ថ្មី​ៗ​នេះ ឡាន​របស់​ខ្ញុំ​ត្រូវ​ការ​​ជួស​ជុល។ មាន​យាន​ដ្ឋាន​ជួស​ជុល​រថយន្ត​មួយ ស្ថិត​នៅ​ចម្ងាយ​ប្រហែល​១,៦ គីឡូ​ម៉ែត្រ​ពីផ្ទះ​ខ្ញុំ តែ​យាន​ដ្ឋាន​នោះ​មិន​បាន​បើក​ទ្វារ​ទេ​ថ្ងៃ​នោះ។ ដូច​នេះ ខ្ញុំ​ត្រូវ​សម្រេច​ចិត្ត​ដើរ​ទៅ​ផ្ទះ។ ប៉ុន្តែ ពេល​ដែល​ខ្ញុំ​កំពុង​តែ​ដើរ​នៅលើ​ចិញ្ចើម​ថ្នល់​ដែល​មាន​ចរាចរណ៍​ដ៏​មមាញឹក ខ្ញុំ​សង្កេត​ឃើញ​ថា​ម្នាក់​ៗ​បាន​ធ្វើ​ដំណើរ​លឿន​ៗ​ណាស់។​

គ្មាន​អ្វី​ចម្លែក​ទេ។ ឡាន​តែង​តែ​ធ្វើ​ដំណើរ​លឿន​ជាង​អ្នក​ថ្មើរ​ជើង​អញ្ចឹង​ឯង។ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​ដើរ​ទៅ​ផ្ទះ តាម​សម្រួល ខ្ញុំ​ក៏​បាន​គិត​ឃើញ​ថា សព្វ​ថ្ងៃ​នេះ យើង​មាន​ទម្លាប់​ធ្វើ​ដំណើរ​លឿន​ៗ ស្ទើរ​តែ​គ្រប់​ពេល​ទៅ​ហើយ។ ហើយ​ខ្ញុំ​ក៏​បានគិត​ឃើញ​ថា ជា​ញឹក​ញាប់ ខ្ញុំ​រំពឹង​ចង់​ឲ្យ​ព្រះ​ទ្រង់​ធ្វើ​ការ​លឿន សម្រាប់​ខ្ញុំ។ និយាយ​រួម ខ្ញុំ​ចង់​ឲ្យ​ផែន​ការ​របស់​ព្រះ​អង្គ មាន​ដំណើរ​ឆាប់​រហ័ស ដូច​កាល​វិភាគ​របស់​ខ្ញុំ​ផង​ដែរ។​

មុន​ពេល​ព្រះយេស៊ូវ​យាង​ឡើង​ស្ថាន​សួគ៌​វិញ ពេល​ខ្លះ​ព្រះ​អង្គ​មាន​ដំណើរ​យឺត ដែល​ធ្វើ​ឲ្យ​មិត្ត​សំឡាញ់​ទ្រង់​ខ្លះ​មាន​ការ​ខក​ចិត្ត។ ក្នុង​បទ​គម្ពីរ​យ៉ូហាន ជំពូក១១ នាង​ម៉ារា និង​ម៉ាថា បាន​ឲ្យ​គេ​ទៅ​ទូល​ព្រះ​អង្គ​ថា លោក​ឡាសា កំពុង​មាន​ជំងឺ។ ពួក​គេ​ដឹង​ថា ព្រះ​យេស៊ូវ​អាច​ជួយ​គាត់​(ខ.១-៣)។ ប៉ុន្តែ បួន​ថ្ងៃ​ក្រោយ​មក ​ព្រះ​អង្គ​ក៏​បាន​យាង​មក​ដល់(ខ.១៧) គឺ​បន្ទាប់​ពី​លោក​ឡាសា​ស្លាប់។ នាង​ម៉ាថា ក៏​បាន​ទូល​ព្រះ​យេស៊ូវ​ថា “ព្រះ​អម្ចាស់​អើយ បើ​សិន​ជា​ទ្រង់​បាន​គង់​នៅ​ទីនេះ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​មិន​បាន​ស្លាប់​ទេ”(ខ.២១)។ ពួក​គេ​មាន​ការ​ខក​ចិត្ត ព្រោះ​ព្រះ​អង្គ​មិន​បាន​ប្រញាប់​យាង​មក តាម​ការ​រំពឹង​គិត​របស់​ពួក​គេ។ ប៉ុន្តែ ព្រះ​អង្គ​មាន​ផែន​ការ​ធំ​ជាង​ការ​រំពឹង​គិត​របស់​ពួក​គេ គឺ​ផែន​ការ​ប្រោស​លោក​ឡាសា ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​(ខ.៣៨-៤៤)។

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ដូច​នាង​ម៉ាថា​ទេ? ជួន​កាល ខ្ញុំ​ចង់​ឲ្យ​ព្រះយេស៊ូវ​ឆាប់​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​ខ្ញុំ។ ជួន​កាល​ យើងគិត​ថា ព្រះ​អង្គ​ហាក់​ដូច​ជា​យឺត​យ៉ាវ ប៉ុន្តែ ផែន​ការ និង​កាល​វិភាគ​របស់​ព្រះ​អង្គ ខុស​ពី​ផែន​ការ និង​កាល​វិភាគ​របស់​យើង។ ព្រះ​អង្គ​សម្រេច​ព្រះ​រាជ​កិច្ច​នៃ​ការ​ជួយ​សង្រ្គោះ​របស់​ព្រះ​អង្គ តាម​កាល​វិភាគ​របស់​ព្រះ​អង្គ គឺ​មិន​មែន​តាម​កាល​វិភាគ​របស់យើង​ទេ។ ហើយ​លទ្ធ​ផល​ដែល​សម្រេច​បាន គឺ​បាន​បង្ហាញ​សិរីល្អ និង​សេចក្តី​ល្អ​របស់​ព្រះ​អង្គ តាម​របៀប ដែល​ធំ​ប្រសើរលើស​ផែន​ការ​របស់​យើង។​—Adam R. Holz