ក្នុងដំណាក់កាលដំបូងនៃការងារ ដែលលោកឆាល សាយមែន(Charles Simeon ឆ្នាំ ១៧៥៩ ១៨៣៦) បានធ្វើថ្វាយព្រះ នៅទីក្រុងខេមប្រ៊ីច ប្រទេសអង់គ្លេស គាត់បានជួបលោកហេរនី វែន(Henry Venn) ដែលជាគ្រូគង្វាល ក្នុងតំបន់ដែលគាត់រស់នៅ និងកូនស្រីរបស់គាត់។ បន្ទាប់ពីបានជួបគ្នាហើយ កូនស្រីរបស់លោកវែន ក៏បាននិយាយថា យុវជនម្នាក់នេះហាក់ដូចជា និយាយស្តីគំរោះគំរើយ និងមានអំណួតណាស់។ លោកវែនក៏បានប្រាប់កូនស្រីគាត់ឲ្យបេះផ្លែប៉េះដែលមិនទាន់ទុំម្នាក់មួយផ្លែ។ ពួកគេឆ្ងល់ថា ហេតុអ្វីឪពុករបស់ពួកគេប្រាប់ឲ្យបេះផ្លែដែលមិនទាន់ទុំ។ គាត់ក៏បានប្រាប់ពួកគេថា ពេលនេះផ្លែនៅខ្ចីមានពណ៌បៃតង និងរស់ជាតិជូរ ហើយយើងត្រូវរង់ចាំឲ្យពួកវាទុំ ដោយពួកវាត្រូវការពន្លឺថ្ងៃ និងការស្រោចទឹកបន្តិច នោះពួកវានឹងទុំ មានរស់ជាតិផ្អែមហើយ។ ជីវិតរបស់លោកសាយមែន គឺមិនខុសពីផ្លែប៉េះឡើយ។
ប៉ុន្មានឆ្នាំក្រោយមក លោកសាយមែនក៏ប្រែជាមានភាពសំឡូតជាងមុន ដោយព្រះគុណរបស់ព្រះ ដែលកែប្រែជីវិតគាត់។ មូលហេតុទីមួយ គឺដោយសារគាត់ប្តេជ្ញាចិត្តអានព្រះគម្ពីរ និងអធិស្ឋានជារៀងរាល់ថ្ងៃ។ មិត្តភក្តិរបស់គាត់ម្នាក់ ដែលស្នាក់នៅជាមួយគាត់អស់រយៈពេលពីរបីខែ ក៏បានសង្កេតឃើញទម្លាប់ដ៏ល្អនេះ ហើយក៏បាននិយាយថា ទម្លាប់នៃការអធិស្ឋាន និងអានព្រះគម្ពីរប្រចាំថ្ងៃ គឺជាអាថ៌កំបាំងនៃការផ្លាស់ប្តូរ និងកម្លាំងខាងវិញ្ញាណរបស់គាត់។
លោកសាយមែនបានចំណាយពេលប្រចំាថ្ងៃជាមួយព្រះ ដោយយកគំរូតាមហោរាយេរេមា ដែលបានស្តាប់តាមព្រះបន្ទូលព្រះ ដោយចិត្តស្មោះត្រង់។ លោកយេរេមាមានការពឹងផ្អែកយ៉ាងខ្លាំងមកលើព្រះបន្ទូលព្រះ បានជាគាត់មានប្រសាសន៍ថា “ទូលបង្គំបានឃើញព្រះបន្ទូលទ្រង់ ទូលបង្គំក៏បានទទួលទានលេបចូលអស់ហើយ”។ គាត់បានទំពារ និងលេបចូលព្រះបន្ទូលព្រះក្នុងចិត្តគាត់ ដ្បិតព្រះបន្ទូលព្រះអង្គជាសេចក្តីអំណរ និងជាទីរីករាយដល់ចិត្តគាត់(យេរេមា ១៥:១៦)។
បើសិនជាយើងកំពុងតែមានលក្ខណៈដូចផ្លែឈើខ្ចីដែលមានរស់ជាតិជូរ នោះយើងអាចទុកចិត្តថា ព្រះទ្រង់នឹងជួយបន្ទន់ចិត្តយើង តាមរយៈព្រះវិញ្ញាណព្រះអង្គ ខណៈពេលដែលយើងបានស្គាល់ព្រះអង្គ តាមរយៈការអាន និងស្តាប់បង្គាប់តាមព្រះគម្ពីរ។—Amy Boucher Pye