ពេល​ដែល​ប្អូន​ប្រុស​របស់​អ្នក​ស្រី​រេបេកា(Rebecca) និង​ប្អូន​ថ្លៃ​ស្រី​របស់​គាត់ ចាប់​ផ្តើម​មាន​បញ្ហា​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​ អ្នក​ស្រីរេបេកា​បាន​អធិស្ឋាន​អស់​ពី​ចិត្ត សូម​ឲ្យ​ពួក​គេ​មាន​ការ​ផ្សះ​ផ្សា​ឡើង​វិញ។ ប៉ុន្តែ ពួក​គេ​ក៏​បាន​លែង​លះ​គ្នា។ បន្ទាប់​មក ប្អូន​ថ្លៃរបស់​គាត់​ក៏​បាន​នាំ​កូន​ៗ​ទៅ​រដ្ឋ​ផ្សេង ដោយ​មិន​មាន​ការ​បដិសេធន៍​ពី​ឪពុក​របស់​ពួក​គេ។ ចាប់​តាំង​ពី​ពេល​នោះ​មក​ អ្នក​ស្រី​រេបេកា​ក៏​លែង​បាន​ឃើញ​ក្មួយ​ស្រី​ជា​ទីស្រឡាញ់​របស់​គាត់​ទៀត។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក គាត់​និយាយ​ថា​ ដោយសារ​គាត់​បានព្យាយាម​ជម្នះ​ភាព​សោក​សៅ​នេះ​ ដោយ​ខ្លួន​ឯង គាត់​ក៏​បាន​បណ្តោយ​ឲ្យ​ភាព​ល្វីង​ជូរ​ចត់​ចាប់​ផ្តើម​ចាក់​ឫស​ក្នុង​ចិត្ត​គាត់ ហើយវា​ក៏​បាន​ចាប់​ផ្តើម​រាល​ដាល​ដល់​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ​របស់​គាត់។

កណ្ឌ​គម្ពីរ​នាង​រស់​បាន​ចែង​អំពី​ស្រ្តី​ម្នាក់​ឈ្មោះ​ណា​អូមី ដែល​ព្យាយាម​ជម្នះ​ចិត្ត​សោក​សង្រេង ដែល​ប្រែ​ជា​ភាព​ល្វីង​ជូរ​ចត់។ ស្វាមី​គាត់​បាន​ស្លាប់​នៅ​ប្រទេស​ក្រៅ ហើយ​ដប់​ឆ្នាំ​ក្រោយ​មក កូន​ប្រុស​របស់​គាត់​ទាំង​ពីរ​ក៏​បាន​ស្លាប់​ទៀត។ គាត់​ក៏​ត្រូវ​រស់​នៅយ៉ាង​ក្រតោក​យ៉ាក​ជា​មួយ​កូន​ប្រសារ​ស្រី  ម្នាក់​ឈ្មោះ​នាង​រស់ និង​ម្នាក់​ទៀត​ឈ្មោះ​អ័រប៉ា(១:៣-៥)។ ពេល​ដែល​នាង​ណា​អូមី និង​នាង​រស់​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​នាង​ណាអូមី​វិញ អ្នក​ភូមិ​របស់​នាង​មាន​ចិត្ត​រំភើប​រីករាយ ដែល​បាន​ឃើញ​ពួក​គេ។ ប៉ុន្តែ​ នាង​ណាអូមី​ក៏​បាន​ប្រាប់​មិត្ត​ភក្តិ​គាត់​ថា​ “កុំ​ហៅ​ខ្ញុំ​ថា​ន៉ាអូមី​ឡើយ ត្រូវ​ហៅ​ថា​ម៉ារ៉ា​វិញ ដ្បិត​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះចេស្តា ទ្រង់​បាន​ប្រព្រឹត្ត​នឹង​ខ្ញុំ​ដោយ​ជូរ​ល្វីង​ណាស់”(ខ.២០)។ គាត់​ថែម​ទាំង​ប្រាប់​គេ​ឲ្យ​ហៅ​គាត់​ថា “ម៉ារ៉ា”វិញ ព្រោះ​ឈ្មោះនេះ​មាន​ន័យ​ថា ជូរល្វីង។​

តើ​មាន​នរណា​ខ្លះ​ដែល​មិន​ធ្លាប់​ជួប​ការ​ខក​ចិត្ត ដែល​នាំ​ឆ្ពោះ​ទៅ​រក​ភាព​ល្វីង​ជូរ​ចត់? អ្នក​ប្រហែល​ជា​ធ្លាប់​ឈឺ​ចាប់​ ដោយ​សារសម្តី​របស់​នរណា​ម្នាក់ ឬ​មិន​បាន​អ្វី​មួយ​ដូច​បំណង ឬ​ក៏​នរណា​ម្នាក់​ធ្វើ​ការ​ទាមទារ​មក​លើ​យើង ដែល​ធ្វើ​ឲ្យ​យើង​អាក់​អន់​ចិត្តយ៉ាង​ខ្លាំង។ តែ​ពេល​ណា​យើង​ទូល​ថ្វាយ​ព្រះ អំពី​ភាព​ល្វីង​ជូរ​ចត់​ឬ​ការ​ឈឺ​ចាប់ ក្នុង​ជម្រៅ​ចិត្ត​យើង​ នោះ​ទ្រង់​អាច​ជួយ​ជីករំលើង​ឫស​នៃ​ភាព​ល្វីង​ជូរ​ចត់​នោះ ទោះ​វា​នៅ​តូច ឬ​បាន​ចាក់​ចូល​ជ្រៅ​ អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ក៏​ដោយ ហើយ​ព្រះ​អង្គ​អាចជំនួស​មក​វិញ ដោយ​វិញ្ញាណ​ដែល​ផ្អែម​ល្ហែម និង​មាន​ពេញ​ដោយ​អំណរ។—Anne Cetas