ពេលដែលគេសួរមន្រ្តីជាន់ខ្ពស់របស់បណ្តាធនាគារ នៅទ្វីបអាស៊ី អំពីសំណួរដែលពួកគេចូលចិត្តសួរ នៅក្នុងការសម្ភាស មានពួកគេម្នាក់បានឆ្លើយថា គាត់ចូលចិត្តសំណួរដែលសួរថា “តើអ្នកយល់ថា ជោគជ័យគឺជាអ្វី ហើយតើអ្នកសម្រេចជោគជ័យ ដោយរបៀបណា?” នាយកប្រតិបត្តិនៃធនាគា ស៊ីធីប៊ែង របស់ប្រទេសសឹង្ហបូរីក៏បានពន្យល់ថា គាត់ចង់សួរគេ អំពីកត្តាអ្វីខ្លះ ដែលជំរុញចិត្តគេឲ្យមានជោគជ័យ។ គាត់ថា សំណួរនេះជួយឲ្យគាត់ដឹង អំពីចំណុចខ្លាំង និងគោលតម្លៃរបស់អ្នកដែលគាត់កំពុងសម្ភាស
ចុះចំណែកឯព្រះវិញ? តើព្រះអង្គរកមើលអ្វី នៅក្នុងយើង? យើងឃើញថា បទគម្ពីរ ១សាំយ៉ូអែល ១៦:១-១៣ គឺប្រៀបបាននឹងការសម្ភាសមួយ។ ហោរាសាំយ៉ូអែលបានទទួលការបង្គាប់ពីព្រះ ឲ្យស្វែងរក និងជ្រើសតាំងស្តេចសម្រាប់រាស្រ្តអ៊ីស្រាអែល ហើយព្រះទ្រង់ក៏បានប្រាប់លោកសាំយ៉ូអែលអំពីរបៀបដែលព្រះអង្គជ្រើសរើសមនុស្ស យ៉ាងដូចនេះថា “ឯមនុស្សលោក តែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ”(១សាំយ៉ូអែល ១៦:៧)។ បេកជន៧នាក់ត្រូវបានសម្ភាស ហើយក៏ត្រូវបានបដិសេធ(ខ.៨-១០)។ បេកជនទី៨ គឺដាវីឌ ដែលជាកូនពៅរបស់លោកអ៊ីសាយ មានចំណុចដែលសក្តិសមតិចជាងគេ តែត្រូវបានជ្រើសរើស។ ព្រោះគាត់មានលក្ខណៈសម្បត្តិដ៏សំខាន់មួយ ដែលព្រះទ្រង់ស្វែងរក គឺដូចដែលទ្រង់មានបន្ទូលថា “អញរកបានដាវីឌ កូនអ៊ីសាយ ជាទីគាប់ចិត្តដល់អញ ដែលនឹងធ្វើតាមចិត្តអញគ្រប់ជំពូក”(កិច្ចការ ១៣:២២)។
ការគិតដល់ជំនាញ និងសមត្ថភាពរបស់មនុស្ស គឺជារឿងសំខាន់ ប៉ុន្តែ ចូរយើងកុំមើលរំលងចរិយាសម្បត្តិ ដែលជារឿងសំខាន់ជាង មានដូចជា ភាពស្មោះត្រង់ សច្ចភាព សុចរិតភាព និងការបន្ទាបខ្លួន ជាដើម។ ខណៈពេលដែលយើងព្យាយាមរស់នៅជាអ្នកបម្រើដ៏ល្អ និងស្មោះត្រង់របស់ព្រះ នោះយើងត្រូវតែខិតខំធ្វើឲ្យជំនាញ និងចំណេះដឹងយើងមានការចម្រើនឡើង ហើយកាន់តែសំខាន់ជាងនេះទៀតនោះ គឺត្រូវខិតខំរស់នៅជាមនុស្ស ដែលត្រូវនឹងព្រះទ័យទ្រង់។—SIM KAY TEE