញុំ​វិញ រួច​ប្រាប់​ខ្ញុំ​ថា គាត់​ស្គាល់​ខ្ញុំ។ យើង​ក៏​បាន​ដួស​ពង​ទា​ចៀន​ដាក់ចូល​ក្នុង​ចាន​បាយ​របស់​យើង ហើយ​ក៏​បាន​ដើរ​រក​កន្លែង​អង្គុយ។ ប៉ុន្តែ ខ្ញុំ​ដឹង​ច្បាស់​ថា គាត់​ប្រាកដ​ជា​ច្រឡំ​មនុស្ស​ហើយ។

ពេល​យើង​ត្រឡប់​មក​រក​អាហារ​ពេល​ថ្ងៃ​ត្រង់ ស្ត្រី​នោះ​ក៏​បាន​ដើរ​មក​រក​ខ្ញុំ ដោយ​សួរ​ខ្ញុំ​ថា “តើ​អ្នក​មាន​ឡាន​ពណ៌​ស​មួយគ្រឿង​មែន​ទេ?”

ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​ថា ខ្ញុំ​ធ្លាប់​មាន​ឡាន​ពណ៌​ស​មួយ​គ្រឿង កាល​ពីរ​បី​ឆ្នាំ​មុន។

គាត់​សើច រួច​និយាយ​ថា “យើង​ធ្លាប់​ឈប់​នៅ​កន្លែង​ភ្លើង​ស្តុប នៅ​ក្បែរ​សាលា​មតេយ្យ​មួយ ស្ទើរ​រាល់​ព្រឹក។ ​ខ្ញុំ​តែង​តែ​ឃើញ​អ្នក​លើកដៃ​ឡើង ច្រៀង​ដោយ​អំណរ។ ខ្ញុំ​គិត​ថា អ្នក​ប្រហែល​ជា​កំពុង​តែ​ថ្វាយ​បង្គំ​ព្រះ​ហើយ។ ការ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ថ្វាយ​បង្គំជា​មួយ​អ្នក សូម្បី​តែ​នៅ​ថ្ងៃ​ដែល​ខ្ញុំ​មាន​រឿង​ជា​ច្រើន”។

យើង​ក៏​បាន​សរសើរ​ដំកើង​ព្រះ អធិស្ឋាន​ជា​មួយ​គ្នា ហើយ​ក៏​បាន​អោប​គ្នា ហើយ​ប្រកប​អាហារ​ថ្ងៃ​ត្រង់​ជា​មួយ​គ្នា ដោយ​អំណរ​។

មិត្ត​ភក្តិ​ថ្មី​ម្នាក់​នេះ​បាន​បញ្ជាក់​ថា ជា​ញឹក​ញាប់​មនុស្ស​មាន​ការ​កត់​សម្គាល់​មក​លើ​ការ​ប្រព្រឹត្ត​របស់​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ សូម្បី​តែ​នៅ​ពេល​ដែល​យើង​គិត​ថា គ្មាន​នរណា​ម្នាក់​មើល​មក​យើង​ក៏​ដោយ។​ កាល​ណា​យើង​ឱប​ក្រសោប​យក​របៀប​នៃ​ការ​រស់នៅ​ ដោយ​ការ​ថ្វាយ​បង្គំ ដោយ​អំណរ​ នោះ​យើង​អាច​ចូល​មក​រក​ព្រះ​អាទិករ​របស់​យើង គ្រប់​ពេល​វេលា និង​គ្រប់​ទី​កន្លែង។ កាល​ណា​យើង​ទទួល​ស្គាល់​សេចក្តី​ស្រឡាញ់ និង​ភាព​ស្មោះ​ត្រង់​ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះ​អង្គ ​នោះ​យើង​អាច​អរ​សប្បាយ​នឹង​ការប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​អង្គ ហើយ​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ការ​បន្ត​ថែរក្សា​យើង​(ទំនុកដំកើង ១០០)។ ពេល​ណា​អ្នកដទៃ​ឃើញ​យើង​ច្រៀង​សរសើរ​ព្រះ នៅ​ក្នុង​ឡាន​ អធិស្ឋាន​នៅ​ទីសាធារណៈ ឬផ្សព្វ​ផ្សាយ​សេចក្តី​ស្រឡាញ់​របស់​ព្រះ តាម​រយៈ​អំពើ​សប្បុរស​ធម៌​ក៏​ដោយ នោះ​ពួក​គេ​ក៏​អាច​ទទួល​ការ​បណ្តាល​ចិត្ត​ឲ្យ​សរសើរ​ដំកើង​ព្រះ​នាម​ព្រះ​អង្គ​ផង​ដែរ​(ខ.៤)។​ យើង​ថ្វាយ​បង្គំ​ព្រះ គឺ​មិន​មែន​សម្រាប់​តែ​ថ្ងៃ​អាទិត្យ​ប៉ុណ្ណោះ​ឡើយ។​—Xochitl Dixon