មាន​ពេល​យប់​ដ៏​ត្រជាក់ ក្នុង​រដូវ​រងា មាន​មនុស្ស​ម្នាក់​បាន​គប់​ថ្ម​មួយ​ដុំ​ធំ ចូល​តាម​បង្អួច​បន្ទប់​គេង​របស់​ក្មេង​ម្នាក់ ដែលជា​ជន​ជាតិយូដា ឬ​ជ្វីប។ បង្អួច​នោះ​ត្រូវ​បាន​លម្អ​ដោយ​រូប​ផ្កាយ​ស្តេច​ដាវីឌ និង​ចង្កៀង​ទាំង​៧ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ហានូកា ដែល​ជា​ពិធី​បុណ្យ​នៃ​ពន្លឺ​របស់​ជន​ជាតិ​យូដា។ បន្ទាប់​មក នៅ​ក្នុង​ក្រុង​ប៊ីលីង រដ្ឋ​មុនតាណា ដែល​ជា​ក្រុង​របស់​ក្មេង​នោះ មាន​មនុស្ស​រាប់​ពាន់​នាក់ ដែល​ភាគ​ច្រើន​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ ក៏​បាន​ឆ្លើយ​តប ដោយ​សេចក្តី​អាណិត ​ចំពោះ​ទង្វើរ​នៃ​សេចក្តី​សម្អប់​នោះ ។ ពួក​គេ​បាន​យល់​អំពី​ការ​ឈឺ​ចាប់ និង​ការ​ភ័យ​ខ្លាច​របស់​ជន​ជាតិ​យូដា ដែល​ជា​អ្នក​ជិត​ខាង​របស់​ខ្លួន ហើយ​ក៏​បាន​បិទ​រូប​ចង្កៀងទាំង​៧ នៅ​លើ​បង្អួច​របស់​ពួក​គេ។

ក្នុង​នាម​យើង​ជា​អ្នក​ជឿ យើង​ក៏​បាន​ទទួល​ការ​អាណិត​អាសូរ​យ៉ាង​ខ្លាំង​ពី​ព្រះយេស៊ូវ។​ ព្រះអង្គ​សង្រ្គោះ​របស់​យើង​បាន​បន្ទាបព្រះកាយ​ព្រះ​អង្គ ដើម្បី​រស់​នៅ​ក្នុង​ចំណោម​យើង​(យ៉ូហាន ១:១៤) ដោយ​យល់​អំពី​ទុក្ខ​លំបាក​របស់​យើង។ ​ទោះ​បើ​ទ្រង់​មាន​រូប​អង្គ​ជា​ព្រះ​ក៏​ដោយ …​ទ្រង់​បាន​លះបង់​ព្រះអង្គ​ទ្រង់ មក​យក​រូបភាព​ជា​បាវ​បំរើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​រូប​ជា​មនុស្ស​ផង(ភីលីព ២:៦-៧)។ បន្ទាប់​មក ព្រះ​អង្គ​ក៏​មាន​ការ​ពិបាក​ក្នុង​អារម្មណ៍ និង​សោយ​ព្រះ​កន្សែង​ដូច​យើង ហើយ​ក៏​បាន​សុគត​នៅលើ​ឈើ​ឆ្កាង ដោយ​លះ​បង់​ព្រះ​ជន្ម ដើម្បី​សង្រ្គោះ​វិញ្ញាណ​យើង។

គ្មាន​ទុក្ខ​លំបាក​អ្វី ដែល​ព្រះ​អង្គ​មិន​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​នោះ​ទេ។ បើ​នរណា​ម្នាក់ “យក​ដុំ​ថ្ម​មក​គប់” មក​លើ​ជីវិត​យើង នោះ​ព្រះ​អង្គ​នឹង​កម្សាន្ត​ចិត្ត​យើង។​ បើ​ជីវិត​យើង​មាន​ការ​ខក​ចិត្ត នោះ​ព្រះ​អង្គ​នឹង​ដើរ​ជា​មួយ​យើង ឆ្លង​កាត់​ភាព​អស់​សង្ឃឹម។ “ដ្បិត​ទោះ​បើ​ព្រះយេហូវ៉ា​ទ្រង់​ខ្ពស់ គង់​តែ​ទ្រង់​យល់​ដល់​ពួក​អ្នក​រាបសា​ដែរ តែ​ឯ​មនុស្ស​ឆ្មើងឆ្មៃ ទ្រង់​ស្គាល់​គេ​ពី​ចំងាយ​ហើយ”(ទំនុកដំកើង ១៣៨:៦)។ ក្នុង​ពេល​ដែល​យើង​ជួប​បញ្ហា ព្រះ​អង្គ​ថែរក្សា​យើង ដោយ​លើក​ព្រះ​ពាហុ​ឡើង ទាស់​នឹង “ខ្មាំងសត្រូវ”(ខ.៧) និង​ការ​ភ័យ​ខ្លាច​ដ៏​ជ្រាល​ជ្រៅ​បំផុត​របស់​យើង។ ឱ​ព្រះ​អម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ សម្រាប់​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ ដែល​មាន​ពេញ​ដោយ​ក្តី​អាណឹត។—Patricia Raybon