មហាវិទ្យាល័យព្រះគម្ពីរតូចមួយ នៅភាគខាងជើងនៃប្រទេសហ្កាណា មិនមានលក្ខណៈដែលគួរឲ្យស្ងប់ស្ងែងទេ គឺគ្រាន់តែជាអគារមានដំបូលស័ង្កសី ជញ្ជាំងធ្វើពីឥដ្ឋ និងមានសិស្សតិចតួចប៉ុណ្ណោះ។ ប៉ុន្តែ លោកបប់ ហេយេស(Bob Hayes) បានលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីសិស្សទំាងនោះ។ គាត់បានបណ្តុះបណ្តាលពួកគេឲ្យក្លាយជាអ្នកដឹកនាំ ហើយបានលើកទឹកចិត្តពួកគេ ឲ្យផ្សាយ និងបង្រៀនព្រះបន្ទូល ទោះពួកគេមានការស្ទាក់ស្ទើរនៅពេលខ្លះក៏ដោយ។ លោកបប់បានលាចាកលោកកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែ មានព្រះវិហារ និងសាលារៀនរាប់សិបកន្លែង ហើយមានវិទ្យាសា្ថនព្រះគម្ពីរពីរកន្លែងជាបន្ថែមទៀត កំពុងរីកដុះដាល នៅទូទាំងប្រទេសហ្កាណា ដែលសុទ្ធតែបានចាប់ផ្តើម ដោយការប្រឹងប្រែងរបស់និស្សិតសាលាគម្ពីរដ៏តូចទាបនោះ។
ក្នុងសម័យស្តេចអើថាស៊ើកសេស (ឆ្នាំ ៤៦៥ ដល់ ៤២៤ មុនគ្រីស្ទសគរាជ) ហោរាអែសរ៉ាបានប្រមូលជនជាតិយូដាមួយក្រុម ដែលត្រូវគេនិរទេស ឲ្យវិលត្រឡប់ទៅទីក្រុងយេរូសាឡិមជាមួយគាត់។ ប៉ុន្តែ គាត់មិនឃើញមានពូជអំបូរលេវី ក្នុងចំណោមពួកគេទេ(អែសរ៉ា ៨:១៥)។ គាត់ត្រូវការពួកលេវី ឲ្យបម្រើការជាពួកសង្ឃ។ ដូចនេះ គាត់ក៏បានបង្គាប់អ្នកដឹកនាំ ឲ្យនាំមនុស្សសម្រាប់ធ្វើការងារ ក្នុងព្រះវិហាររបស់ព្រះនៃយើងរាល់គ្នា(ខ.១៧)។ ពួកគេក៏បានធ្វើតាមបង្គាប់គាត់(ខ.១៨-២០) ហើយលោកអែសរ៉ាក៏បាននាំពួកគេអធិស្ឋានតម(ខ.២១)។
ឈ្មោះរបស់លោកអែសរ៉ា គឺមានន័យថា “អ្នកជំនួយ” ជាលក្ខណៈសម្បត្តិ ដែលជាចំណុចស្នូលនៃភាពជាអ្នកដឹកនាំល្អ។ នៅក្រោមការណែនាំដោយការអធិស្ឋានរបស់លោកអែសរ៉ា គាត់ និងសិស្សរបស់គាត់ ក៏បាននាំឲ្យមានការភ្ញាក់រឭកខាងវិញ្ញាណ ក្នុងទីក្រុងយេរូសាឡិម(មើលជំពូក ៩-១០)។ អ្វីដែលពួកគេត្រូវការនោះ គឺការលើកទឹកចិត្ត និងការដឹកនាំប្រកបដោយប្រាជ្ញា។
ព្រះវិហាររបស់ព្រះក៏មានដំណើរការដូចនេះផងដែរ។ យើងក៏ត្រូវរៀនលើកទឹកចិត្ត និងស្អាងអ្នកដទៃ ដូចជាគ្រូដ៏ល្អផងដែរ។ ឥទ្ធិពលដ៏ល្អនេះ នឹងបន្តឆ្លងទៅដល់អ្នកជំនាន់ក្រោយផងដែរ។ ការងារដ៏ល្អដែលយើងបានធ្វើដោយចិត្តស្មោះត្រង់ ថ្វាយព្រះ នឹងមានតម្លៃអស់កល្បជានិច្ច។—Tim Gustafson