ថ្ងៃ​មួយ ពេល​ដែល​ខ្ញុំ​កំពុង​ចាក​ចេញ​ពី​កន្លែង​ធ្វើ​ការ កូន​ស្រី​ខ្ញុំ​បាន​ផ្ញើ​សារ​មក​ទូរស័ព្ទ​ខ្ញុំ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​បើក​បរ​តាម​ ផ្លូវ​ល្បឿនលឿន ព្រោះ​គេ​បាន​បិទ​ផ្លូវ​នោះ​ហើយ។ ខ្ញុំ​ក៏​បាន​ព្យាយាម​ធ្វើ​ដំណើរ​តាម​ផ្លូវ​ផ្សេង ប៉ុន្តែ ពេល​ដែល​ខ្ញុំ​ជួប​ការ​កក​ស្ទះ​ចរាចរណ៍ ខ្ញុំ​ក៏​បាន​បោះ​បង់​ការ​ព្យា​យាម។ ដូច​នេះ ខ្ញុំ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​យឺត​ជាង​ធម្មតា ដោយ​ខ្ញុំ​បាន​បើក​បរ​តាម​ទិស​ដៅ​បញ្ច្រាស ទៅ​កាន់​កម្ម​វិធី​ប្រកួត​កីឡា ដែល​កូន​ស្រី​របស់​ខ្ញុំ​បាន​ចូល​រួម​ប្រកួត។

ពេល​ដែល​ខ្ញុំ​មិន​អាច​រក​ផ្លូវ​ផ្សេង ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​វិញ ខ្ញុំ​ក៏​បាន​គិត​ដល់​អ្នក​ដែល​និយាយ​ថា ផ្លូវ​ទាំងអស់​សុទ្ធ​តែនាំ​ទៅ​រកទំនាក់​ទំនង​ដ៏​អស់​កល្ប​ជា​មួយ​ព្រះ។ អ្នក​ខ្លះ​ជឿ​ថា ពួក​គេ​អាច​ទៅ​ដល់​នគរ​ស្ថាន​សួគ៌​បាន ដោយ​ទៅ​តាម​ផ្លូវ​នៃ​អំពើ​សប្បុរសធម៌ និង​ការ​ប្រព្រឹត្ត​ល្អ។ អ្នក​ខ្លះ​ទៀត​បាន​សម្រេច​ចិត្ត​ជ្រើស​រើស​យក​ផ្លូវ នៃ​ការ​អនុវត្តន៍​តាម​សាសនា។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ពឹង​ផ្អែក​ទៅលើផ្លូវ​នោះ នឹង​នាំ​ឲ្យ​ពួក​គេ​ជួប​ផ្លូវ​ទាល់។ មាន​ផ្លូវ​តែ​មួយ​ប៉ុណ្ណោះ ដែល​យើង​អាចធ្វើ​ដំណើរ ទៅ​ដល់​ព្រះ​វត្ត​មាន​ដ៏​អស់​កល្ប​របស់​ព្រះ។ ព្រះ​យេស៊ូវ​បាន​ពន្យល់​អំពី​រឿង​នេះ​ថា “ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរបិតា​បាន​ឡើយ”(យ៉ូហាន ១៤:៦)។ កាល​នោះ ព្រះ​អង្គ​បាន​មាន​បន្ទូលដូចនេះ​ ដើម្បី​បើក​សម្តែង​ថា ព្រះ​អង្គ​នឹង​សុគត ដើម្បី​បើក​ផ្លូវ​ឲ្យ​យើង ចូល​ទៅ​ដំណាក់​របស់​ព្រះ​វរបិតា ចូល​ទៅ​ក្នុង​ព្រះវត្ត​មាន​ព្រះ​អង្គ និង​ចូល​ក្នុង​ជីវិត​ពិត ដែល​ព្រះ​អង្គ​បាន​ប្រទាន ក្នុង​ពេល​សព្វ​ថ្ងៃ និង​អស់​កល្ប​ជានិច្ច។​

ចូល​យើង​កុំ​ទៅ​តាម​ផ្លូវ​ទាល់​ ដែល​មិន​នាំ​យើង​ទៅ​រក​ព្រះ​វត្ត​មាន​ព្រះ។ ផ្ទុយ​ទៅ​វិញ ចូល​យើង​ទទួល​ជឿ​ព្រះ​យេស៊ូវ​ ធ្វើ​ជា​ព្រះអង្គ​សង្រ្គោះ​របស់​យើង ដ្បិត អស់​អ្នក​ណា​ដែល​ជឿ​ព្រះ​រាជ​បុត្រា នោះ​ក៏​មាន​ជីវិត​អស់​កល្ប​ជា​និច្ច​(៣:៣៦)។ អ្នក​ណា​ដែលបាន​ជឿ​ព្រះ​អង្គ​ហើយ​ នោះ​ចូរ​បន្ត​ទៅ​តាម​ផ្លូវ​ព្រះ​អង្គ ដោយ​ទទួល​យក​ការ​សម្រាក​ដែល​ព្រះ​អង្គ​ប្រទាន។​—Dave Branon