បុរស​ពីរ​នាក់ ដែល​គេ​បាន​នឹក​ចាំ​ថា បាន​បម្រើ​អ្នក​ដទៃ ថ្វាយ​ព្រះ​យេស៊ូវ បាន​បោះ​បង់​អាជីព​របស់​ខ្លួន នៅ​ក្នុង​វិស័យ​សិល្បៈដើម្បី​ប្តេជ្ញា​ចិត្ត​ធ្វើ​កិច្ចការ​ដែល​ពួក​គេ​ជឿ​ថា ព្រះ​បាន​ត្រាស់​ហៅ​ពួក​គេ។ លោក​ចេមស៍ អូ ហ្វ្រាស័រ(James O. Fraser ឆ្នាំ ១៨៨៦-១៨៣៨) បាន​សម្រេច​ចិត្ត​ឈប់​ដេញ​តាម​អាជីព​ជា​អ្នក​លេង​ព្យាណូ​ក្នុង​សាល​មហោ​ស្រព ក្នុង​ប្រទេស​អង់​គ្លេស ដើម្បី​ទៅ​បម្រើ​ប្រជាជន​លីស៊ូ ក្នុង​ប្រទេស​ចិន។ ចំណែក​ឯ​លោក​យុដសិន វ៉ាន ដឺវែនធ័រ(Judson Van DeVenter ឆ្នាំ១៨៥៥ ដល់ ១៩៣៩) ដែល​ជា​ជន​ជាតិ​អាមេរិក​វិញ បាន​សម្រេច​ចិត្ត​ធ្វើ​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ ជា​ជាង​ដេញ​តាម​អាជីព​ជាសិល្បៈ​ករ។ ក្រោយ​មក គាត់​ក៏​បាន​សរសេរ​ថា គាត់​បាន​លះ​បង់​ទាំង​អស់។​

អាជីព​ក្នុង​វិស័យ​សិល្បៈ ជា​ការ​ត្រាស់​ហៅ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​មនុស្ស​ជា​ច្រើន ប៉ុន្តែ បុរស​ទាំង​ពីរ​នាក់​នេះ​បាន​ជឿថា​ ព្រះបាន​ត្រាស់​ហៅ​ពួក​គេ ឲ្យ​លះ​បង់​អាជីព​ដែល​ខ្លួន​ស្រឡាញ់ ដើម្បី​បម្រើ​ព្រះ​អង្គ។ ពួក​គេ​ប្រហែល​ជា​បាន​ទទួល​ការ​បណ្តាល​ចិត្ត ពី​រឿង​ដែល​ព្រះ​យេស៊ូវ​បាន​ប្រាប់​បុរស​ដែល​ជា​អ្នក​ដឹក​នាំ និង​អ្នក​មាន​វ័យ​ក្មេង​ម្នាក់ ​ឲ្យ​លះ​បង់​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ដើម្បីដើរ​តាម​ព្រះ​អង្គ​(ម៉ាកុស ១០:១៧-២៥)។ ពេល​នោះ​លោក​ពេត្រុស​ក៏​បាន​និយាយ​ថា “យើង​ខ្ញុំ​បាន​លះ​ចោល​ទាំង​អស់​មក​តាម​ទ្រង់​ហើយ” (ខ.២៨)។ ព្រះ​យេស៊ូវ​បាន​ធានា​គាត់​ថា ព្រះ​ទ្រង់​នឹង​ប្រទាន​ពរ ១ជា១រយ ដល់​អ្នក​ដើរ​តាម​ព្រះ​អង្គ ក្នុង​ពេលបច្ចុប្បន្ន និង​អស់​កល្ប​ជា​និច្ច(ខ.៣០)។ តែ​ទ្រង់​នឹង​ប្រទាន ស្រប​តាម​ប្រាជ្ញា​របស់​ទ្រង់ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “​នឹង​មាន​មនុស្ស​មុន​ទៅ​ជា​ក្រោយ​ជា​ច្រើន ហើយ​មនុស្ស​ក្រោយ​ទៅ​ជា​មុន​វិញ”(ខ.៣១)។

ទោះ​ព្រះ​ទ្រង់​បាន​ដាក់​យើង​នៅ​កន្លែង​ណា​ក៏​ដោយ ព្រះ​អង្គ​បាន​ត្រាស់​ហៅ​យើង ឲ្យ​លះ​បង់​ជីវិត​យើង​រៀង​រាល់​ថ្ងៃ ដល់​ព្រះ​គ្រីស្ទ ដោយ​ស្តាប់​បង្គាប់​តាម​ការ​ត្រាស់​ហៅ​ដ៏​សុភាព​របស់​ទ្រង់ ឲ្យ​ដើរ​តាម និង​បម្រើ​ទ្រង់ តាម​អំណោយ​ទាន និង​ធន​ធាន​យើង ទោះ​នៅ​ផ្ទះ នៅ​ការិយាល័យ សហគមន៍ ឬ​នៅ​ឆ្ងាយ​ពី​ផ្ទះ​ក្តី។ ពេល​ណា​យើង​ដើរ​តាម​ព្រះ​អង្គ​ ព្រះ​អង្គ​នឹង​បណ្តាល​ចិត្ត​យើង​ឲ្យស្រឡាញ់​អ្នក​ដទៃ ដោយ​ចាត់​ទុក​តម្រូវ​ការ​របស់​ពួក​គេ ​សំខាន់​ជាង​តម្រូវ​ការ​របស់​យើង។—Amy Boucher Pye