ពីរបីឆ្នាំមុន សត្វត្រសេះបានចាប់ផ្តើមចិកទំលុះជញ្ចាំង នៅចំហៀងផ្ទះរបស់ខ្ញុំ។ យើងគិតថា បញ្ហាមានតែនៅខាងក្រៅផ្ទះទេ។ ប៉ុន្តែ ថ្ងៃមួយ ខ្ញុំ និងកូនប្រុសខ្ញុំក៏បានដាក់ជណ្តើរឡើង ចូលទៅក្នុងបន្ទប់ក្នុងដំបូលផ្ទះ ហើយសត្វបក្សីមួយក្បាលក៏បានស្ទុះហើរចេញកាត់មុខយើង ធ្វើឲ្យយើងភ្ញាក់ព្រើត។ យើងក៏បានដឹងថា បញ្ហាកំពុងតែកើតមានក្នុងផ្ទះយើង គឺអាក្រក់លើសការរំពឹងគិតរបស់យើងទៀត។
ពេលដែលព្រះយេស៊ូវយាងមកដល់ទីក្រុងយេរូសាឡិម ហ្វូងមនុស្សសង្ឃឹមថា ព្រះអង្គនឹងជួយដោះស្រាយបញ្ហាខាងក្រៅរបស់ពួកគេ ដែលជាការសង្កត់សង្កិនរបស់ចក្រភពរ៉ូម៉ាំង។ ពួកគេក៏បានស្រែកឡើងថា “ហូសាណា ដល់ព្រះវង្សហ្លួងដាវីឌ ព្រះអង្គដែលយាងមកដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត!(ម៉ាថាយ ២១:៩)។ នេះជាពេលដែលពួកគេកំពុងរង់ចាំ។ ព្រះមហាក្សត្រដែលព្រះបានចាត់តាំង បានយាងមកហើយ។ បើសិនជាព្រះដ៏ប្រោសលោះ ត្រូវចាប់ផ្តើមធ្វើកំណែរទម្រង់ផ្នែកនយោបាយ សម្រាប់ពួកគេ តើព្រះអង្គនឹងចាប់ផ្តើមដោះស្រាយបញ្ហាខាងក្រៅទាំងនោះឬទេ? ប៉ុន្តែ កណ្ឌគម្ពីរដំណឹងល្អភាគច្រើនបានចែងថា “ក្បួនដង្ហែរនៃជ័យជម្នះ ចូលទីក្រុងយេរូសឡិម” គឺបានកើតឡើង មុនពេលព្រះយេស៊ូវបណ្តេញពួកអ្នករកស៊ីដូរលុយ ចេញពីព្រះវិហារ(ខ.១២-១៣)។ ព្រះអង្គកំពុងតែសម្អាតផ្ទះរបស់ទ្រង់ ពីក្នុងមកក្រៅ។
ពេលដែលយើងស្វាគមន៍ព្រះយេស៊ូវ ធ្វើជាស្តេច នោះព្រះអង្គនឹងធ្វើឲ្យអ្វីៗមានការផ្លាស់ប្រែ ហើយព្រះអង្គក៏ចាប់ផ្តើមពីយើងទៅ។ ព្រះអង្គនាំយើងប្រឈមមុខដាក់ការអាក្រក់ នៅខាងក្នុង។ ព្រះយេស៊ូវយាងចូលទីក្រុង ដោយគង់នៅលើខ្នងសត្វលា គឺបានទទួលការស្វាគមន៍ ជានិមិត្តសញ្ញានៃសន្តិភាព ប៉ុន្តែ គោលដៅរបស់ព្រះអង្គ គឺដើម្បីឲ្យខ្មាំងសត្រូវព្រះអង្គចុះចាញ់ ដោយគ្មានលក្ខខណ្ឌ។ ព្រះយេស៊ូវដែលជាព្រះមហាក្សត្ររបស់យើង ក៏តម្រូវឲ្យយើងចុះចូលព្រះអង្គផងដែរ។—Glenn Packiam