ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការងារ ដែល​លោក​ឆាល សាយមែន(Charles Simeon ឆ្នាំ ១៧៥៩ ១៨៣៦) បាន​ធ្វើ​ថ្វាយ​ព្រះ នៅ​ទីក្រុង​ខេមប្រ៊ីច ប្រទេស​អង់​គ្លេស គាត់​បាន​ជួប​លោក​ហេរនី វែន(Henry Venn) ដែល​ជា​គ្រូ​គង្វាល ក្នុង​តំបន់​ដែល​គាត់​រស់​នៅ និង​កូន​ស្រី​របស់​គាត់។ បន្ទាប់​ពី​បាន​ជួប​គ្នា​ហើយ កូន​ស្រី​របស់​លោកវែន ក៏​បាន​និយាយ​ថា យុវជន​ម្នាក់​នេះហាក់​ដូច​ជា និយាយ​ស្តី​គំរោះ​គំរើយ និង​មាន​អំណួត​ណាស់។​ លោក​វែន​ក៏​បាន​ប្រាប់​កូន​ស្រី​គាត់​ឲ្យ​បេះ​ផ្លែ​ប៉េះ​ដែល​មិនទាន់​ទុំ​ម្នាក់​មួយ​ផ្លែ​។ ពួក​គេ​ឆ្ងល់​ថា ហេតុ​អ្វី​ឪពុក​របស់​ពួក​គេ​ប្រាប់​ឲ្យ​បេះ​ផ្លែ​ដែល​មិន​ទាន់​ទុំ។ គាត់​ក៏​បាន​ប្រាប់​ពួក​គេ​ថា ពេលនេះ​ផ្លែ​នៅ​ខ្ចី​មាន​ពណ៌​បៃ​តង និង​រស់​ជាតិ​ជូរ ហើយ​យើង​ត្រូវ​រង់​ចាំ​ឲ្យ​ពួក​វា​ទុំ ដោយ​ពួក​វា​ត្រូវ​ការ​ពន្លឺ​ថ្ងៃ និង​ការ​ស្រោច​ទឹក​បន្តិច​ នោះ​ពួក​វា​នឹង​ទុំ មាន​រស់​ជាតិ​ផ្អែម​ហើយ។ ជីវិត​របស់​លោក​សាយ​មែន គឺ​មិន​ខុស​ពី​ផ្លែ​ប៉េះ​ឡើយ។​

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក លោក​សាយ​មែន​ក៏​ប្រែ​ជា​មាន​ភាព​សំឡូត​ជាង​មុន ដោយ​ព្រះ​គុណ​របស់​ព្រះ ដែល​កែ​ប្រែ​ជីវិត​គាត់។ មូល​ហេតុ​ទី​មួយ គឺ​ដោយ​សារ​គាត់​ប្តេជ្ញា​ចិត្ត​អាន​ព្រះ​គម្ពីរ និង​អធិស្ឋាន​ជា​រៀង​រាល់​ថ្ងៃ។ មិត្ត​ភក្តិ​របស់​គាត់​ម្នាក់​ ដែល​ស្នាក់​នៅជា​មួយ​គាត់​អស់​រយៈ​ពេល​ពីរ​បី​ខែ ក៏​បាន​សង្កេត​ឃើញ​ទម្លាប់​ដ៏​ល្អ​នេះ ហើយក៏​បាន​និយាយ​ថា ទម្លាប់​នៃ​ការ​អធិស្ឋាន​ និង​អានព្រះ​គម្ពីរ​ប្រចាំ​ថ្ងៃ គឺ​ជា​អាថ៌​កំបាំង​នៃ​ការ​ផ្លាស់​ប្តូរ និង​កម្លាំង​ខាង​វិញ្ញាណ​របស់​គាត់។​

លោក​សាយ​មែន​បាន​ចំណាយ​ពេល​ប្រចំា​ថ្ងៃ​ជា​មួយ​ព្រះ ដោយ​យក​គំរូ​តាម​ហោរា​យេរេមា ដែល​បាន​ស្តាប់​តាម​ព្រះ​បន្ទូល​ព្រះ ដោយ​ចិត្ត​ស្មោះ​ត្រង់។ លោក​យេរេមា​មាន​ការ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​មក​លើ​ព្រះ​បន្ទូល​ព្រះ បាន​ជា​គាត់​មាន​ប្រសាសន៍​ថា “ទូលបង្គំ​បាន​ឃើញ​ព្រះបន្ទូល​ទ្រង់ ទូលបង្គំ​ក៏​បាន​ទទួល​ទាន​លេប​ចូល​អស់​ហើយ”។ គាត់​បាន​ទំពារ និង​លេប​ចូល​ព្រះ​បន្ទូល​ព្រះក្នុង​ចិត្ត​គាត់ ដ្បិត​ព្រះ​បន្ទូល​ព្រះ​អង្គ​ជា​សេចក្តី​អំណរ និង​ជា​ទី​រីក​រាយ​ដល់​ចិត្ត​គាត់​(យេរេមា ១៥:១៦)។

បើ​សិន​ជា​យើង​កំពុង​តែ​មាន​លក្ខណៈ​ដូច​ផ្លែ​ឈើ​ខ្ចី​ដែល​មាន​រស់​ជាតិ​ជូរ នោះ​យើង​អាច​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​នឹង​ជួយ​បន្ទន់​ចិត្ត​យើង តាម​រយៈ​ព្រះ​វិញ្ញាណ​ព្រះ​អង្គ ខណៈ​ពេល​ដែល​យើង​បាន​ស្គាល់​ព្រះ​អង្គ តាម​រយៈ​ការ​អាន​ និង​ស្តាប់​បង្គាប់​តាម​ព្រះ​គម្ពីរ​។​—Amy Boucher Pye