មានពេលយប់ដ៏ត្រជាក់ ក្នុងរដូវរងា មានមនុស្សម្នាក់បានគប់ថ្មមួយដុំធំ ចូលតាមបង្អួចបន្ទប់គេងរបស់ក្មេងម្នាក់ ដែលជាជនជាតិយូដា ឬជ្វីប។ បង្អួចនោះត្រូវបានលម្អដោយរូបផ្កាយស្តេចដាវីឌ និងចង្កៀងទាំង៧ ដើម្បីប្រារព្ធពិធីបុណ្យហានូកា ដែលជាពិធីបុណ្យនៃពន្លឺរបស់ជនជាតិយូដា។ បន្ទាប់មក នៅក្នុងក្រុងប៊ីលីង រដ្ឋមុនតាណា ដែលជាក្រុងរបស់ក្មេងនោះ មានមនុស្សរាប់ពាន់នាក់ ដែលភាគច្រើនជាអ្នកជឿព្រះយេស៊ូវ ក៏បានឆ្លើយតប ដោយសេចក្តីអាណិត ចំពោះទង្វើរនៃសេចក្តីសម្អប់នោះ ។ ពួកគេបានយល់អំពីការឈឺចាប់ និងការភ័យខ្លាចរបស់ជនជាតិយូដា ដែលជាអ្នកជិតខាងរបស់ខ្លួន ហើយក៏បានបិទរូបចង្កៀងទាំង៧ នៅលើបង្អួចរបស់ពួកគេ។
ក្នុងនាមយើងជាអ្នកជឿ យើងក៏បានទទួលការអាណិតអាសូរយ៉ាងខ្លាំងពីព្រះយេស៊ូវ។ ព្រះអង្គសង្រ្គោះរបស់យើងបានបន្ទាបព្រះកាយព្រះអង្គ ដើម្បីរស់នៅក្នុងចំណោមយើង(យ៉ូហាន ១:១៤) ដោយយល់អំពីទុក្ខលំបាករបស់យើង។ ទោះបើទ្រង់មានរូបអង្គជាព្រះក៏ដោយ …ទ្រង់បានលះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបំរើវិញ ព្រមទាំងប្រសូតមកមានរូបជាមនុស្សផង(ភីលីព ២:៦-៧)។ បន្ទាប់មក ព្រះអង្គក៏មានការពិបាកក្នុងអារម្មណ៍ និងសោយព្រះកន្សែងដូចយើង ហើយក៏បានសុគតនៅលើឈើឆ្កាង ដោយលះបង់ព្រះជន្ម ដើម្បីសង្រ្គោះវិញ្ញាណយើង។
គ្មានទុក្ខលំបាកអ្វី ដែលព្រះអង្គមិនបានយកព្រះទ័យទុកដាក់នោះទេ។ បើនរណាម្នាក់ “យកដុំថ្មមកគប់” មកលើជីវិតយើង នោះព្រះអង្គនឹងកម្សាន្តចិត្តយើង។ បើជីវិតយើងមានការខកចិត្ត នោះព្រះអង្គនឹងដើរជាមួយយើង ឆ្លងកាត់ភាពអស់សង្ឃឹម។ “ដ្បិតទោះបើព្រះយេហូវ៉ាទ្រង់ខ្ពស់ គង់តែទ្រង់យល់ដល់ពួកអ្នករាបសាដែរ តែឯមនុស្សឆ្មើងឆ្មៃ ទ្រង់ស្គាល់គេពីចំងាយហើយ”(ទំនុកដំកើង ១៣៨:៦)។ ក្នុងពេលដែលយើងជួបបញ្ហា ព្រះអង្គថែរក្សាយើង ដោយលើកព្រះពាហុឡើង ទាស់នឹង “ខ្មាំងសត្រូវ”(ខ.៧) និងការភ័យខ្លាចដ៏ជ្រាលជ្រៅបំផុតរបស់យើង។ ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណ សម្រាប់សេចក្តីស្រឡាញ់របស់ព្រះអង្គ ដែលមានពេញដោយក្តីអាណឹត។—Patricia Raybon