ខណៈពេលដែលខ្ញុំកំពុងតែឈរតម្រង់ជួរ ដើម្បីញាំអាហារប៊ូហ្វេ ពេលព្រឹក នៅមជ្ឈមណ្ឌលសន្និសីទគ្រីស្ទបរិស័ទ មានស្រ្តីមួយក្រុមបានដើរចូលក្នុងសាលទទួលទានអាហារ។ ខ្ញុំក៏បានញញឹម ហើយនិយាយពាក្យសួស្តី ទៅកាន់ស្រ្តីម្នាក់ ដែលចូលមកតម្រង់ជួរបន្ទាប់ពីខ្ញុំ។ គាត់ក៏បាននិយាយសួស្តីមកខ្ញុំវិញ រួចប្រាប់ខ្ញុំថា គាត់ស្គាល់ខ្ញុំ។ យើងក៏បានដួសពងទាចៀនដាក់ចូលក្នុងចានបាយរបស់យើង ហើយក៏បានដើររកកន្លែងអង្គុយ។ ប៉ុន្តែ ខ្ញុំដឹងច្បាស់ថា គាត់ប្រាកដជាច្រឡំមនុស្សហើយ។
ពេលយើងត្រឡប់មករកអាហារពេលថ្ងៃត្រង់ ស្ត្រីនោះក៏បានដើរមករកខ្ញុំ ដោយសួរខ្ញុំថា “តើអ្នកមានឡានពណ៌សមួយគ្រឿងមែនទេ?”
ខ្ញុំក៏បានប្រាប់គាត់ថា ខ្ញុំធ្លាប់មានឡានពណ៌សមួយគ្រឿង កាលពីរបីឆ្នាំមុន។
គាត់សើច រួចនិយាយថា “យើងធ្លាប់ឈប់នៅកន្លែងភ្លើងស្តុប នៅក្បែរសាលាមតេយ្យមួយ ស្ទើររាល់ព្រឹក។ ខ្ញុំតែងតែឃើញអ្នកលើកដៃឡើង ច្រៀងដោយអំណរ។ ខ្ញុំគិតថា អ្នកប្រហែលជាកំពុងតែថ្វាយបង្គំព្រះហើយ។ ការនេះធ្វើឲ្យខ្ញុំចង់ថ្វាយបង្គំជាមួយអ្នក សូម្បីតែនៅថ្ងៃដែលខ្ញុំមានរឿងជាច្រើន”។
យើងក៏បានសរសើរដំកើងព្រះ អធិស្ឋានជាមួយគ្នា ហើយក៏បានអោបគ្នា ហើយប្រកបអាហារថ្ងៃត្រង់ជាមួយគ្នា ដោយអំណរ។
មិត្តភក្តិថ្មីម្នាក់នេះបានបញ្ជាក់ថា ជាញឹកញាប់មនុស្សមានការកត់សម្គាល់មកលើការប្រព្រឹត្តរបស់អ្នកដើរតាមព្រះយេស៊ូវ សូម្បីតែនៅពេលដែលយើងគិតថា គ្មាននរណាម្នាក់មើលមកយើងក៏ដោយ។ កាលណាយើងឱបក្រសោបយករបៀបនៃការរស់នៅ ដោយការថ្វាយបង្គំ ដោយអំណរ នោះយើងអាចចូលមករកព្រះអាទិកររបស់យើង គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ កាលណាយើងទទួលស្គាល់សេចក្តីស្រឡាញ់ និងភាពស្មោះត្រង់ដ៏ស្ថិតស្ថេររបស់ព្រះអង្គ នោះយើងអាចអរសប្បាយនឹងការប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ ហើយអរព្រះគុណព្រះអង្គ សម្រាប់ការបន្តថែរក្សាយើង(ទំនុកដំកើង ១០០)។ ពេលណាអ្នកដទៃឃើញយើងច្រៀងសរសើរព្រះ នៅក្នុងឡាន អធិស្ឋាននៅទីសាធារណៈ ឬផ្សព្វផ្សាយសេចក្តីស្រឡាញ់របស់ព្រះ តាមរយៈអំពើសប្បុរសធម៌ក៏ដោយ នោះពួកគេក៏អាចទទួលការបណ្តាលចិត្តឲ្យសរសើរដំកើងព្រះនាមព្រះអង្គផងដែរ(ខ.៤)។ យើងថ្វាយបង្គំព្រះ គឺមិនមែនសម្រាប់តែថ្ងៃអាទិត្យប៉ុណ្ណោះឡើយ។—Xochitl Dixon