ពេល​ដែល​គេ​សួរ​មន្រ្តី​ជាន់​ខ្ពស់​របស់​បណ្តា​ធនាគារ នៅ​ទ្វីប​អាស៊ី អំពី​សំណួរ​ដែល​ពួក​គេ​ចូល​ចិត្ត​សួរ នៅ​ក្នុង​ការ​សម្ភាស មានពួក​គេ​ម្នាក់​បាន​ឆ្លើយ​ថា គាត់​ចូល​ចិត្ត​សំណួរ​ដែល​សួរ​ថា​ “តើ​អ្នក​យល់​ថា ជោគ​ជ័យ​គឺ​ជា​អ្វី ហើយ​តើ​អ្នក​សម្រេច​ជោគ​ជ័យ ដោយ​របៀប​ណា?” នាយក​ប្រតិបត្តិ​នៃ​ធនាគា ស៊ីធីប៊ែង របស់​ប្រទេស​សឹង្ហ​បូរី​ក៏​បាន​ពន្យល់​ថា គាត់​ចង់​សួរ​គេ អំពី​កត្តា​អ្វី​ខ្លះ ដែល​ជំរុញ​ចិត្ត​គេ​ឲ្យ​មាន​ជោគ​ជ័យ។ គាត់​ថា សំណួរ​នេះ​ជួយ​ឲ្យ​គាត់​ដឹង​ អំពី​ចំណុច​ខ្លាំង និង​គោល​តម្លៃ​របស់​អ្នក​ដែល​គាត់កំពុង​សម្ភាស

ចុះ​ចំណែក​ឯ​ព្រះ​វិញ? តើ​ព្រះ​អង្គ​រក​មើល​អ្វី នៅ​ក្នុង​យើង? យើង​ឃើញ​ថា បទ​គម្ពីរ ១សាំយ៉ូអែល ១៦:១-១៣ គឺ​ប្រៀប​បាន​នឹង​ការ​សម្ភាស​មួយ។ ហោរា​សាំយ៉ូអែល​បាន​ទទួល​ការ​បង្គាប់​ពី​ព្រះ ឲ្យ​ស្វែង​រក និង​ជ្រើស​តាំង​ស្តេច​សម្រាប់​រាស្រ្ត​អ៊ីស្រាអែល  ហើយ​ព្រះ​ទ្រង់​ក៏​បាន​ប្រាប់​លោក​សាំយ៉ូអែលអំ​ពី​របៀប​ដែល​ព្រះ​អង្គ​ជ្រើស​រើស​មនុស្ស​ យ៉ាង​ដូច​នេះ​ថា “​ឯ​មនុស្ស​លោក តែង​មើល​តែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះយេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ”(១សាំយ៉ូអែល ១៦:៧)។ បេកជន​៧​នាក់​ត្រូវបាន​សម្ភាស ហើយ​ក៏​ត្រូវ​បាន​បដិសេធ​(ខ.៨-១០)។  បេកជន​ទី​៨ គឺ​ដាវីឌ ដែល​ជា​កូន​ពៅ​របស់​លោក​អ៊ីសាយ មាន​ចំណុចដែល​សក្តិ​សម​តិច​ជាង​គេ តែ​ត្រូវ​បាន​ជ្រើស​រើស។ ព្រោះ​គាត់​មាន​លក្ខណៈ​សម្បត្តិ​ដ៏​សំខាន់​មួយ ដែល​ព្រះ​ទ្រង់​ស្វែង​រក គឺដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “អញ​រក​បាន​ដាវីឌ កូន​អ៊ីសាយ ជា​ទី​គាប់​ចិត្ត​ដល់​អញ ដែល​នឹង​ធ្វើ​តាម​ចិត្ត​អញ​គ្រប់​ជំពូក”(កិច្ចការ ១៣:២២)។

ការ​គិត​ដល់​ជំនាញ និង​សមត្ថ​ភាព​របស់​មនុស្ស គឺ​ជា​រឿង​សំខាន់ ប៉ុន្តែ ចូរ​យើង​កុំ​មើល​រំលង​ចរិយា​សម្បត្តិ ដែល​ជា​រឿង​សំខាន់ជាង ​មាន​ដូចជា ភាព​ស្មោះ​ត្រង់ សច្ច​ភាព​ សុចរិត​ភាព​ និង​ការ​បន្ទាប​ខ្លួន ​ជា​ដើម។ ខណៈ​ពេល​ដែល​យើងព្យាយាម​រស់​នៅ​ជា​អ្នក​បម្រើ​ដ៏​ល្អ និង​ស្មោះ​ត្រង់​របស់​ព្រះ នោះ​យើង​ត្រូវ​តែ​ខិត​ខំ​ធ្វើ​ឲ្យ​ជំនាញ និង​ចំណេះ​ដឹង​យើង​មាន​ការ​ចម្រើន​ឡើង ហើយកាន់​តែ​សំខាន់​ជាង​នេះ​ទៀត​នោះ គឺ​ត្រូវ​ខិត​ខំ​រស់​នៅ​ជា​មនុស្ស​ ដែល​ត្រូវ​នឹង​ព្រះ​ទ័យ​ទ្រង់។—SIM KAY TEE