បន្ទាប់ពីការញាំអាហារនៅថ្ងៃឈប់សម្រាក នៅផ្ទះខ្ញុំបានបញ្ចប់ ម្នាក់ៗក៏បានបើកប្រអប់អំណោយ ដែលខាងក្នុងមានដូចជាស្ករគ្រាប់ របស់ក្មេងលេងតូចៗ ឬក្រដាស់ពណ៌តូចៗសម្រាប់បាចលេង។ ប៉ុន្តែ មានអ្វីផ្សេងទៀត ក្នុងប្រអប់អំណោយនោះ ដែលជាមកុដធ្វើពីក្រដាស់ សម្រាប់យើងម្នាក់ៗ។ យើងមិនអាចឃាត់ចិត្តមិនឲ្យពាក់មកុដនោះបានឡើយ ហើយយើងក៏បានញញឹមដាក់គ្នា ខណៈពេលដែលយើងអង្គុយនៅជុំវិញតុ។ យើងបានក្លាយជាស្តេច និងក្សត្រី ក្នុងពេលតែម្តងនោះ ទោះនគរយើងក្នុងពេលនោះ គឺជាបន្ទប់ញាំអាហារ ដែលរាយប៉ាយ បន្ទាប់ពីញាំអាហារពេលល្ងាចក៏ដោយ។
ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីព្រះបន្ទូលសន្យាក្នុងព្រះគម្ពីរ ដែលខ្ញុំបានគិតដល់ជាញឹកញាប់។ នៅចុងបញ្ចប់ អ្នកជឿទាំងអស់នឹងបានគ្រងរាជ្យជាមួយព្រះយេស៊ូវ។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ ក្នុងបទគម្ពីរ ១កូរិនថូស ៦ថា “តើមិនដឹងថា ពួកបរិសុទ្ធនឹងជំនុំជំរះលោកីយ៍ដែរទេឬុ?”(ខ.២)។ ត្រង់ចំណុចនេះ សាវ័កប៉ុលកំពុងតែនិយាយអំពីឯកសិទ្ធិពិសេស ដែលយើងមានពេលអនាគត ព្រោះគាត់ចង់លើកទឹកចិត្តអ្នកជឿ ឲ្យដោះស្រាយជម្លោះដោយសន្តិវិធី និងស្ងប់ស្ងាត់ នៅលើផែនដីនេះ។ ពួកគេបានប្តឹងគ្នាទៅវិញទៅមក ហើយធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់អ្នកជឿដទៃទៀត ក្នុងសហគមន៍របស់ពួកគេ។
យើងអាចដោះស្រាយជម្លោះបានកាន់តែប្រសើរ ពេលដែលព្រះវិញ្ញាណបរិសុទ្ធបង្កើតផលផ្លែនៃការដឹងខ្នាត សុភាព និងអត់ធ្មត់ នៅក្នុងយើង។ នៅពេលដែលព្រះយេស៊ូវយាងត្រឡប់មកផែនដីវិញ ហើយបញ្ចប់កិច្ចការដែលព្រះវិញ្ញាណបានធ្វើក្នុងជីវិតយើង(១យ៉ូហាន ៣:២-៣) យើងនឹងបានត្រៀមខ្លួនជាស្រេច សម្រាប់តួនាទីជា “ពួកសង្ឃ ថ្វាយដល់ព្រះនៃយើងរាល់គ្នា ឲ្យយើងបានសោយរាជ្យលើផែនដី”(វិវរណៈ ៥:១០)។ ចូរយើងតោងឲ្យជាប់សេចក្តីសន្យានេះ ដែលបញ្ចេញពន្លឺភ្លឺផ្លេក ក្នុងព្រះគម្ពីរប៊ីប ដូចជាគ្រាប់ពេជ្រ នៅលើមកុដធ្វើពីមាស។—Jennifer Benson Schuldt